វិស័យធនាគារ

តើវិស័យធនាគារនិងហិរញ្ញវត្ថុដើរតួនាទីសំខាន់យ៉ាងណាខ្លះសម្រាប់សេដ្ឋកិច្ចជាតិ ហើយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្នមានគ្រប់គ្រាន់ឬនៅ?


វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដ្បិតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារសំខាន់ណាស់ក្នុងការចរាចរមូលនិធិពីអ្នកសន្សំទៅអ្នកវិនិយោគ ដោយសម្រួលដល់ពាណិជ្ជកម្ម និងបង្កើនផលិតភាពក្នុងចរន្តសេដ្ឋកិច្ចលើគ្រប់វិស័យ។ តាមរយៈសារសំខាន់ទាំងនេះ តើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបច្ចុប្បន្នមានគ្រប់គ្រាន់ហើយឬនៅ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ?
វិស័យធនាគារ
ដោយ

លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ ពិតជាដើរតួនាទីយ៉ាងសំខាន់ខ្លាំងណាស់ក្នុងការជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដែលអាចចាត់ទុកបានថា ជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ តួយ៉ាង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការចរាចរមូលនិធិពីអ្នកសន្សំ ទៅអ្នកវិនិយោគ ដោយសម្រួលដល់ពាណិជ្ជកម្ម និងបង្កើនផលិតភាពក្នុងចរន្តសេដ្ឋកិច្ចលើគ្រប់វិស័យ។

បើតាមលោកស្រី ម៉ារ អមរ៉ា បច្ចុប្បន្នប្រទេសកម្ពុជាមានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុប្រមាណជិត ១៥០គ្រឹះស្ថាន តែអ្នកជំនាញរូបនេះយល់ឃើញថា ហាក់ដូចជានៅមិនទាន់មានចំនួនគ្រប់គ្រាន់ដ៏មានប្រសិទ្ធភាពនៅឡើយទេ។ ជាពិសេសតួអង្គដែលមានសក្ដានុពលធំធេង និងកេរ្ដិ៍ឈ្មោះនិងការទទួលស្គាល់ជាលក្ខណៈថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ សម្រាប់ធានាបាននូវភាពប្រកួតប្រជែងកាន់តែល្អប្រសើរជាលំដាប់ និងឧត្តមភាពនៃការសហការគ្នា ភាពរឹងមាំ ភាពធន់ ស្ថិរភាព និងចីរភាព ដើម្បីរួមចំណែកបានកាន់តែច្រើនជាងមុន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍នៃបរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ឧស្សាហកម្ម ៤.០ និងការអភិវឌ្ឍប្រកបដោយចីរភាព។

យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា តាមស្ថានភាព និងបទពិសោធជាក់ស្ដែងនៅតាមបណ្ដាប្រទេសនានា រួមទាំងសហរដ្ឋអាម៉េរិកផង ការមានចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តិច ឬច្រើន តែងមានទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ដែលចាំបាច់ត្រូវមានការពិចារណាថ្លឹងថ្លែង ការត្រួតពិនិត្យ និងការធានាអនុលោមភាពតាមច្បាប់ បទប្បញ្ញត្តិ និងស្ដង់ដានានាយ៉ាងហ្មត់ចត់ សមស្របសម្រាប់ស្ថានភាពជាក់ស្ដែង និងភាពជាក់លាក់នៃប្រទេសនីមួយៗ។

ជាក់ស្តែងលើផ្នែកវិជ្ជមាន លោកស្រី ម៉ារ អមរ៉ា អះអាងថា ការណ៍ដែលកម្ពុជាមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុច្រើន នឹងបង្កើតបានជាទិដ្ឋភាពហិរញ្ញវត្ថុចម្រុះ ដែលមានសមត្ថភាពក្នុងការបំពេញតម្រូវការផ្សេងៗ។ ដោយភាពសម្បូរបែបនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗ ចូលរួមចំណែកដល់ការបង្កើនលទ្ធភាពប្រើប្រាស់នៅក្នុងតំបន់ជនបទ និងតំបន់ដែលមិនមានធនាគារទៅដល់ ដែលជំរុញឱ្យមានបរិយាបន្នហិរញ្ញវត្ថុ។ ជាងនេះទៅទៀត សក្ដានុពលសម្រាប់ការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព ក្នុងចំណោមស្ថាប័នទាំងនេះ អាចជំរុញឱ្យមានការធ្លាក់ចុះនៃអត្រាការប្រាក់ និងបង្កើនគុណភាពសេវាកម្ម ផ្តល់អត្ថប្រយោជន៍ដល់អតិថិជន អ្នកខ្ចីប្រាក់ អ្នកសន្សំប្រាក់ សាធារណជនទូទៅ និងសេដ្ឋកិច្ចជាតិទាំងមូល។

តែទោះជាយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា វាក៏មានទិដ្ឋភាពអវិជ្ជមានមួយចំនួនដែរ ចំពោះការដែលមានចំនួនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុច្រើន ដូចជាហានិភ័យនៃឥទ្ធិពលលើទីផ្សារ ដោយធនាគារដែលមានឥទ្ធិពលមួយចំនួន ដែលមានសក្តានុពលក្នុងការគ្រប់គ្រងទីផ្សារ និងរឹតបន្តឹងការប្រកួតប្រជែង និងជម្រើស។ ហើយចំនួនដ៏ច្រើននៃគ្រឹះស្ថានហិរញ្ញវត្ថុ បង្កើនការព្រួយបារម្ភអំពីការបែងចែកដែលមិនសូវមានប្រសិទ្ធភាព នាំទៅរកការកើនឡើងនូវការប្រកួតប្រជែងយ៉ាងខ្លាំងក្លា និងការផ្ដល់សេវាកម្មស្ទួនគ្នា នាំឱ្យបង្កជាឧបសគ្គ ក្នុងការបែងចែកមូលធនឱ្យអស់សក្តានុពល។ បន្ថែមពីនេះ ការព្រួយបារម្ភអំពីនិរន្តរភាពបានលេចឡើង ជាពិសេសសម្រាប់គ្រឹះស្ថានតូចៗនៅតំបន់ដាច់ស្រយាល ដែលអាចខ្វះស្ថិរភាពហិរញ្ញវត្ថុជាដើម៕

None



អត្ថបទបន្ទាប់


តើអ្នកសេដ្ឋកិច្ចជប៉ុន មានការពន្យល់យ៉ាងណាខ្លះ ជុំវិញបម្រែបម្រួលតម្លៃមាសនៅប៉ុន្មានខែចុងក្រោយនេះ?

តម្លៃមាសបានប្រែប្រួលខ្លាំងនៅក្នុងរយៈពេលប្រមាណជា ៤ខែកន្លងមកនេះ ។ ការឡើងថ្លៃមាសនេះត្រូវបានអ្នកជំនាញមានការពន្យល់បកស្រាយផ្សេងៗគ្នា ប៉ុន្តែសម្រាប…

រថភ្លើងដែលទើបទិញពីប្រទេសជប៉ុន គ្រោងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែមិថុនា ខាងមុខ

ប្រសិនបើមិនមានការប្រែប្រួលទេទូររថភ្លើងប្រភេទ KiHa ១៨៣ ដែលក្រុមហ៊ុន Royal Railway Cambodia ទើបនាំចូលពីប្រទេសជប៉ុន នឹងដាក់ឱ្យដំណើរការរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ