លោក សៅខៃ ហ្វាន (Shaokai Fan) ប្រធានផ្នែកនៅស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក ដែលជាអង្គការឃ្លាំមើលការវិវឌ្ឍនៃទីផ្សារសម្រាប់ឧស្សាហកម្មមាស ដែលមានការិយាល័យកណ្ដាលនៅប្រទេសអង់គ្លេស ទទួលបន្ទុកឃ្លាំមើលធនាគារកណ្ដាលពិភពលោកបានឱ្យដឹងថា ស្របពេលតម្រូវការដុំមាស និងកាក់មាសនៅទូទាំងពិភពលោកធ្លាក់ចុះ៩% តម្រូវការមាសនៅក្នុងប្រទេសថៃ បែរជាកើនឡើងរហូតដល់ទៅ១៥% នៅត្រីមាសទី៣ ឆ្នាំ២០២៤ទៅវិញ ដែលធ្វើឱ្យប្រទេសថៃ ក្លាយជាអ្នកទិញមាសច្រើនជាងគេនៅអាស៊ីអាស៊ីអាគ្នេយ៍។
អ្នកជំនាញរូបនេះបានលើកឡើងថា តម្រូវការមាសរបស់អ្នកប្រើប្រាស់បានកើនឡើងគួរឱ្យកត់សម្គាល់នៅពេញមួយឆ្នាំ២០២៤ ដោយមាសបានក្លាយជាទ្រព្យសកម្មដ៏ពេញនិយមសម្រាប់អ្នកវិនិយោគថៃ អំឡុងពេលស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេសនេះ ស្ថិតក្នុងភាពមិនប្រាកដប្រជា។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ អ្នកវិនិយោគថៃ ទិញមាសទុក ដើម្បីបង្ការហានិភ័យ និងដើម្បីបានចំណេញក្នុងរយៈពេលវែង ខណៈដែលការវិនិយោគលើដុំមាស និងកាក់មាសនៅតែរឹងមាំខ្លាំង។
ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក បានកត់សម្គាល់ថា ហាងឆេងមាសនៅទូទាំងពិភពលោក បានហក់ឡើងខ្លាំងរហូតដល់ទៅ២៥,៥% នៅក្នុងឆ្នាំ២០២៤ ដោយវ៉ាដាច់ទ្រព្យសកម្មសំខាន់ៗទាំងអស់ ដោយសារមាសជាទ្រព្យសកម្មមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់ការពារហានិភ័យសេដ្ឋកិច្ច ជាពិសេសអំឡុងពេលបញ្ហាភូមិសាស្ត្រនយោបាយពិភពលោក ស្ថិតក្នុងភាពមិនប្រាកដប្រជា ហើយទីផ្សារមានការប្រែប្រួលខ្លាំង៕
ដោយ: តែម សុខុម