គណបក្សធំៗទាំង៣របស់ថៃ

តើគណបក្សធំៗទាំង៣របស់ថៃបានបោះនុយអ្វីខ្លះ ដើម្បីឆក់យកបេះដូងម្ចាស់ឆ្នោត?


កម្តៅនយោបាយនៅប្រទេសថៃកំពុងពុះកញ្ជ្រោលខ្លាំង ខណៈការបោះឆ្នោតនឹងចូលមកដល់នៅចុងសប្តាហ៍នេះ។ ក្នុងចំណោមគណបក្សនយោបាយជាច្រើន មានតែបក្សនយោបាយធំៗចំនួន៣ប៉ុណ្ណោះ ដែលត្រូវបានគេរំពឹងថា នឹងដណ្តើមបានសន្លឹកឆ្នោតច្រើនរួមមានគណបក្សភូមិចៃថៃរបស់នាយករដ្ឋមន្រ្តីចាំផ្ទះ អានុទីន ឆានវីរៈគុល គណបក្សភឿថៃ និងគណបក្សប្រជាជន។ គណបក្សនយោបាយទាំង៣សុទ្ធតែសន្យាជួយស្រោចស្រង់សេដ្ឋកិច្ច ជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងពង្រឹងគោលនយោបាយគាំទ្រសេវាសាធារណៈ។
គណបក្សធំៗទាំង៣របស់ថៃ
ដោយ

តើអ្វីជាគោលការណ៍ និងការសន្យាដ៏មុតមាំរបស់គណបក្សទំាងបីក្នុងការទាក់ទាញសន្លឹកឆ្នោតពីអ្នកគាំទ្រ?
ស្របពេលការបោះឆ្នោតកាន់តែខិតជិតចូលមកដល់ គណបក្សធំៗនៅក្នុងប្រទេសថៃកាន់តែបំពងសំឡេង និងការសន្យាទៅកាន់ម្ចាស់ឆ្នោត ដើម្បីទាក់ទាញការសម្រេចចិត្ត។ ចំណុចរួមរបស់គណបក្សលេចធ្លោរទាំង៣ត្រូវបានគេដឹងថា គឺការជំរុញ និងកែលម្អរសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ប៉ុន្តែគណបក្សនីមួយសុទ្ធតែមានចំណុចគន្លឹះរៀងៗខ្លួន។

ក្នុងនោះគណបក្សភូមិចៃថៃ ដែលបានដឹកនាំដោយលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃបានផ្តោតសំខាន់លើបញ្ហាសន្តិសុខ និងសមត្ថភាពយោធា។ ចំណុចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត គឺការសន្យាធ្វើទំនើបកម្មគ្រឿងយុទ្ធោបករណ៍តាមរយៈរូបមន្តដោះដូរ ដោយយកផលិតផលកសិកម្មទៅដោះដូរជាមួយអាវុធពីបរទេស។ បន្ថែមពីនេះ បក្សនេះ ក៏បានលើកឡើងពីគម្រោងសាងសង់ជញ្ជាំងព្រំដែន ដើម្បីទប់ស្កាត់ការរត់ពន្ធទំនិញខុសច្បាប់ និងគ្រប់គ្រងការហូរចូលនៃកម្លាំងពលកម្មតាមព្រំដែន។

ជាមួយគ្នានេះ គណបក្សភឿថៃ ដែលជាគណបក្សស្ថិតក្រោមឥទ្ធិពលរបស់ត្រកូល ស៊ីណាវ៉ាត្រា គឺផ្តោតលើកម្មវិធីយុទ្ធនាការឆ្នោតមហាសេដ្ឋី ដើម្បីចែកចាយប្រាក់រង្វាន់ជាង៣ម៉ឺនដុល្លារទៅឱ្យពលរដ្ឋ កម្មវិធីសម្រួលយន្តការដោះស្រាយបញ្ហាវិបត្តិបំណុលពលរដ្ឋ អភិវឌ្ឈន៍ជំនាញ និងកម្មវិធីសាងសង់លំនៅឋានតម្លៃសមរម្យជូនពលរដ្ឋជាដើម។

ដោយឡែក គណបក្សប្រជាជន ដែលជាគណបក្សប្រឆាំងដ៏ធំ និងសម្បូរដោយបញ្ញវន្តវ័យក្មេង នៅតែសន្យាកែសម្រួល និងធ្វើកំណែទម្រង់កងទ័ព និងស្ថាប័នប៉ូលិស ដូចជាកាត់បន្ថយអំណាចឧត្តមសេនីយជាដើម។ គណបក្សនេះ ក៏បានសន្យានឹងកែសម្រួលរូបមន្តរង្វាស់ប្រាក់ចំណូលឲ្យវាដំណើរការតាមឆ្នាំ និងតាមស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ច ដើម្បីធានានូវយុត្តិធម៌សង្គម។

ការបោះឆ្នោតនៅថ្ងៃអាទិត្យ ខាងមុខនេះ នឹងក្លាយជាសមរភូមិវាស់ស្ទង់ថា តើពលរដ្ឋថៃនឹងជ្រើសរើសផ្លូវ សន្តិសុខនិយមរបស់ភូមិចៃថៃ ឬសេដ្ឋកិច្ចនិយមរបស់ភឿថៃ ឬកំណែទម្រង់និយមរបស់បក្សប្រជាជន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បណ្ដាក្រុមហ៊ុនជប៉ុនរកស៊ីនៅវៀតណាមប្រឈមការប្រកួតប្រជែងពីក្រុមហ៊ុនចិនកាន់តែខ្លាំង

បណ្ដាក្រុមហ៊ុនសហគ្រាសផលិតរបស់ជប៉ុន ដែលរកស៊ីនៅក្នុងប្រទេសវៀតណាម កំពុងប្រឈមនឹងការប្រកួតប្រជែងពីក្រុមហ៊ុនចិន កាន់តែខ្លាំងឡើង ខណៈក្រុមហ៊ុនច…

អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិនម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទពុករលួយ

តុលាការប្រទេសចិននៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ បានប្រកាសសាលក្រមកាត់ទោសអតីតរដ្ឋមន្ត្រីក្រកសួងយុត្តិធម៌ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទពុករលួយ។ អតី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ