ការនាំចេញសាច់គោរបស់ជប៉ុនបានធ្លាក់ចុះ ៤% មកនៅត្រឹមប្រហែល ៣៧២ លានដុល្លារក្នុងឆ្នាំ២០២២។ នេះជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ២ ឆ្នាំ ទោះបីជាការនាំចេញសរុបផ្នែកកសិកម្ម រុក្ខាប្រមាញ់ និងជលផលរបស់ប្រទេសជប៉ុន បានកើនឡើងជាង ១៤% ដោយឡើងដល់ជាង ១០ ពាន់លានដុល្លារក៏ដោយ។
សាច់គោពិសេស វ៉ាកយូ (Wagyu) របស់ជប៉ុន មានប្រជាប្រិយខ្លាំងនៅក្រៅប្រទេស ហើយការនាំចេញសាច់គោនេះបានឡើងគួរឱ្យកត់សម្គាល់រហូតដល់ជាង ៣៨៥ លានដុល្លារក្នុងឆ្នាំ២០២១ ដោយបានកើនឡើងជិត ៨៦% បើធៀបនឹងឆ្នាំមុន និងកើនឡើងជាង ១៥ ដងបើធៀបនឹងពេល១០ឆ្នាំមុន។ រដ្ឋាភិបាលជប៉ុនមានគោលបំណងពង្រីកការនាំចេញសាច់គោនេះជាប្រចាំឆ្នាំឱ្យដល់ ១ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៥។
ប៉ុន្តែការធ្លាក់ចុះការនាំចេញសាច់គោនៅក្នុងឆ្នាំ២០២២នោះ គឺគួរឱ្យចាប់អារម្មណ៍ជាទីបំផុត នៅពេលដែលទីក្រុងតូក្យូបានចាត់ទុកផលិតផលនេះថាជាមុខទំនិញអាទិភាពមួយ ហើយការលក់កំពុងតែកើនឡើងដោយសារពលរដ្ឋបានចេញទៅបរិភោគអាហារនៅខាងក្រៅផ្ទះកាន់តែច្រើនបន្ទាប់ពីការបញ្ចប់ជំងឺកូវីដ១៩។
សហរដ្ឋអាមេរិកធ្លាប់ជាទីផ្សារដ៏ធំបំផុតសម្រាប់សាច់គោរបស់ជប៉ុន ដែលស្មើនឹង ១ ភាគ ៥ នៃការនាំចេញសរុបរបស់ជប៉ុន មុនពេលមានការធ្លាក់ចុះភ្លាមៗនាពេលថ្មីៗនេះ។ ទីក្រុងវ៉ាស៊ីនតោនបានកំណត់ប្រព័ន្ធកូតាពន្ធគយលើប្រទេសនាំចេញទាំងអស់ក្នុងអត្រាជាង ៤ សេនដុល្លារ ចំពោះសាច់គោមួយគីឡូក្រាម ចំពោះបរិមាណសរុប ៦ ម៉ឺន ៥ ពាន់តោន។ ចំពោះបរិមាណនៃការនាំចូលសាច់គោលើសចំនួនកំណត់នេះ សហរដ្ឋអាមេរិកតម្រូវឱ្យប្រទេសនាំចេញបង់ពន្ធចំនួនជាង ២៦%។
កសិករចិញ្ចឹមសត្វនៅជប៉ុនបាននិយាយថា សហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏សំខាន់របស់ពួកគេ ហើយថាការយកពន្ធពេញលេញទៅលើការនាំចេញសាច់គោជប៉ុនគឺពិតជាប៉ះពាល់ដល់ផលិតផលរបស់ពួកគេយ៉ាងខ្លាំង។
រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន លោក តេតស៊ូរ៉ូ ណូមូរ៉ា (Tetsuro Nomura) បានជួបជាមួយសមភាគីអាមេរិកលោក ថម វីលស៊ែក (Tom Vilsack) នៅមុនកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីកសិកម្មរបស់ក្រុមប្រទេស G7 នៅភាគខាងត្បូងប្រទេសជប៉ុន ក្នុងអំឡុងខែមេសា។ ពេលនោះ លោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិកពិនិត្យមើលឡើងវិញក្របខ័ណ្ឌកូតាអត្រាពន្ធលើសាច់គោជប៉ុន៕
អត្ថបទ ៖ សុខ ជា