យ៉ាងណាមិញ សម្រាប់អ្នកជំនាញនៅក្នុងវិស័យកសិកម្ម ក៏បានអះអាងដែរថា នៅប៉ុន្មានខែចុងក្រោយនេះ វិស័យកសិកម្មហាក់មានសភាពទ្រឹង ខណៈដែលការនាំចេញកសិផលមួយចំនួនមានការថយចុះ ពិសេសផ្លែស្វាយតែម្ដង។
ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងពីបញ្ហាប្រឈមក្នុងវិស័យកសិកម្មថា ប្រព័ន្ធកសិកម្មកម្ពុជា តែងតែទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ពីបាតុភូតធម្មជាតិនៃបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ និងជំងឺឆ្លងលើដំណាំផ្សេងៗ។ លើសពីនេះ ជំងឺឆ្លងសត្វ ក៏បានដាក់បន្ទុកធ្ងន់ធ្ងរដល់ការវិវត្តន៍កសិកម្មមួយផ្នែកផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានគូសបញ្ជាក់ទៀតថា ហេដ្ឋារចនាគាំទ្រផលិតកម្មក្នុងស្រុក មិនទាន់បានបំពេញគ្រប់គ្រាន់ទៅតាមតម្រូវការ ហើយការវិនិយោគលើការកែច្នៃកសិផល ក៏នៅមានកម្រិតនៅឡើយ។
ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញក្នុងវិស័យកសិកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករ កម្ពុជា បានកត់សម្គាល់ឃើញថា រយៈពេលចុងក្រោយនេះ វិស័យកសិកម្ម ហាក់មានភាពទ្រឹងពិសេសទីផ្សារស្វាយស្រស់ តែម្ដង។ បើតាមឧកញ៉ា ហ៊ុន ឡាក់ បញ្ហាបម្រែបម្រួលអាកាសធាតុ ក៏បាននិងកំពុងគំរាមកំហែង ដល់វិស័យកសិកម្ម នាឆ្នាំនេះ ផងដែរ ដោយលោកបានបន្តថា វិស័យកសិកម្មឆ្នាំនេះ មិនត្រឹមតែជួបបញ្ហាអាកាសធាតុទេ តម្លៃថ្លៃដើមផលិត ក៏កាន់តែកើនខ្ពស់ផងដែរ។ ទោះជាបែបនេះក្ដី ឧកញ៉ា ហ៊ុន ឡាក់ បានសង្កត់ធ្ងន់ថា វិស័យកសិកម្ម នៅមានភាពធន់នៅឡើយ ដោយសារតែតម្លៃកសិផលដទៃក្រៅពីផ្លែស្វាយស្រស់ នៅតែមានស្ថិរភាព នៅឡើយ។
ដោយឡែក លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែបង្ហាញពីការព្រួយបារម្ភ ចំពោះបញ្ហានានាដែលកើតមាន ក្នុងវិស័យកសិកម្ម ដូចជា អាកាសធាតុប្រែប្រួល, តម្លៃជី ថ្នាំកសិកម្ម ការខ្វះរោងចក្រកែច្នៃ និងតម្លៃកសិផល ជាដើម។ ក៏ប៉ុន្តែ សម្រាប់លោក អួន ស៊ីឡុត បញ្ហាបម្រែបម្រួលអាកាសធាតុ នៅតែជាបញ្ហាប្រឈមខ្លាំង ក្នុងវិស័យកសិកម្ម ពិសេសក្នុងខ្សែច្រវ៉ាក់ផលិតកម្មដំណាំស្វាយចន្ទី តែម្ដង ដែលដំណាំសក្ដានុពលមួយសម្រាប់នាំចេញ។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ហាទាំងនេះ អាចនឹងប៉ះពាល់ដល់វិស័យកសិកម្មទាំងមូល ក្នុងឆ្នាំ២០២២នេះ ថែមទាំងអាចអូសបន្លាយដល់ឆ្នាំក្រោយផងដែរ។
សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញផលិតផលកសិកម្ម ជិត៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ជិត ៥ពាន់លានដុល្លារ មានការកើនឡើង ៦៣% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ដោយឡែក រយៈពេល ២ខែដំបូង ក្នុងឆ្នាំ២០២២នេះ កម្ពុជា បាននាំចេញកសិផលសរុបជិត ២លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការកើនឡើងជិត១០ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នា។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕