
យ៉ាងណាមិញលោក ត្រាំ បានអះអាងថា លោក ហ្សេឡិនស្គី នឹងធ្វើដំណើរទៅកាន់សេតវិមានអាម៉េរិកជាថ្មីនាពេលខាងមុខ។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅក្រោយកិច្ចប្រជុំរវាងលោក ម៉ាកូ រូប៊ីអូ (Marco Rubio) ប្រមុខការទូតសហរដ្ឋអាម៉េរិក និងតំណាងជាន់ខ្ពស់របស់លោក វ៉្លូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែននៅទីក្រុង ជេដាស ប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចផ្តល់ជំនួយផ្នែកយោធា និងចែករំលែកព័ត៌មានចារកម្មដល់អ៊ុយក្រែនឡើងវិញ ខណៈភាគីអ៊ុយក្រែនបានបង្ហាញជំហគាំទ្រចំពោះបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយរុស្ស៊ី។
ពាក់ព័ន្ធបញ្ហាបទឈប់បាញ់នេះ លោក រូប៊ីអូ អះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងយកបញ្ហានេះទៅប្រាប់វិមានក្រឹមឡាំង។ តែយ៉ាងណាប្រមុខការទូតអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា បទឈប់រយៈពេល៣០ថ្ងៃនេះ វាមិនមែនអាស្រ័យលើអ៊ុយក្រែនតែម្ខាងនោះទេ ពោលគឺអាស្រ័យលើរុស្ស៊ី ថាតើពួកគេមានឆន្ទៈក្នុងការអនុវត្តបទឈប់នេះ ឬយ៉ាងណា។
ដោយឡែក លោក ម៉ាយ វ៉ល (Mike Waltz) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា នៅពេលនេះគណៈប្រតិភូអ៊ុយក្រែនធ្វើអ្វីមួយហាក់មានភាពច្បាស់លាស់ជាងមុន ហើយពួកគេក៏បានយល់ពីចក្ខុវិស័យរបស់លោក ត្រាំ សម្រាប់សន្តិភាពនៅអ៊ុយក្រែនផងដែរ។
ដោយៈ សរ សុជាតិ