
ទាំងប្រជាជនកម្ពុជា និងប្រជាជនថៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានការបែកធ្លាយសារឆ្លើយឆ្លងគ្នាជុំវិញបញ្ហាភាពតានតឹងនៅតាមខ្សែបន្ទាត់ព្រំដែន រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ហើយសារនេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គម។ មហាជនបានជជែកគ្នា និងបញ្ចេញទស្សនៈយល់ឃើញផ្សេងៗគ្នាចំពោះសារបែកធ្លាយនេះ ដោយអ្នកខ្លះលើកឡើងថា សារនេះនឹងធ្វើឱ្យប៉ះពាល់ដល់លោកស្រី ផៃ ថងថាន តែអ្នកខ្លះថា វាជានយោបាយក្នុងការជួយលោកស្រីទៅវិញទេ។
ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា សង្កេតឃើញថា ក្រោយមានការបែកធ្លាយ និងការបញ្ចេញកិច្ចសន្ទនាទាំងស្រុងរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ វាបានជះឥទ្ធិពលដល់នយោបាយផ្ទៃក្នុងរបស់ថៃ។ ការណ៍នេះកំពុងធ្វើឱ្យនាយករដ្ឋមន្រ្តីថៃលោកស្រី ផៃថងថាន បាត់បង់ទំនុកចិត្តលើការដឹកនាំគណបក្សភឿថៃ។ តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា សារបែកធ្លាយនេះមិនបានជះឥទ្ធិពលអវិជ្ជមានណាមួយដល់កម្ពុជា នោះទេ តែផ្ទុយទៅវិញវាបានបង្ហាញពីយុទ្ធសាស្រ្តដ៏មុតស្រួចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការបញ្ចេញកិច្ចសន្ទនាទាំងស្រុងរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ អាចទំនងជាដោយសារតែរដ្ឋាភិបាលថៃ មិនមានភាពច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាតានតឹងនៅចំណុចព្រំដែនប្រទេសទាំងពីរឱ្យមានលទ្ធផលល្អ ហើយក៏ពុំអាចបញ្ចប់បញ្ហាទៅតាមអ្វីដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានសន្ទនាគ្នានាពេលកន្លងមក។ បើតាមអ្នកជំនាញរូបនេះ ការបញ្ចេញកិច្ចសន្ទនានេះនឹងធ្វើឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អាចដោះស្រាយលើការចោទប្រកាន់ផ្សេងៗ និងបានបង្ហាញពីចេតនាពិតប្រាកដក្នុងការដោះស្រាយបញ្ហាជាមួយថៃ។
ដោយឡែកលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការបញ្ចេញកិច្ចសន្ទនាទាំងស្រុងរវាងសម្តេច ហ៊ុន សែន ជាមួយនាយករដ្ឋមន្រ្តីថៃ អាចដើម្បីឱ្យសាធារណជនបានដឹងពីទស្សនៈរបស់រដ្ឋាភិបាលថៃ មកលើកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពនេះ ការសន្ទនារវាងថ្នាក់ដឹកនាំថៃជាមួយកម្ពុជា ទំនងជាពិបាកកើតឡើងបន្តទៀត។ តែយ៉ាងណាលោក យង់ គិមអេង បានចាត់ទុកការបង្ហាញសំឡេងនៃការសន្ទនានេះជាការបង្ហាញឱ្យពលរដ្ឋបានដឹងពីកិច្ចប្រឹងប្រែងរបស់កម្ពុជា និងជំហររបស់ថៃ លើបញ្ហាវិវាទដែលបានកើតឡើង។
ក្រោយមានការបែកធ្លាយសំឡេងសន្ទនាគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកអះអាងថា សំឡេងដែលបានបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនេះពិតជាសំឡេងសន្ទនាគ្នារវាងសម្តេចជាមួយនាយករដ្ឋមន្ត្រីថៃ ពិតប្រាកដមែន។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ជាទម្លាប់ ដើម្បីឱ្យកិច្ចការទាំងឡាយមិនត្រូវបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជា ផងដែរ។ បើតាមសម្តេចតេជោ សំឡេងសន្ទនាគ្នានេះ បានបែកធ្លាយនៅក្រោយពេលដែលសម្តេច បានផ្ញើសំឡេងនេះទៅកាន់គណៈអចិន្ត្រៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងាររដ្ឋសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធប្រហាក់ប្រហែលសរុប៨០នាក់៕
អត្ថបទ៖ បូ ដូឡា