បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ប្រទេសចិននឹងចាប់ផ្តើមអនុវត្តវិធានការគ្រប់គ្រងការចេញ-ចូលប្រទេសកាន់តែម៉ឺងម៉ាត់ ក្រោមអនុក្រឹត្យ ដែលចុះហត្ថលេខដោយនាយករដ្ឋមន្ត្រី លី ឈាំង (Li Qiang)។ បទប្បញ្ញត្តិថ្មីនេះមានគោលដៅពង្រឹងសន្តិសុខជាតិ ទប់ស្កាត់បទល្មើសឆ្លងដែន និងលុបបំបាត់អំពើឆបោកក្នុងប្រព័ន្ធអន្តោប្រវេសន៍។ ក្រោមបទប្បញ្ញត្តិថ្មីនេះ ពលរដ្ឋចិន ឬជនបរទេស ដែលស្នើសុំទិដ្ឋាការ និងមានបំណងស្នាក់នៅក្នុងប្រទេសចិន ត្រូវតែបង្ហាញឯកសារ និងទិន្នន័យអេឡិចត្រូនិក ដែលមានភាពពិតប្រាកដ និងស្របច្បាប់ជាដាច់ខាត។ អាជ្ញាធរមានសិទ្ធិសាកសួរផ្ទាល់ និងបដិសេធការធ្វើដំណើរភ្លាមៗ ប្រសិនបើរកឃើញការផ្តល់ព័ត៌មានភូតកុហក។
ពលរដ្ឋចិន ដែលធ្លាប់ក្លែងបន្លំឯកសារធ្វើដំណើរ នឹងត្រូវហាមឃាត់មិនឱ្យចាកចេញពីប្រទេសពី៦ខែដល់៣ឆ្នាំ។ ចំពោះបុគ្គលដែលធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ ឬផលប្រយោជន៍ចិន នៅបរទេស ក៏នឹងត្រូវប្រឈមមុខនឹងបម្រាមធ្វើដំណើរទៅក្រៅប្រទេសពី៦ខែដល់៣ឆ្នាំដូចគ្នានៅពេលត្រឡប់មកវិញ។ បន្ថែមពីនេះ អាជ្ញាធរនឹងចេញបម្រាម ឬការព្រមានមិនឱ្យពលរដ្ឋខ្លួនធ្វើដំណើរទៅកាន់តំបន់ដែលមានសង្គ្រាម គ្រោះធម្មជាតិ ឬជំងឺឆ្លងកាចសាហាវឡើយ។
ជនបរទេសណាដែលផ្តល់ព័ត៌មានមិនពិត ឬប្រើប្រាស់ឯកសារក្លែងបន្លំពេលសុំទិដ្ឋាការ ឬនៅតាមច្រកទ្វារព្រំដែន នឹងត្រូវប្រឈមការបដិសេធមិនឱ្យចូលប្រទេសចិនចាប់ពី១ឆ្នាំរហូតដល់៥ឆ្នាំ។ ក្រុមហ៊ុន និងភ្នាក់ងារផ្តល់សេវាកម្មប្រឹក្សាទិដ្ឋាការ និងអន្តោប្រវេសន៍ទាំងអស់ត្រូវតែចុះបញ្ជីជាផ្លូវការជាមួយរដ្ឋចិន។ ច្បាប់ថ្មីនេះហាមឃាត់ដាច់ខាតនូវការផ្សាយពាណិជ្ជកម្មភូតកុហក បំផ្លើសការពារពិត ឬការរៀបចំសកម្មភាពឆ្លងដែនខុសច្បាប់។
ទោះបីជាមានការរឹតបន្តឹងយ៉ាងណាក្តី ប្រទេសចិន នៅតែរក្សា និងគាំទ្រគោលនយោបាយលើកលែងទិដ្ឋាការដដែល ដោយអនុញ្ញាតឱ្យពលរដ្ឋមកពី៥០ប្រទេសអាចស្នាក់នៅបានរហូតដល់៣០ថ្ងៃ និងពលរដ្ឋ៥៥ប្រទេសអាចធ្វើដំណើរឆ្លងកាត់រហូតដល់១០ថ្ងៃ។ ទោះជាយ៉ាងណាការចូលទៅធ្វើការ ឬសិក្សានៅតែតម្រូវឱ្យមានទិដ្ឋាការត្រឹមត្រូវជាមុនដដែល៕
អត្ថបទៈ សួន ឡង់ទី