វិស័យសេដ្ឋកិច្ច

តើមានកត្តាអ្វីខ្លះធ្វើឱ្យម៉ាឡេស៊ី នៅតែមិនអាចរើខ្លួនចេញពីអន្ទាក់ប្រាក់ចំណូលមធ្យម?


បញ្ហាអន្ទាក់«ចំណូលមធ្យម»បានក្លាយជាចំណោទសម្រាប់ប្រទេសម៉ាឡេស៊ី ប៉ុន្តែនៅពេលនេះ ក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង នឹងឫសគល់ នៃបញ្ហាដែលធ្វើឱ្យខ្លួនមិនអាចរើខ្លួនចេញពីអន្ទាក់នេះបាន។ ជាក់ស្តែង ក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី បានកំណត់អត្តសញ្ញាណនៃបញ្ហាចម្បងៗរួមមាន កំណើនផលិតភាពយឺត ការវិនិយោគលើបច្ចេកវិទ្យានៅមានកម្រិត និងគម្លាតប្រាក់ចំណូលមិនស្មើគ្នារវាងតំបន់នីមួយៗ ដែលជាឧបសគ្គរារាំងដល់ការស្ទុះងើបឡើង នៃសេដ្ឋកិច្ចជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Bernama។
វិស័យសេដ្ឋកិច្ច
ដោយ

ក្រោយមានការជជែកដេញដោលយ៉ាងស្វិតស្វាញពីសមាជិកព្រឹទ្ធសភា ក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី បានបង្ហាញជាសាធារណៈអំពីបញ្ហាប្រឈម ដែលធ្វើឱ្យម៉ាឡេស៊ី នៅតែផុងខ្លួនក្នុងអន្ទាក់ចំណូលមធ្យមរើខ្លួនមិនរួច។ បញ្ហាប្រឈមទាំងនោះរួមមាន កំណើនផលិតភាពយឺត, ការវិនិយោគលើការច្នៃប្រឌិត និងបច្ចេកវិទ្យានៅមានកម្រិត, កង្វះលំហសារពើពន្ធសម្រាប់រដ្ឋាភិបាល និងវិសមភាពសេដ្ឋកិច្ចរវាងតំបន់នីមួយៗ។

ដើម្បីដោះស្រាយចំណោទនេះ រដ្ឋាភិបាលម៉ាឡេស៊ី បានដាក់ចេញនូវវិធានការបន្ទាន់ ដែលផ្តោតលើការជំរុញផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើនតម្លៃបន្ថែមលើផលិតផល និងសេវាកម្ម។ ជាមួយគ្នានេះ រដ្ឋាភិបាល នឹងផ្តល់អាទិភាពខ្ពស់លើវិស័យយុទ្ធសាស្ត្រដូចជាបញ្ញាសិប្បនិម្មិត ឬAI ការផ្លាស់ប្តូរទៅរកថាមពលស្អាត និងការអភិវឌ្ឍឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់។

បន្ថែមពីលើការកែទម្រង់សេដ្ឋកិច្ច ទីផ្សារការងារ ក៏ជាចំណុចសំខាន់ផងដែរ។ ក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ីបានសង្កត់ធ្ងន់លើការពិនិត្យឡើងវិញនូវអត្រាប្រាក់ឈ្នួលអប្បបរមាជាទៀងទាត់ ដើម្បីធានាឱ្យស្របតាមតម្លៃជីវភាព និងការជំរុញគុណភាពជីវិតរបស់កម្មករឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ការកសាងមូលធនមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញឌីជីថល និងវិជ្ជាជីវៈបច្ចេកទេស នឹងក្លាយជាស្ពានចម្លង ដើម្បីបិទគម្លាតជំនាញក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់។

សូមបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៦ ម៉ាឡេស៊ី នៅតែស្ថិតក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដោយមានប្រាក់ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ៗប្រមាណជាង១៤,០០០ដុល្លារក្នុងមួយឆ្នាំ ដែលជាតួលេខមួយកៀកនឹងការក្លាយជាប្រទេស ដែលមានចំណូលខ្ពស់នាពេលអនាគត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការនាំចេញអង្កររបស់ថៃ នៅឆ្នាំនេះ ត្រូវបានព្យាករថានឹងដាំក្បាលចុះខ្លាំងបំផុតមិនធ្លាប់មាន

ការនាំចេញអង្កររបស់ប្រទេសថៃ នៅក្នុងឆ្នាំ២០២៦ នេះ ត្រូវបានព្យាករថា នឹងធ្លាក់ចុះខ្លាំងមកដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំមកនេះ…

ក្រុមអ្នកជំនាញព្រមានថា អាស៊ាន កំពុងប្រឈមនឹងរបត់ពាណិជ្ជកម្មថ្មី ដែលមានការផ្លាស់ប្តូរយ៉ាងលឿនដូចផ្លេកបន្ទោរ!

ក្រុមអ្នកជំនាញព្រមានថា អាស៊ាន កំពុងប្រឈមនឹងរបត់ពាណិជ្ជកម្មថ្មី ដែលមានការផ្លាស់ប្តូរយ៉ាងលឿន។ ប្រទេសសមាជិកអាស៊ានភាគច្រើន ដែលសម្រេចបានកិច្ចព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ