លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ឧស្សាហកម្មផលិតបន្ទះសូឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ បន្ទាប់ពីមានតម្រូវការខ្ពស់ពីសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប។ បើតាមការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា មានការធ្លាក់ចុះ អាចដោយសារការបញ្ជាទិញមានការថយចុះ បន្ទាប់ពីមានការរឹតបន្តឹងលើការនាំចេញផលិតផលនេះពីសហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិក។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា ការធ្លាក់ចុះបរិមាណនាំចេញមិនមែនកើតមានតែលើកម្ពុជា នោះទេ ពោលគឺប្រទេសនៅក្នុងតំបន់មួយចំនួន ក៏បានជួបបញ្ហានេះផងដែរ។ បើតាមលោកបណ្ឌិត ហុង វណ្ណៈ ឧស្សាហកម្មផលិតបន្ទះសូឡាសម្រាប់នាំចេញនាពេលបច្ចុប្បន្នហាក់មិនសូវមានភាពរឹងមាំនោះទេ ព្រោះឧស្សាហកម្មនេះមានតម្រូវការទៅតាមពេលវេលាប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការធ្លាក់ចុះការនាំចេញបន្ទះសូឡានេះជាសញ្ញាមួយ ដែលជំរុញឱ្យកម្ពុជា គួរគិតគូរស្វែងរកទីផ្សារថ្មីៗសម្រាប់នាំចេញផលិតផលនេះបន្ថែមទៀត ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ការផលិត និងការវិនិយោគនៅក្នុងប្រទេស។ សម្រាប់អ្នកជំនាញរូបនេះ ភាពមិនទៀងទាត់នៃទីផ្សារពិភពលោក ដែលកើតចេញពីចរន្តនយោបាយរបស់មេដឹកនាំនៃបណ្ដាប្រទេសនីមួយៗ និងចរន្តនយោបាយជាសកល ទាមទារឱ្យកម្ពុជា ត្រូវមើលលើឱកាស និងត្រូវរក្សាទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសនានាឱ្យបានល្អ ដ្បិតវាអាចជួយឱ្យកម្ពុជា គេចផុតពីការរឹតត្បិត និងរក្សាបាននូវលំនឹងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅ១១ខែ ឆ្នាំ២០២៤នេះ ការនាំចេញបន្ទះសូឡារបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់៨៣០លានដុល្លារ ធ្លាក់ចុះជាង១ពាន់១រយលានដុល្លារ ឬស្មើនឹង៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ទិន្នន័យផ្លូវការបង្ហាញថា នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ៨០%នៃការនាំចូលបន្ទះសូឡារបស់សហរដ្ឋអាម៉េរិក គឺមានប្រភពចេញពីប្រទេសកម្ពុជា ម៉ាឡេស៊ី ថៃ និងវៀតណាម៕
អត្ថបទ៖ បូ ដូឡា