អ្នកជំនាញ ស្នើឱ្យមានការបន្ធូរបន្ថយការរឹតត្បិតការថតរូបនៅប្រសាទអង្គរវត្ត!

អ្នកជំនាញ៖ រដ្ឋគួរបន្ធូរការរឹតត្បិតការថតរូបនៅអង្គរវត្ត ដើម្បីបង្កើនការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ


ការរឹតត្បិតសកម្មភាពថតរូបមួយចំនួននៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប កំពុងក្លាយជាចម្ងល់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដ្បិតបច្ចុប្បន្នភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅខេត្តសៀមរាបហាក់មានភាពស្ងប់ស្ងាត់ជាងមុន។ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ចាត់ទុកការផ្សព្វផ្សាយ គឺជាកត្តាចម្បងសម្រាប់វិស័យទេសចរណ៍ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅកម្ពុជា។
អ្នកជំនាញ ស្នើឱ្យមានការបន្ធូរបន្ថយការរឹតត្បិតការថតរូបនៅប្រសាទអង្គរវត្ត!
ដោយ

សម្រាប់អ្នកជំនាញការរឹតត្បិតការថតរូបនៅតំបន់ទេសចរណ៍ ជាពិសេសអង្គរវត្តពីសំណាក់អាជ្ញាធរ ចង់ ឬមិនចង់វាអាចក្លាយជាឧបសគ្គក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្តឹមនឹងនេះក្រុមអ្នកជំនាញ ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធគួរមានការបន្ធូរបន្ថយការរឹតត្បិតការថតរូបនេះ ដើម្បីអាចឱ្យការផ្សព្វផ្សាយរបស់តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអង្គរឲ្យកាន់តែទូលំទូលាយលើពិភពលោក ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងវប្បធម៌អះអាងថា ការហាមឃាត់ និងរឹតត្បិតការថតរូបនៅប្រាសាទអង្គរនេះ គឺសម្រាប់តែការថតរូបលក្ខណៈទ្រង់ទ្រាយធំ និងមានកម្មវត្ថុខុសពីសកម្មភាពធម្មតា ដែលអាចប៉ះពាល់ដល់ផ្នែកវប្បធម៌ និងសម្បិត្តិបេតិកភណ្ឌប៉ុណ្ណោះ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា ការរឹតត្បិតរបស់អាជ្ញាធរជាតិអប្សរាក្នុងការហាមឃាត់ការថតរូបនៅតំបន់ប្រាសាទអង្គរវត្ត វាមិនមែនជារឿងថ្មីនោះទេ ហើយការហាមឃាត់នេះ គឺដោយសារតែប្រាសាទអង្គរវត្ត គឺជាសម្បិត្តិបេតិកភណ្ឌពិភពលោក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការយូណេស្គូ។

តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា រាជរដ្ឋាភិបាលគួរតែមានការពិភាក្សាជាមួយអង្គការយូណេស្គូ ដើម្បីធ្វើយ៉ាងណាឱ្យមានការបន្ធូរបន្ថយ និងបើកចំហរឲ្យមានភាពល្អប្រសើរជាតមុនបន្តិច ដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរអាចថតរូបនៅអង្គរវត្តកាន់តែទូលំទូលាយ ដ្បិតវាជាផ្នែកមួយការរួមចំណែកជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាប្រវត្តសាស្ត្ររបស់កម្ពុជាមួយនេះទៅកាន់ពិភពលោក ក៏ដូចជាទាក់ទាញទេសចរអន្តរជាតិឲ្យមកកម្សាន្តនៅកម្ពុជា។ សម្រាប់លោកជំទាវ ឆាយ ស៊ីវលីន ទោះបីការរឹតត្បិតនេះធ្វើឡើងតែសម្រាប់កាមេរ៉ាធំៗ តែវាក៏អាចជាឧបសគ្គមួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។

ជាមួយគ្នានេះលោក ឈត ប៊ុនថន មន្ត្រីស្រាវជ្រាវវប្បធម៌ អប់រំ ទេសចរណ៍ នៅរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា ទោះបីការរឹតត្បិតនេះស្ថិតក្នុងន័យណាមួយក៏ដោយ ចង់ឬមិនចង់ វាអាចនឹងបង្ករផលអវិជ្ជមួយចំនួនដល់ការមកកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចង់មកកំសាន្តនៅទីនោះ។ សម្រាប់អ្នកជំនាញរូបនេះ ក្រៅពីការផ្សព្វផ្សាយរបស់ក្រសួងស្ថានប័នពាក់ព័ន្ធហើយនោះ ការថតរូបផ្សព្វផ្សាយបន្តគ្នារបស់ភ្ញៀវទេសចរ ដែលបានមកកំសាន្តផ្ទាល់នៅអង្គរវត្តនៅលើបណ្តាយសង្គម វាគឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា។

ស្រដៀងគ្នានេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា ចំពោះការរឹតត្បិតការថតរូបទៅទីតាំងប្រាសាទអង្គរវត្តនេះ អាជ្ញាធរជាតិអប្សរា គួរតែមានការបើកចំហរឱ្យបានធំទូលាយជាងនេះបន្តិចសម្រាប់ភ្ញៀវទេសចរ ដែលគ្រាន់តែថតរូបក្នុងគោលដៅសម្រាប់ផ្សព្វផ្សាយពីប្រាសាទ និងគោលដៅទេសចរណ៍របស់កម្ពុជា។ ប៉ុន្តែក្នុងករណីការថតនោះដើម្បីផ្សព្វផ្សាយក្នុងន័យមិនល្អ ឬក្នុងទម្រង់ធ្វើពាណិជ្ជកម្មណាមួយ គឺចាំបាច់ពួកគេត្រូវតែមានការស្នើសុំលិខិតអនុញ្ញាត្តិផ្សេងៗពីអាជ្ញាធរ។

ជុំវិញការរឹតត្បិតការថតរូបនៅអង្គរវត្តនេះដែរ ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ការរឹតត្បិតហាមឃាត់ការថតរូបនេះ គឺសម្រាប់តែអ្នកថត ដែលមានទម្រង់ជាលក្ខណៈទ្រង់ទ្រាយធំ និងមានកម្មវត្ថុខុសពីសកម្មភាពធម្មតា ដែលប៉ះពាល់ដល់ផ្នែកវប្បធម៌ប៉ុណ្ណោះ។ លោកបញ្ជាក់ថា សកម្មភាពដែលតម្រូវឱ្យមានការត្រួតពិនិត្យ និងស្នើសុំជាមុនរួមមានការប្រើប្រាស់នូវប្រភេទកាំមេរ៉ាធំៗកម្រិតស្តង់ដារ លក្ខណៈជាក្រុមធំៗ និងការបង្ហោះដ្រូនជាដើម ដែលវាអាចប៉ះពាល់ដល់សុវត្ថិភាពប្រាសាទ ក៏ដូចជាដើម្បីរក្សាសណ្ឋាប់ធ្នាប់វង់ទេសចរជាតិ និងអន្តរជាតិ ដែលកំពុងកំសាន្តនៅតំបន់នោះ។ បើតាមអ្នកនាំពាក្យរូបនេះ សម្រាប់ការថតជាលក្ខណៈធម្មតា ដោយប្រើប្រាស់នូវប្រទេសកាំមេរ៉ាតូចៗ និងកាំមេរ៉ាទូរស័ព្ទដៃជាដើមនោះ គឺមិនមានការហាមប្រាមអ្វីនោះទេ។

សូមជម្រាបថា គិតត្រឹមរយៈពេល៨ខែឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រមូលថវិកាបានចំនួនជាង២៣លានដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស ដែលមានការកើនឡើងជាង៤០០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួនជាង៤៩ម៉ឺន៨ពាន់នាក់ និងទទួលបានប្រាក់ចំណូលជាង២៣លាន៩ម៉ឺនដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៕




អត្ថបទបន្ទាប់


ធនាគារ ព្រីនស៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្លិបកីឡាបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ បនែ្ថមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា

ព័ត៌មាន
ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី នៅកីឡដ្ឋាន ព្រីនស៍…

អាជ្ញាធរអះអាងថា បច្ចុប្បន្នលែងមានការផ្គត់ផ្គង់អ៊ិនធឺណិតផ្តាច់មុខនៅតាមបុរីទៀតហើយ តែបើមានសូមពលរដ្ឋរាយការណ៍មកក្រសួង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា បច្ចុប្បន្នលែងមានការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតផ្តាច់មុខនៅតាមបុរីទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ