
WBID i4.0 SME Cluster នេះមានប្រព័ន្ធអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធពេញលេញ មាជាអាត ហេត្ថារចនាសម្ព័ន្ធផ្សេងៗ, ទីធ្លាផលិតកម្ម/រោងចក្ររសម្រាប់ SME, សម្ភារៈបរិក្ខា, មជ្ឈមណ្ឌល់ឡូជីស្តិចនិងសេវាឡូជីស្តិច, ទីតាំងសម្រាប់ជួលផ្សេងៗ, ទីតាំងសេវាកម្មអាជីវកម្មសម្រាប់ SME (ឧ. ច្រកចេញចូលតែមួយ), មជ្ឈមណ្ឌលស្រាវជ្រាវនិង អភិវឌ្ឍន៍ ជាដើម។ ហើយ SME ណាដែលស្ថិតនៅក្មុង WBID i4.0 SME Cluster នឹងទទួលបានការលើកទឹកចិត្តពន្ធដា (ពន្ធលើប្រាក់ចំណេញ ពន្ធកាត់ទុក ពន្ធបង់មុន (pre-paid tax) ពន្ធកាត់កងលើការចំណាយ) និងពន្ធគយ (ពន្ធនាំចូលវត្ថុធាតុដើមនិងពាក់កណ្តាលសម្រេច ពន្ធនាំចូលសម្ភារៈបរិក្ខាសម្រាប់ផលិតកម្ម ជាដើម) ព្រមទាំងការលើកទឹកចិត្តផ្សេងៗទៀត។

ជារួម SMEs អាចចាប់ផ្តើមផលិតកម្មដែលមានស្រាប់ ឬផលិតកម្មថ្មីបានភ្លាមៗក្នុងរយៈពេលខ្លីនៅក្នុង WBID i4.0 SME Cluster (Plug and Play) ជាមួយចំណាយវិនិយោគ និងចំណាយប្រតិបត្តិការទាបដែលមិនធ្លាប់មាន។
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍ និងការលើកទឹកចិត្តដល់ SME ដែលនៅក្នុងបណ្ដុំសហគ្រាសធុនតូច និងមធ្យម WBID i4.0 SME Cluster ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា នេះគឺជាលើកទី១ហើយ នៅក្នុងប្រទេសកម្ពុជា ដែលមានបណ្ដុំសហគ្រាសធុនតូច និងមធ្យម ឬ SME Cluster កម្រិតស្ដង់ដារអន្តរជាតិ ហើយឯកឧត្តមរំពឹងថា តាមរយៈ SME Cluster វារួមចំណែកជួយដោះស្រាយបញ្ហារបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាបានមួយកម្រិត។

បើតាម ឯកឧត្តម ផាន់ ផល្លា វិស័យសហគ្រាសធុនតូច និងមធ្យមជាវិស័យសក្តានុពលមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រជំរុញកំណើនសេដ្ឋកិច្ច ខណៈវាបានរួមចំណែកប្រមាណ៩៥% នៅក្នុងសេដ្ឋកិច្ច។ ឯកឧត្តម ក៏បានលើកទឹកចិត្តឲ្យវិស័យឯកជន រួមគ្នាក្នុងការអភិវឌ្ឍវិស័យ SME នៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រោះវិស័យនេះ មិនបានរីកចម្រើនទៅមុខបានឡើយបើគ្មានការចូលរួមពីវិស័យឯកជន។
ជាមួយគ្នានេះ អ្នកឧកញ៉ា សៀវ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុបកត់សម្គាល់ឃើញថា វិស័យ SME បច្ចុប្បន្ន កំពុងបានរួមចំណែក និងដើរតួនាទីសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ថែមទាំងជាឆ្អឹងខ្នងសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ អ្នកឧកញ៉ា សៀវ ឬទ្ធី យល់ឃើញថា ការអភិវឌ្ឍន៍វិស័យ SME ដែលមានភាពរឹងមាំ គឺជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដូច្នេះទើបការអភិវឌ្ឍវិស័យ SME នៅតែជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលសម្រាប់អណត្តិទី៧នេះ។ អ្នកឧកញ៉ា សៀ ឬទ្ធី លើកទឹកចិត្តឲ្យម្ចាស់សហគ្រាសធុនតូច និងមធ្យមទំាងអស់ ចូលជាសមាជិកសហព័ន្ធបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានឱកាសខ្ពស់ក្នុងការធ្វើអាជីវកម្ម។
