ដ្បិតបរធនបាលកិច្ច ជាវិស័យថ្មីមួយសម្រាប់កម្ពុជា

តើអ្វីជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា?


ដ្បិតបរធនបាលកិច្ច ជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែវិស័យនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ តែយ៉ាងណាវិស័យនេះនៅតែជួបបញ្ហាប្រឈមមួយចំនួនក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន។ តើអ្វីជាបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា?
ដ្បិតបរធនបាលកិច្ច ជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែ
ដោយ

នាសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ចឆ្នាំ២០២៥-២០៣៥» នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចបានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ចមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ តួយ៉ាងគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៥នេះ ការចុះបញ្ជីក្នុងបរធនបាលកិច្ចមានការកើនឡើងរហូតដល់ជាង១ពាន់២រយករណី ជាមួយនឹងទំហំប្រតិបត្តិការប្រមាណជាង១ពាន់៧រយលានដុល្លារ បើធៀបនឹងកាលពីឆ្នាំ២០២១ ដែលមានតែ១៧ករណីជាមួយទំហំប្រតិបត្តិការចំនួន១៥៦លានដុល្លារ។ ទោះបីវិស័យបរធនបាលកិច្ចមានការរីកចម្រើនឆាប់រហ័សយ៉ាងណាក្តី ប៉ុន្តែវិស័យនេះនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការយល់ដឹងជាសាធារណៈ ធនធានមនុស្ស និងក្របខ័ណ្ឌបទបញ្ញត្តិពាក់ព័ន្ធនៅមានកម្រិតជាដើម។

បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំរូបនេះ ដើម្បីឆ្លើយតបនឹងនិន្នាការនៃការអភិវឌ្ឍបច្ចុប្បន្ន និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា និយ័តករបរធនបាលកិច្ចបានដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍវិស័យបរធនបាលកិច្ចឆ្នាំ២០២៥-២០៣៥ ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ដោយក្នុងនោះមានយុទ្ធសាស្រ្តអាទិភាពចំនួន៤ រួមមានការអភិវឌ្ឍទីផ្សារ ប្រតិបត្តិករ និងផលិតផលបរធនបាលកិច្ចថ្មីៗ, ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួម, ការបង្កើតយន្តការគ្រប់គ្រង និងប្រតិបត្តិការតាមនវានុវត្តបច្ចេកវិទ្យា និងការជំរុញនិងពង្រឹងការអនុវត្តច្បាប់ជាដើម។

ជាមួយគ្នានេះឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ស្របពេលកម្ពុជាកំពុងត្រៀមប្រឈមមុខនឹងឥទ្ធិពលនៃបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យរក្សាបាននូវភាពរីកចម្រើន គឺជាកត្តាចាំបាច់បំផុត ជាក់ស្តែងដូចជានៅក្នុងវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ គឺកំពុងគិតគូរធ្វើបច្ចុប្បន្នភាពរបស់ខ្លួនក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចនេះ។

គួរជម្រាបថា គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរធនបាលចំនួន១៤ និងផ្តល់អាជ្ញាបណ្ណផ្តល់សេវារក្សាទុក និងសេវារក្សាសុវត្ថិភាពដល់ធនាគារពាណិជ្ជចំនួន២៦។ បន្ថែមលើនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណបរធនបាលរូបវ័ន្តបុគ្គលបានចំនួន៦៩រូប ក្នុងនោះ៣១រូបជាបរធនបាលរូបវ័ន្តបុគ្គលឯករាជ្យ និង៣៨រូបផ្សេងទៀតជាបរធនបាលរូបវ័ន្តបុគ្គលក្រោមឆ័ត្ររបស់ក្រុមហ៊ុនបរធនបាល។ ជាមួយគ្នានេះ ស្ថាប័ននេះ ក៏បានផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៧ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ចចំនួន ១៥ផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន




អត្ថបទបន្ទាប់


ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និង ជីអូលីង គ្រុប: ភាពជាដៃគូរយៈពេល ២៥ឆ្នាំដែលជំរុញការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាពក្នុងវិស័យភស្តុភារ

ភ្នំពេញ, កម្ពុជា - ភាពជាដៃគូរយៈពេល ២៥ ឆ្នាំរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន ដឹកជញ្ជូន និងភស្តុភារក្នុងស្រុក ជីអូលីង គ្រុប …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ