យ៉ាងណាមិញអ្នកជំនាញស្នើឱ្យពលរដ្ឋគួរបញ្ឈប់ការផ្សព្វផ្សាយ និងចែកចាយរូបភាពកងទ័ពដែលបានបាត់បង់ជីវិតក្នុងសមរភូមិ ដើម្បីផ្តល់តម្លៃ និងការគោរពដល់ពួកគេ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ការបន្តចែកចាយនិងផ្សព្វផ្សាយរូបភាពរបស់វីរកងទ័ពដែលបានពលីក្នុងសមរភូមិក្នុងទិដ្ឋភាពកម្សត់ និងគួរឱ្យអាណោចអាធ័មវាបានបង្ហាញពីការធ្លាក់ចុះសីលធម៌សង្គម ហើយក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសាកសពរបស់វីរកងទ័ព ហើយក៏ជាការដាក់ទារុណកម្មផ្នែកផ្លូវចិត្តបន្ថែមដល់គ្រួសារសព ជាពិសេសធ្វើឱ្យកងទ័ពបាក់ទឹកចិត្ត ដែលទាមទារឱ្យពលរដ្ឋត្រូវមានការគោរពចំពោះការពលីកម្មរបស់កងកម្លាំងជួរមុខ។ អ្នកជំនាញរូបនេះស្នើឱ្យមហាជនបញ្ឈប់ការផ្សព្វផ្សាយ និងចែកចាយនូវរូបភាពសាកសពរបស់វីរជនបន្តទៀត ដោយជំនួសមកវិញនូវសារលើកទឹកចិត្ត និងជំរុញឱ្យមានសាមគ្គីភាព។
ដោយឡែកលោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានលើកឡើងថា នៅក្នុងច្បាប់ព្រហ្មទណ្ឌមិនមានចែងថា អ្នកដែលផ្សព្វផ្សាយរូបភាពសាកសពទាហានដែលបានពលីក្នុងសមរភូមិថា ខុសច្បាប់ ឬត្រូវដាក់ទោសទណ្ឌនោះទេ ដោយលោកមេធាវីបានចោទជាសំណួរថា តើការផ្សព្វផ្សាយរូបភាពសាកសពទាហាន អាចផ្ដល់ឱ្យនូវគុណសម្បត្តិ និងគុណវិបត្តិយ៉ាងដូចម្ដេច? ហើយប្រសិនមានព័ត៌មានផ្សាយថា មានទាហានខ្មែរស្លាប់ច្រើន តើអាចធ្វើឱ្យទាហានខ្មែរបាក់ទឹកចិត្ត ហើយលើកទឹកចិត្តដល់ទាហានថៃ ឱ្យឈ្លានពានទឹកដីទៀតដែរទេ? បើតាមអ្នកជំនាញផ្នែកច្បាប់រូបនេះ ការលាក់កំបាំងព័ត៌មានទាហានពលីជារឿងសំខាន់ ព្រោះថៃ មិនទាន់បង្ហាញចេតនាណាមួយច្បាស់លាស់ថា ឈប់ឈ្លានពានលើកម្ពុជា នោះទេ។
ជុំវិញបញ្ហានេះដែរ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានធ្លាប់បានលើកឡើងថា ការផ្សាយ ឬចែករំលែកព័ត៌មាន ឬរូបភាពសពដែលស្លាប់ក្នុងសមរភូមិ ជាការអនុវត្តផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពី ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយទំនួលខុសត្រូវ ហើយជាទង្វើប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងមិនផ្តល់តម្លៃដល់កងទ័ព មិនគោរពដល់ក្រុមគ្រួសារនៃយុទ្ធជនពលីជីវិត និងការបូជាសម្រាប់បុព្វហេតុការពារជាតិ។ ទន្ទឹមនេះការផ្សាយ ឬចែករំលែករូបភាពសពដោយគ្មានការបិទបាំង ឬព្រិលលើរូបភាពជាទង្វើប្រាសចាកក្រមសីលធម៌ រំលោភសិទ្ធិឯកជន និងសេចក្តីថ្លៃថ្នូររបស់មនុស្ស និងប៉ះពាល់ខ្លាំងដល់អារម្មណ៍សាធារណៈ។ ក្នុងនោះដែរ មួយចំនួនតូច ក៏មានការចែករំលែកតៗគ្នានូវរូបភាពស្រដៀងគ្នាដែលមានប្រភពពីគណនីក្លែងក្លាយក្រៅប្រទេស ដែលគេធ្វើឡើងក្នុងគោលបំណងអាក្រក់ផ្នែកចិត្តសាស្ត្រ បង្កឱ្យមានកំហឹងឡើងប៉ះពាល់ដល់ការគ្រប់គ្រងស្ថានការណ៍បច្ចុប្បន្ន និងតទៅមុខ។
ទន្ទឹមនេះដែរ ក្រសួងព័ត៌មាន សង្កេតឃើញមានការផ្សាយរបស់សារព័ត៌មានមួយចំនួន ជុំវិញស្ថានភាពកងទ័ព និងភូមិសាស្ត្រនៅសមរភូមិជួរមុខ ដោយពុំបានគិតដល់ផលវិបាកចំពោះសន្តិសុខជាតិ និងក្តីអន្តរាយដែលអាចបង្កឡើងជាយថាហេតុ ប៉ះពាល់ដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាប្រសិទ្ធភាពសម្រាប់ការវិលត្រលប់ទៅរកប្រក្រតីភាពឡើងវិញ និងដំណោះស្រាយសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន៕
អត្ថបទ៖ ជា ម៉ារ៉ា