ក្រោយដឹកនាំបានរយៈពេលជាង១ឆ្នាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចកែសម្រួលសមាសភាពសមាជិករាជរដ្ឋាភិបាលចំនួនពីររូប ក្នុងនោះឯកឧត្តម សុខ សូកេន ត្រូវបានផ្លាស់ទៅដឹកនាំក្រសួងអធិការកិច្ច ចំណែកឯកឧត្តម ហួត ហាក់ មកដឹកនាំក្រសួងទេសចរណ៍វិញ។ ការកែសម្រួលសមាសភាពនេះទទួលបានការគាំទ្រទាំងស្រុងពីសមាជិករដ្ឋសភាជាមួយសំឡេងគាំទ្រ១០៦លើ១០៦សំឡេង។
ជុំវិញការផ្លាស់ប្តូររក្បាលម៉ាស៊ីនដឹកនាំក្រសួងទេសចរណ៍ថ្មីនេះដែរ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជារំពឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មីនឹងមានយុទ្ធសា្រស្រ្ត និងទស្សនៈវិស័យថ្មីៗក្នុងការជួយជំរុញ និងស្តារវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។ បើតាមអ្នកជំនាញរូបនេះ មិនថារដ្ឋមន្រ្តីថ្មី ឬរដ្ឋមន្រ្តីចាស់នោះទេ វិស័យឯកជនតែងតែខិតខំប្រឹងប្រែង និងចូលរួមសហការជាមួយស្ថាប័នរដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យទេសរណ៍កម្ពុជាមានការរីកចម្រើនទាំងអស់គ្នា។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ វិស័យទេសចរណ៍កម្ពុជាត្រូវការចំណាយពេលបន្ថែមទៀត ដើម្បីអាចស្តារឱ្យមានភាពប្រសើរឡើងវិញ ដ្បិតថា ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ត្រូវការទាំងថវិកា និងធនធានមនុស្សដែលមានសមត្ថភាពក្នុងការចូលរួមអភិវឌ្ឍវិស័យនេះ។
ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកនៅកម្ពុជាមិនទាន់អាចវាយតម្លៃបានទេថា ក្រោយក្រសួងទេសចរណ៍ផ្លាស់ប្តូររដ្ឋមន្ត្រីថ្មី វិស័យទេសចរណ៍កម្ពុជានឹងអាចមានភាពល្អប្រសើរឡើងវិញឬយ៉ាងណានោះទេ។ តែយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នមិនទាន់ស្ថិតក្នុងស្ថានភាពល្អប្រសើរដូចបណ្តាប្រទេសដ៏ទៃនោះទេ ពោលគឺទាមទារឱ្យកម្ពុជាត្រូវទទួលយកនៅចំណុចខ្វះខាត់របស់ខ្លួន ដើម្បីផ្លាស់ប្តូរ និងកែប្រែចំណុចទាំងនោះឱ្យទៅជាឱកាស សម្រាប់អភិវឌ្ឍន៍វិស័យនេះឱ្យរីកចម្រើន។
សូមជម្រាបថា តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិជាង៣លាន៧សែននាក់ មានការកើនជាង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ និងសម្រេចបានប្រមាណជាង៩៧% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ មុនពេលមានវិបត្តិកូវីដ-១៩៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ