កម្ពុជាប្រធានអាស៊ាន

តើការធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាមានជួបបញ្ហាប្រឈមធំៗអ្វីខ្លះ?


តើការធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ កម្ពុជាមានជួបបញ្ហាប្រឈមធំៗអ្វីខ្លះ? ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីឧបសគ្គ និងបញ្ហាប្រឈម មួយចំនួន នៅក្នុងតំបន់ និងពិភពលោក ដែលបាននិងកំពុងកើតមាន នាពេលបច្ចុប្បន្ន ពិសេសបញ្ហាសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា គួបផ្សំ ភាពតានតឹងរវាងចិន-តៃវ៉ាន់ នាពេលថ្មីៗនេះតែម្ដង។
កិច្ចប្រជុំអាស៊ានឆ្នាំ២០២២ ។ រូបភាព៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា

ថ្លែងនាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កត្តាសន្តិភាព ស្ថិរភាព និងវិធានការគ្រប់គ្រងជំងឺកូវីដ១៩ នៅកម្ពុជា មានប្រសិទ្ធិភាពខ្ពស់ ទើបធ្វើឲ្យកម្ពុជា ក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ហើយនេះជាមោទនភាពបំផុតសម្រាប់កម្ពុជា ដែលនេះសុទ្ធសឹងជាលទ្ធផលពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩ របស់កម្ពុជា។

យ៉ាងណាក៏ដោយ ការក្លាយជាប្រធានអាស៊ានរបស់កម្ពុជា នាឆ្នាំនេះ មិនមែនសុទ្ធតែផ្ដល់ផ្លែផ្កាទាំងអស់នោះទេ ព្រោះកម្ពុជា ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហានានា ដែលបាននិងកំពុងកើតឡើង ជាបន្តបន្ទាប់ ទាំងនៅក្នុងតំបន់ និងពិភពលោកជាដើម។ ជុំវិញដំណើរការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅក្នុងប្រទេសកម្ពុជា នាពេលនេះ ត្រូវបានសម្ដេចលើកឡើងថា ដ្បិតដំណើរការនៃកិច្ចប្រជុំ​បានដំណើរការទៅដោយរលូន តែវាមិនងាយស្រួលនោះទេ សម្រាប់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្របពេលដែលពិភពលោក​បាននិងកំពុងប្រឈមមុខដាក់គ្នា។

ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន លើកឡើងទាំងអស់សំណើចថា គ្រាន់តែបញ្ហាជម្លោះ ដែលបានបង្កឲ្យមានភាពអាក់អន់ចិត្តគ្នានោះ ធ្វើឲ្យប្រមុខការទូតអឺរ៉ុបមួយចំនួន មិនចង់ទាំងអង្គុយក្បែរគ្នាផង នៅក្នុងកិច្ចប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ។ ដូច្នេះ វាត្រូវការយកចិត្តទុកដាក់សម្របសម្រួលខ្លាំង។

ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញពីគោលការណ៍៤ របស់កម្ពុជា ក្នុងការចូលជាសមាជិកអាស៊ាន ផងដែរ ដែលធ្វើឲ្យកម្ពុជា មានឱកាសក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ការណ៍នេះ បានធ្វើឲ្យពិភពលោកកាន់តែស្គាល់កម្ពុជា ច្បាស់ជាងមុន ថែមទាំងជំរុញនូវទំនាក់ទំនងការទូតរវាងកម្ពុជា និងបណ្ដាប្រទេសលើពិភពលោក តាមរយៈក្លាយជាសមាជិកអាស៊ានផងដែរ។ សម្ដេចបានគូសបញ្ជាក់នូវគោលការណ៍ ៤ចំណុចរបស់កម្ពុជា ក្នុងការចូលជាសមាជិកអាស៊ាន មានដូចជា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ស្មារតីសហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងច្រកចេញកាទូតរបស់កម្ពុជា។ សម្ដេចបានសង្កត់ធ្ងន់ថា ចាប់ពីពេលកម្ពុជា បានក្លាយជាសមាជិកអាស៊ាន បានបង្កើតឱកាសជាបន្តបន្ទាប់សម្រាប់កម្ពុជា ក្នុងការបង្កើននូវទំនាក់ទំនងជាអន្តរជាតិ ដែលនេះគឺជាកត្តាជំរុញឲ្យមានភាពរីកចម្រើននៃសង្គម និងសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលប្រពឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ខណៈតំណាងប្រទេសចំនួន ៣៩ប្រទេស បានចូលរួម។ ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈម ដោយទាមទារឲ្យអាស៊ានត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតីនៃ ការរួបរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាព ខ្ពស់បំផុត៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ស្នើឲ្យអាមេរិកពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើឲ្យអាមេរិកពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន ដែលរុស្ស៊ីហៅថា …

រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រកាសពីគម្រោងតម្លៃ ២៥ លានដុល្លារលើកម្ពស់សន្ដិសុខស្បៀង និងកំណើនវិស័យកសិកម្មកម្ពុជា

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony J. Blinken នៅថ្ងៃទី ៤ ខែសីហា បានប្រកាសពីគម្រោងថ្មីមួយ គឺ «គម្រោងកម្ពុជាហាវែស ៣» ដែលមានតម្លៃទឹកប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ