
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមាននៅដើមសប្តាហ៍នេះថា លោកនឹងដាក់ចេញវិធានការពន្ធថ្មីលើទំនិញមួយចំនួននៅថ្ងៃទី២ មេសា ឆ្នាំ២០២៥ ខាងមុខនេះ តែរាល់ពន្ធថ្មីទាំងអស់មិនមែនសុទ្ធតែត្រូវបានប្រកាសនៅថ្ងៃនេះនោះទេ។ បើតាមការអះអាងរបស់លោក ត្រាំ ប្រទេសមួយចំនួនអាចទទួលបានលើកលែង តែលោកមិនបានបញ្ជាក់លម្អិតជុំវិញបញ្ហានេះនោះទេ។
ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក រូបនេះ អះអាងថា គោលបំណងនៃការដាក់ពន្ធថ្មីនេះ គឺដើម្បីរំដោះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក តែប៉ុណ្ណោះ ដោយលោករំពឹងថា តាមរយៈពន្ធថ្មីនេះនឹងអាចជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មក្នុងទំហំ១,២ទ្រីលានដុល្លារ។ សម្រាប់លោក ត្រាំ ប្រទេសនានានឹងទទួលបានការលើកលែងពន្ធ ប្រសិនបើពួកគេបន្ទាបពន្ធរបស់ពួកគេលើទំនិញអាម៉េរិក ឬផ្លាស់ប្តូរផលិតកម្មរបស់មកសហរដ្ឋអាម៉េរិក។
ទោះបីលោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ពីផលិតផលដែលអាចរងការដាក់ពន្ធថ្មីនេះក៏ដោយ តែមន្ត្រីសេតវិមាន ដែលសុំមិនបញ្ជាក់លម្អិតលើបញ្ហានេះ បានបង្ហើបថា ពន្ធថ្មីដែលលោក ត្រាំ គ្រោងនឹងប្រកាសនៅដើមខែមេសា អាចផ្តោតលើការនាំចូលរថយន្ត ឱសថ និងបន្ទះឈីបជាដើម។ ក្រោយមានសេចក្តីរាយការណ៍បែបនេះ បានធ្វើឱ្យសន្ទស្សន៍ទីផ្សារភាគហ៊ុននៅអាម៉េរិក បានស្ទុះឡើង១,៨% បន្ទាប់ពីវាបានធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍កន្លងមកនេះ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ លោក ដូណាល់ ត្រាំ បានដាក់ពន្ធលើទំនិញនាំចូលពីចិន ២០% និងបានដំឡើងពន្ធ២៥% លើទំនិញនាំចូលពីកាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុប ជាដើម៕
ដោយៈ សរ សុជាតិ