ព្រឹត្តិការណ៍រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ក្រុមហ៊ុនអចលនទ្រព្យថៃធំមួយ ផ្អាកគម្រោងវិនិយោគតម្លៃ ១ពាន់លាន​នៅមីយ៉ាន់ម៉ា ក្រោយមានរដ្ឋប្រហារដោយយោធា


ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ឧស្សាហកម្មអចលនទ្រព្យដ៏ធំបំផុតមួយរបស់ថៃ បានសម្រេចផ្អាកការងារអភិវឌ្ឍន៍របស់ខ្លួននូវគម្រោងវិនិយោគតម្លៃ ១ពាន់លានដុល្លារនៅមីយ៉ាន់ម៉ា ដោយសារតែព្រួយបារម្ភថា ការធ្វើរដ្ឋប្រហារដោយយោធានៅក្នុងប្រទេសនេះ រួមទាំងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ អាចនឹងធ្វើឲ្យអ្នកវិនិយោគរត់ចេញពីប្រទេសនេះ។ នេះបើតាមការផ្សាយដោយសារព័ត៌មានជប៉ុន Nikkei ។
ក្រុមហ៊ុនអចលនទ្រព្យថៃធំមួយ ផ្អាកគម្រោងវិនិយោគតម្លៃ ១ពាន់លាន នៅមីយ៉ាន់ម៉ា ក្រោយមានរដ្ឋប្រហារដោយយោធា (រូបភាព៖ Nikkei)
ដោយ

 

ក្រុមហ៊ុន Amata បាន​ចាប់ផ្ដើម​​អភិវឌ្ឍ​សាងសង់​​​លើ​ផ្ទៃ​ប្រមាណ ៨០ហិកតា ក្នុង​​តំបន់​​ឧស្សាហកម្ម​ចម្រុះ​ នៅក្រៅ​​ទីក្រុង​យ៉ាំងហ្គន នៅក្នុង​ខែធ្នូ ប៉ុន្ដែ ការអភិវឌ្ឍ​ រួមទាំង​រោងចក្រ​​ថាមពល នឹង​ត្រូវ​ផ្អាកដំណើរការ​សិន។ នេះបើតាម​ការបញ្ជាក់​របស់​នាយក​ផ្នែកទីផ្សារ​របស់​ក្រុមហ៊ុន Amata។

ការប្រកាសរបស់​​ក្រុមហ៊ុន​ថៃ​ខាងលើនេះ គឺជា​សញ្ញាមួយ​នៃ​ផលប៉ះពាល់ ​ដែលបណ្ដាល​មកពី​ការធ្វើរដ្ឋប្រហារ​​ដោយ​យោធា​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែលវា​អាច​នឹង​ធ្វើឲ្យ​សកម្មភាព​​​​អាជីវកម្ម​នឹងកាន់តែ​ស្ងប់ស្ងាត់​ថែមទៀត។

នាយក​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​​អភិវឌ្ឍន៍​​អចលនទ្រព្យ​​របស់ថៃ​ដដែលនេះ បាន​គូស​បញ្ជាក់​ទៀតថា «យើង​ និងអតិថិជន​​របស់​យើង​មាន​ការ​ព្រួយបារម្ភ​​ពីលទ្ធភាព​ នៃការ​ធ្វើពហិការ ក៏ដូចជា​​ដាក់ទណ្ឌកម្ម​​ពី​ប្រទេស​​លោក​ខាងលើ​លិច​​មើល​​មីយ៉ាន់ម៉ា»។ លោកបន្ថែមថា «ការដាក់ទណ្ឌកម្មនេះ ​វាទំនង​​ជា​អាច​កើតឡើងមែន ពិសេស​​ពី​សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ហើយបើវា​ពិតជា​កើតឡើង​មែននោះ ការ​វិនិយោគ​​ថ្មីៗ​​នៅក្នុង​​ប្រទេស​​មីយ៉ាន់ម៉ា ពិតប្រាកដណាស់​​នឹង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ»។ ទោះយ៉ាងណា តំណាង​ក្រុមហ៊ុន​ថៃ Amata លើកឡើងថា ក្រុមហ៊ុន​​មិនមាន​​ជម្រើសអ្វីទេ ក្រៅតែពី​ការរង់ចាំមើល ពីស្ថានការវិវឌ្ឍ​បន្ដទៀត។

មានប្រហែល ២០​ក្រុមហ៊ុន ភាគច្រើន ជាមកពីជប៉ុន កំពុង​ចរចា​​ទិញ​​ដី​ដែល​អភិវឌ្ឍន៍​ដោយ​​ក្រុមហ៊ុន​ ​Amata នៅក្នុង​​ប្រទេស​​មីយ៉ាន់ម៉ា​នេះ ខណៈ​ដែល​ក្រុមហ៊ុន​​ថៃ​មួយនេះ អះអាងថា ខ្លួនបាន​ចំណាយ​​ដើមទុន​​ប្រមាណ ជិត​៤លាន​ដុល្លាររួចហើយដែរ សម្រាប់​ការសាងសង់​​នៅគ្រាដំបូងនេះ។

មាន​ក្រុមហ៊ុន​អន្តរជាតិ​មួយចំនួន​ផ្សេងទៀត ក៏បាន​ផ្អាក​ប្រតិបត្តិការ​​របស់ខ្លួន​ដែរ ដោយសារតែ​​មាន​ការធ្វើ​រដ្ឋប្រហារ​​យោធា​​កើតឡើង ខណៈដែល​​ផ្សារមូលបត្រ​​នៅក្នុង​​ប្រទេស​​មីយ៉ាន់ម៉ា ក៏មាន​ការ​បង្អាក់​ខកខាន​​ជួញដូរផងដែរ។

ក្រុមហ៊ុន​ជប៉ុន Suzuki Motor ដែល​ជា​​ក្រុមហ៊ុន​​ផលិតយានយន្ដ​​ដ៏ធំបង្អស់​​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ក៏បាន​ផ្អាក​ប្រតិបត្តិការ​នូវរោងចក្រ​របស់ខ្លួន​ចំនួន​២ផងដែរ កាលពីថ្ងៃអង្គារ ទី០២ កុម្ភៈកន្លងទៅនេះ ខណៈដែលកាលពីថ្ងៃចន្ទ ទី០១ កុម្ភៈ ក៏បាន​ផ្អាក​កន្លះថ្ងៃដែរ។

ក្រោយពីបាន​ធ្វើរដ្ឋប្រហារ ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី ០២ ខែកុម្ភៈ ក៏ត្រូវប្រកាស​ថា​ នឹង​​​​បិទ​ព្រលាន​​យន្ដហោះ​​អន្តរជាតិ​​​ទីក្រុង​យ៉ាំងហ្គន​​ផងដែរ ដោយ​ការ​ប្រកាស​​បិទនេះ​គឺរហូត​ដល់​ថ្ងៃទី ៣០ ខែមេសា ប៉ុន្ដែ នៅប៉ុន្មាន​ម៉ោងក្រោយមក​ ក៏មាន​ការប្រកាសថា នឹងបើកដំណើរការ​ឡើងវិញ​​ចាប់ពី​ថ្ងៃទី ៤ ខែ​ កុម្ភៈ។

ក្រោយពីការ​ប្រកាស​បិទភ្លាមៗ ក្រុមហ៊ុន​អាកាសចរណ៍មួយ​ចំនួន ដូចជា ANA របស់ជប៉ុន​ជាដើម ក៏បាន​សម្រេច​លុបចោល​ជើងហោះហោរ​របស់ខ្លួន​ដូចគ្នាដែរ។​

សូមបញ្ជាក់ថា បញ្ហា​រដ្ឋប្រហារ​ដោយ​យោធានៅមីយ៉ាន់ម៉ា​ កំពុង​ត្រូវបាន​ពិភពលោក​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពិសេស​ថ្មីថ្មីៗនេះ ក្រុមប្រឹក្សាសន្ដិសុខ​អង្គការ​សហប្រជាជាតិ​ក៏មាន​កិច្ចប្រជុំ​បន្ទាន់មួយផងដែរ ទៅលើករណី​ស្ថានភាព​នៃប្រទេស​មីយ៉ាន់ម៉ានាពេលនេះ ខណៈដែល​សហរដ្ឋអាមេរិក ក្រោម​រដ្ឋការ​របស់​លោក​ ចូបៃឌិនឯណោះវិញ ក៏បាន​ប្រកាសហើយដែរថា អាមេរិក​នឹង​មិនរួញរា​នោះទេ​ក្នុងការ​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេសមីយ៉ាន់ម៉ា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅមីយ៉ាន់ម៉ានៅដំណើរការអាជីវកម្មដូចប្រក្រតី

ព័ត៌មាន
ស្ថានប័នមីក្រូហិរញ្ញវត្ថុអេស៊ីលីដានៅប្រទេសមីយ៉ាន់ម៉ា ដែលជាបុត្រសម្ព័ន្ធនៃធនាគារអេស៊ីលីដារបស់កម្ពុជា បាននិងកំពុងដំណើរការដូចធម្មតា និងមិ…

កំពូលមហាសេដ្ឋី Jeff Bezos នឹងលាលែងពីតំណែង CEO ក្រុមហ៊ុន Amazon នៅឆ្នាំនេះ!

ព័ត៌មាន
អតីតកំពូលមហាសេដ្ឋីទី១ ក្នុងលោក គឺលោក Jeff Bezos បានប្រកាសថា នឹងចុះចេញពីតំណែងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon នៅក្នុងចុងឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ