ការស្ទង់មតិរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន បានបង្ហាញថា វៀតណាមបានវ៉ាដាច់ថៃ ក្លាយជាគោលដៅវិនិយោគកំពូលសម្រាប់វិនិយោគិនមកពីតំបន់អឺរ៉ុប នៅក្នុងតំបន់អាស៊ាន។ មានកត្តាធំៗ៣ ដែលធ្វើឱ្យអ្នកក្បែរខាងកម្ពុជា មួយនេះ ក្លាយជាគោលដៅវិនិយោគកំពូលសម្រាប់អឺរ៉ុប រួមមានទី១, ប្រទេសវៀតណាម មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការនាំចេញទូទាំងពិភពលោក, ទី២, វៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយសហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៩ និងទី៣, វៀតណាម បានទាក់ទាញការវិនិយោគក្នុងទំហំរហូតដល់ទៅជាង៣៨ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ បើធៀបនឹងថៃ ដែលទាក់ទាញការវិនិយោគបានក្នុងទំហំត្រឹមតែ១០ពាន់លានដុល្លារ។
មានហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យវៀតណាម អាចវ៉ាដាច់ថៃ ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយនៅតំបន់អាស៊ាន រួមមាន កត្តាអស្ថិរភាពនយោបាយ ដោយថៃ មាននាយករដ្ឋមន្ត្រីរហូតដល់ទៅ៣រូបក្នុងរយៈពេលត្រឹមតែ២ឆ្នាំ គួបផ្សំថៃ មិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុប និងគោលនយោបាយគ្មានច្បាស់លាស់ និងមិនស៊ីសង្វាក់គ្នា។
សរុបមកប្រទេសវៀតណាម បច្ចុប្បន្នកំពុងនាំមុខថៃ ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងស្ថិរភាពនយោបាយ ប៉ុន្តែប្រទេសថៃ អាចនឹងតាមទាន់វៀតណាម ប្រសិនបើវាធ្វើឱ្យប្រសើរឡើងនូវស្ថិរភាព នយោបាយ និងសម្រេចបានកិច្ចព្រមព្រៀងសំខាន់ៗ៕
ដោយ: តែម សុខុម