នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានជាមួយចិន កូរ៉េ ជប៉ុន អូស្ត្រាលី ឥណ្ឌា និងកាណាដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសក្នុងតំបន់ និងប្រទេសគូអាស៊ាន តាមរយៈការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្មដែលកំពុងលេចឡើងថ្មីៗ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការតភ្ជាប់ជាដើម។ តួយ៉ាងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ សម្តេចធិបតី សង្ឃឹមថា អាស៊ាននឹងទទួលបានផលប្រយោជន៍ពីការចូលទៅកាន់ទីផ្សាដ៏ធំរបស់ចិនបានកាន់តែល្អ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។
នៅចំពោះមុខថ្នាក់ដឹកនាំទាំងនោះ សម្តេចធិបតីអះអាងថា បច្ចុប្បន្នកម្ពុជាកំពុងធ្វើទំនើបកម្មវិស័យកសិកម្ម ហើយកម្ពុជាគាំទ្រការអភិវឌ្ឍកសិកម្មឆ្លាតវៃ និងភូមិឌីជីថល ដូចដែលបានចែងក្នុងសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មកាលពីឆ្នាំមុន និងបានស្វាគមន៍ការអនុម័តសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិន ស្តីពីការលើកកម្ពស់ការអភិវឌ្ឍកសិកម្មឆ្លាតវៃនៅឆ្នាំនេះ។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ នឹងធានាថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងនៅតែមានសារសំខាន់ មានការឆ្លើយតប ទំនើប និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ទន្ទឹមនេះ ចំពោះការលើកកម្ពស់ការតភ្ជាប់តំបន់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យអាស៊ាន និងកូរ៉េ ពន្លឿនការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-កូរ៉េ ដែលនឹងជួយជំរុញការផ្លាស់ប្តូរទេសចរណ៍។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ សម្តេចធិបតី បានកោតសរសើរចំពោះការរួមចំណែករបស់ជប៉ុនក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងបានទន្ទឹងរង់ចាំការសម្រេចបាននូវកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ជប៉ុន ដែលកាន់តែមានលក្ខណៈសេរី និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលនឹងសម្រួលដល់លំហូរពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ទន្ទឹមនេះ សម្តេចធិបតី បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការជួយដល់អាស៊ានក្នុងការកាត់បន្ថយកាបូន និងបានលើកទឹកចិត្តជប៉ុនឱ្យរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងបណ្តាញអគ្គីសនីអាស៊ាន។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៤ សម្តេចធិបតី បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ហើយកម្ពុជាបានស្វាគមន៍ការដាក់ឱ្យអនុវត្តនូវឯកសារយុទ្ធសាស្តសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឆ្ពោះទៅឆ្នាំ២០៤០ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។
ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១វិញ សម្តេចធិបតី បានជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន តាមរយៈការផ្លាស់ប្តូរជំនាញថ្មីៗ និងការបំប៉នជំនាញនានាដែលមានសារសំខាន់ក្នុងការពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម។ សម្ដេចធិបតី ក៏បានលើកឡើងដែរថា អាស៊ាននិងឥណ្ឌ គួរបង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅលើថាមពលកកើតឡើងវិញ, ថាមពលបៃតង និងថាមពលបញ្ចេញកាបូនទាប ដោយប្រើប្រាស់ជំនាញបច្ចេកទេស និងបច្ចេកវិទ្យារបស់ឥណ្ឌា។ ចំពោះការតភ្ជាប់ក្នុងតំបន់ សម្ដេចធិបតី បានកត់សម្គាល់ដោយពេញចិត្តចំពោះការដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដេលី ដែលអាចជួយជំរុញទេសចរណ៍ទ្វេភាគី ចំពេលនឹងការកំណត់យកឆ្នាំ ២០២៥ ជា«ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា»។
យ៉ាងណាមិញ នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា សម្ដេចធិបតីបានសង្កត់ធ្ងន់ពីតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ព្រមទាំងលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ សម្តេចធិបតី បានជំរុញសម្រេចឱ្យបាននូវការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។ បន្ថែមពីនេះ សម្តេចធិបតី ក៏បានជំរុញឱ្យមានការពង្រឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា ដើម្បីផ្ដល់វេទិកាសម្រាប់វិស័យឯកជនផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ស្វះស្វែងរកឱកាសអាជីវកម្ម កៀរគរមូលនិធិ និងកសាងបណ្តាញទំនាក់ទំនងនានា។
គួរជម្រាបថា នៅឯកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៧ កិច្ចប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០២៣-២០២៧)។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ជាថ្មីនូវតួនាទីដ៏សំខាន់នៃយន្តការអាស៊ានបូកបី ក្នុងការជំរុញការកសាងសហគមន៍តំបន់ និងការជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ ដោយមានអាស៊ានជាកម្លាំងចលករ។ កិច្ចប្រជុំបានអនុម័ត «សេចក្ដីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ានបូកបីស្តីពីការពង្រឹងការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់« គាំទ្រមូលបទឆ្នាំនេះ ស្តីពីការពង្រឹងភាពធន់សាមគ្គីភាព និងចីរភាពតំបន់ ដើម្បីធ្វើឱ្យអាស៊ានក្លាយជាអង្គការមួយដែលស្វាហាប់ និងបុរេសកម្មដែលមានសមត្ថភាពបន្សំនឹងគ្រោះកាចនានា នាពេលអនាគត៕