
តើស៊ុយអែតចងលក្ខខណ្ឌអ្វីខ្លះសម្រាប់កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ឱ្យថៃ?
យោងតាមរដ្ឋបាលគ្រប់គ្រងសព្វាវុធការពារជាតិ ស៊ុយអែត ដែលស្ថិតក្រោមចំណុះក្រសួងការពារជាតិ ស៊ុយអែត បានឱ្យដឹងថា ស៊ុយអែត បានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ចំនួន៤គ្រឿងឱ្យទៅប្រទេសថៃ ក្នុងតម្លៃ៥៥៦លានដុល្លារអាម៉េរិក ក្នុងនោះ ៣គ្រឿងជាធុន Gripen E និងមួយគ្រឿងទៀតជាធុន Gripen F។ ស៊ុយអែត បានបញ្ជាក់ថា ការលក់យន្តហោះចម្បាំង Gripen ឱ្យថៃ ក្នុងតម្លៃ៥៥៦លានដុល្លារនេះជាតម្លៃជាកញ្ចប់ ដែលរួមមានទាំងកញ្ចប់ប្រព័ន្ធជួយគាំទ្រ និងការបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ និងថែទាំផងដែរ ហើយថា ខ្លួនគ្រោងនឹងប្រគល់យន្តហោះចម្បាំងទាំងនេះនៅចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។
លោក មីខាអែល ហ្គ្រេនហូល (Mikael Granholm) អគ្គនាយករដ្ឋបាលគ្រប់គ្រងសព្វាវុធការពារជាតិ ស៊ុយអែត បាននិយាយថា កិច្ចព្រមព្រៀងនេះពង្រឹងឱកាសអភិវឌ្ឍន៍រយៈពេលវែងសម្រាប់យន្តហោះចម្បាំងស៊ុយអែត។ ទន្ទឹមនេះ សាប (Saab) ដែលជាក្រុមហ៊ុនផលិតយន្តហោះ Gripen បានអួតសរសើរពីកេរ្តិ៍ឈ្មោះរបស់យន្តហោះ Gripen ថា វាមានភាពរហ័សរហួន តម្លៃសមរម្យ និងសមត្ថភាពប្រតិបត្តិការកម្រិតខ្ពស់ ជាពិសេសនៅក្នុងកងកម្លាំងអាកាសតូចៗ។
សូមបញ្ជាក់ថា ប្រទេសថៃ មានយន្តហោះចម្បាំង Gripen C/D ចាស់ៗចំនួន១២គ្រឿងរួចទៅហើយ ដូចនេះបូកទាំងការទិញយន្តហោះ Gripen ថ្មីៗទាំងនេះ គឺថៃនឹងមានយន្តហោះ Gripen សរុប១៦គ្រឿង ហើយនេះមិនទាន់បូកបញ្ចូលយន្តហោះចម្បាំងរាប់សិបគ្រឿងផ្សេងទៀតដូចជា F-16 នោះទេ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះធ្វើឡើងក្រោមការឃ្លាំមើលយ៉ាងដិតដល់ នៃច្បាប់គ្រប់គ្រងការនាំចេញយ៉ាងតឹងរ៉ឹងរបស់ស៊ុយអែត។
អធិការកិច្ចផលិតផលយុទ្ធសាស្ត្រ (ISP) នៃប្រទេសស៊ុយអែត បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងលក់សព្វាវុធណាមួយ ជាពិសេសពាក់ព័ន្ធនឹងយន្តហោះចម្បាំងត្រូវបានធ្វើឡើងដោយឆ្លងកាត់ការវាយតម្លៃយ៉ាងហ្មត់ចត់អំពីបញ្ហាសិទ្ធិមនុស្ស និងភូមិសាស្ត្រនយោបាយ។ លក្ខខណ្ឌដ៏តឹងរ៉ឹងដែលទាក់ទងនឹងការលក់យន្តហោះចម្បាំង Gripen ដាក់កម្រិតលើការប្រើប្រាស់របស់វាសម្រាប់គោលបំណងការពារជាតិ តែប៉ុណ្ណោះ គឺមិនមែនប្រើសម្រាប់ឈ្លានពានប្រទេសដទៃនោះឡើយ ដោយអនុលោមតាមច្បាប់អន្តរជាតិ និងស្តង់ដាមនុស្សធម៌។
អធិការកិច្ចផលិតផលយុទ្ធសាស្ត្រ នៃប្រទេសស៊ុយអែត ក៏រក្សាសិទ្ធិក្នុងការផ្អាក ឬដកហូតអាជ្ញាបណ្ណនាំចេញផងដែរ ប្រសិនបើយន្តហោះចម្បាំងទាំងនោះត្រូវបានប្រើប្រាស់បំពានលក្ខខណ្ឌទាំងនេះ រួមទាំងការវាយប្រហារលើគោលដៅជនស៊ីវិល ឬការឈ្លានពាននៅក្នុងតំបន់ព្រំដែនដែលមានជម្លោះផងដែរ។
ទោះជាយ៉ាងណា សង្គ្រាមឈ្លានពានកម្ពុជា រយៈពេល៥ថ្ងៃ កងទ័ពថៃ បានប្រើប្រាស់យន្តហោះ Gripen ទម្លាក់គ្រាប់បែកចូលជ្រៅមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏មិនឃើញស៊ុយអែត ចេញមុខរិះគន់ថៃ ហើយនៅតែលក់យន្តហោះចម្បាំង Gripen ឱ្យថៃ បន្ថែមទៀត៕
ដោយ: តែម សុខុម