ការចិញ្ចឹមគោ

ដង្ខៅគោនៅខេត្តត្បូងឃ្មុំម្នាក់ ផ្ដើមរបរចិញ្ចឹមគោពី៧ក្បាល កើនដល់៤៣០ក្បាល ត្រឹមរយៈពេល៨ឆ្នាំ


លោក ហ៊ួត លាង ដែលជាដង្ខៅគោមួយរូបនៅក្នុងខេត្តត្បូងឃ្មុំ កំពុងទទួលបានជោគជ័យខ្លាំងលើមុខរបរចិញ្ចឹមគោនេះ ដោយក្នុងមួយឆ្នាំៗ គាត់អាចរកបានប្រាក់ចំណេញដល់ទៅ ៥ ទៅ៦ម៉ឺនដុល្លារអាមេរិកឯណោះ។ បើតាមការបញ្ជាក់ពី ដង្ហៅគោរូបនេះ បានឲ្យដឹងថា ដំបូងឡើយលោកចិញ្ចឹមគោត្រឹមតែ៧ក្បាលប៉ុណ្ណោះ ប៉ុន្ដែរហូតមកដល់ឥឡូវនេះ គោរបស់គាត់បានកើនឡើងដល់ ៤៣០ក្បាល ត្រឹមរយៈតែ៨ឆ្នាំប៉ុណ្ណោះ។
ដង្ខៅគោនៅខេត្តត្បូងឃ្មុំម្នាក់ ផ្ដើមចិញ្ចឹមគោពី៧ក្បាល កើនដល់៤៣០ក្បាល ត្រឹមរយៈពេល៨ឆ្នាំ
ដោយ

មុខរបរចិញ្ចឹមគោ ជារបរប្រពៃណីមួយរបស់ប្រជាពលរដ្ឋខ្មែរ តាំងយូរយារណាស់មកហើយ ដោយកាលពីមុនគេចិញ្ចឹមដើម្បីប្រើជាកម្លាំងអូសទាញ ធ្វើស្រែចំការ ប៉ុន្តែក្រោយមក ការងារស្រែចំការនេះត្រូវបានជំនួសស្ទើរតែទាំងស្រុង ដោយកម្លាំងគ្រឿងយន្តវិញម្តង។ បើទោះជាបែបនេះក្ដី ក៏ប្រជាកសិករមួយចំនួនមិនបានបោះបង់ចោលការចិញ្ចឹមគោនោះទេ ដោយកែប្រែពីការចិញ្ចឹមបែបលក្ខណៈគ្រសារ មកចិញ្ចឹមធ្វើអាជីវកម្មវិញ មានន័យថា ជាការចិញ្ចឹមគោ យកសាច់ ដោយសារតម្រូវការសាច់គោមានការកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្លៃសាច់គោក៏មានខ្ពស់ជាងសាច់ជ្រូក មាន់ ទារផងដែរ។

ដង្ខៅគោ ហ៊ួត លាង មានវ័យជាង៥០ ឆ្នាំ គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមគោ ៤៣០ក្បាល នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែ ខេត្តត្បូងឃ្មុំ ។ កសិដ្ឋានរបស់លោក ហ៊ួត លាង ជាកសិដ្ឋានដែលធំជាងគេនៅក្នុងខេត្តត្បូងឃ្មុំដែលទើបតែបង្កើតថ្មីមួយនេះ ។

កាលពីឆ្នាំ២០១៣ លោក ហ៊ួត លាង បានចាប់ផ្តើមមុខរបរចិញ្ចឹមគោដំបូង ជាមួយនឹងគោចំនួន០៧ក្បាល ដែលកាលនោះ របរចិញ្ចឹមគោរបស់លោក ហាក់មិនសូវកាក់កបនោះទេ ដោយសារតែការចិញ្ចឹមតាមបែបធម្មជាតិ ដែលការចិញ្ចឹមនោះ គឺព្រលែងឲ្យដើរស៊ីស្មៅនៅតាមទីវាល ពាសវាល ពាសកាល មិនបានយកចិត្តទុកដាក់លើការចាក់វ៉ាក់សាំងការពារជំងឺ មិនបានដាក់ថ្នាំទម្លាក់សត្វល្អិត មិនបានធ្វើជីវសុវត្ថិភាព មិនបានលាងទឹកថែទាំគោឲ្យបានដិតដល់ទេ ប្រការនេះ វាតែងតែបង្កឲ្យមានជំងឺ បណ្ដាលឲ្យគោងាប់ជាបន្តបន្ទាប់ ហើយក៏មិនសូវបានលក់ដូរនោះទេ។ 

លោក ហ៊ួត លាង ដង្ខៅគោ​ខេត្ត​ត្បូងឃ្មុំ [រូបពាក់អាវការ៉ូ ] (រូបភាព៖ មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ)

ក្រោយមក ដង្ហៅគោរូបនេះ ចាប់ផ្តើមកែប្រែពីរបៀបចិញ្ចឹមតាមបែបច្ចេកទេស ដោយបានធ្វើចាប់ផ្ដើមពីសត្វគោ ៧ក្បាល រហូតកើនដល់៤៣០ក្បាល ក្នុងរយៈពេល៨ឆ្នាំប៉ុណ្ណោះ។

ការចិញ្ចឹមគោរបស់លោកបានកើនឡើងដល់ទៅជាង៤០០ក្បាលនេះ ក៏ដោយសារតែការចិញ្ចឹមរបស់លោក គឺមានការចិញ្ចឹមគោពីកូនតូចផង និង ចិញ្ចឹមគោបែបទិញចូល រួចថែបំប៉នឲ្យធាត់ពេញសាច់ផង ដើម្បីលក់ចេញទៅវិញ។ ការលក់គោចេញ ទិញគោចូលបែបនេះ ហើយដែលធ្វើឲ្យលោក​ទទួលបាន​ផលចំណេញ និងបង្កើន​​ចំនួន​គោក្នុងកសិដ្ឋាន​កាន់តែច្រើន។

តើកត្តាអ្វីខ្លះ បានជំរុញ​ឲ្យលោក ហ៊ួត លាង កែប្រែរបៀបចិញ្ចឹមគោ រហូតធ្វើឲ្យចំនួនគោកើនឡើងច្រើនបែបនេះ?

កត្តាមួយទៀតដែលធ្វើឲ្យការចិញ្ចឹមគោ របស់លោក ហ៊ួត ថន ជោគជ័យ គឺ ការដាំស្មៅចំណីគោដែលមានផ្ទៃដីដល់ទៅ ៦ហិកតា ក្នុងចំណោមផ្ទៃដីសរុបរបស់លោក ១០ហិកតា ដែលស្មៅដែលដាំបានហើយ ត្រូវលាយជាមួយចំណីសម្រេច កាកសំណល់ពីការផលិតស្រាបៀរ និងដំឡូងមី ដើម្បីឲ្យគោលូតលាស់បានល្អ និងឆាប់បានលក់។ 

ក្នុងការចិញ្ចឹមគោចំនួនច្រើនបែបនេះ ចំពោះការចំណាយវិញក៏មិនធម្មតាដែរ ដោយក្នុងនោះ លោក ហ៊ួត លាង ត្រូវប្រើកម្លាំងពលកម្មជាង១០នាក់ ដើម្បីមើលថែទាំគោ និងដាំស្មៅ ដែលចំណាយប្រមាណ១៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយការចិញ្ចឹមគោនេះ មាន ២ប្រភេទ គឺការចិញ្ចឹមបំប៉នគោបាក់កម្លាំង និងការបង្កាត់គោយកកូន។ ក្រោយទូទាត់ការចំណាយ លោកអះអាងថា របរចិញ្ចឹមគោនេះ បានផ្ដល់ប្រាក់ចំណេញប្រហែល៥ ទៅ៦ម៉ឺន ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយចំណូលទាំងនេះ ធ្វើឲ្យជីវភាពគ្រួសារលោកប្រសើរឡើងជាលំដាប់ ព្រោះគ្រាន់តែ លាមកគោ ក៏លោកបានប្រមូលទុកលក់ ដែលអាចបានប្រមាណ ៨០លានរៀលក្នុងមួយឆ្នាំផងដែរ។

នៅគ្រាដែលអាជីវកម្មជាច្រើនបានជាប់គាំង  អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ក៏ដូចជាការហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត កាលពីពេលកន្លងទៅ មុខរបរចិញ្ចឹមគោរបស់លោក ហ៊ួត លាង បែរជាកាន់តែកាក់កបកាន់តែខ្លាំង ដោយរកគោលក់ស្ទើរតែមិនបាន ដោយអតិថិជនខ្លះ ត្រូវកក់មុន ទើបមានគោលក់ឲ្យ ដែលគោមួយក្បាលតម្លៃចាប់ពី ៣លាន ៥សែនរៀលឡើងទៅ។

កសិដ្ឋានចិញ្ចឹមគោ របស់លោក ហ៊ួត លាង (រូបភាព៖ មន្ទីរកសិកម្ម​ខេត្ត​ត្បូងឃ្មុំ)

សព្វថ្ងៃនេះលោក ហ៊ួត លាង អាចលក់គោបានជាមធ្យមចំនួន ជាង១០០ក្បាល ក្នុងមួយខែ ដែលតម្លៃគោរស់លក់ចេញ ១៤ ៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈដែលពេលទិញចូលតម្លៃ ១៣ ៨០០រៀលក្នុងមួយគីឡូក្រាម ។ មិនបញ្ឈប់ត្រឹមតែប៉ុណ្ណេះទេ លោក ហ៊ួត លាង ប្តេជ្ញាថា នឹងពង្រីកឲ្យបានកាន់តែធំថែមទៀត ដោយគ្រោងនឹងចិញ្ចឹមគោឲ្យបានរាប់ពាន់ក្បាលនាពេលអនាគត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រជាង២០០ បើកដំណើរការឡើវិញ បានស្រូបទាញកម្លាំងពលកម្មជាង៧ម៉ឺននាក់ឲ្យចូលធ្វើការ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជាបានឲ្យដឹងថា គិតរហូតមកដល់ថ្ងៃទី ១៨ ខែឧសភា មានរោងចក្រជាង២០០ បានបើកដំណើរការឡើងវិញ និងបានអនុញ្ញ…

អគ្គនាយក CSX បារម្ភថាកូវីដ-១៩អូសបន្លាយ អាចប៉ះពាល់ផែនការចុះបញ្ជីក្រុមហ៊ុនថ្មីៗនៅឆ្នាំនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជា (CSX)បានបញ្ជាក់ប្រាប់ខេមបូណូមីសថា នៅដើមឆ្នាំនេះ២០២១នេះ ទោះបីជាកូវីដ-១៩ ឆ្លងរាតត្បាតខ្លាំង តែការជួញដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ