ការចាក់សំឡេងខ្មោចលង

តើកម្ពុជា គួរចាត់វិធានការអ្វីបន្តទៀត ដើម្បីប្រឆាំងនឹងការចាក់សំឡេងខ្មោចលង និងឆ្កែលូរបស់ថៃ ហើយប្រសិនបើបញ្ហានេះបន្តអូសបន្លាយវាអាចជះផលប៉ះពាល់អ្វីខ្លះ?


អាជ្ញាធរថៃ បានបើកដៃឱ្យក្រុមជ្រុលនិយមថៃ ចាក់សំឡេងបែបព្រឺព្រួចដូចជាសំឡេងខ្មោចលង ឆ្កែលូ និងឆ្កែព្រុសជាដើម រួមទាំងបង្កើតសកម្មភាពបំភិតបំភ័យមួយចំនួន ដែលបានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍កុមារ ស្រ្តីមានផ្ទៃពោះ ចាស់ជរា អ្នកជំងឺ និងជនពិការរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យ៉ាងធ្ងន់ធ្ងរ។
ការចាក់សំឡេងខ្មោចលង
ដោយ

បើតាមអ្នកជំនាញ ការបង្កើតសកម្មភាពលងបន្លាច និងចាក់សំឡេងលឺខ្លាំងៗរំខានពលរដ្ឋខ្មែរពីសំណាក់ក្រុមជ្រុលនិយមថៃនេះ វាជាករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយថៃ ត្រូវបញ្ឃប់ជាបន្ទាន់ ប្រសិនបើមិនចង់ឱ្យអង្គការសហប្រជាតិជាតិ ថ្កោលទោសលើជាតិសាសន៍ខ្លួនទេនោះ។ តើកម្ពុជា គួរចាត់វិធានការអ្វីបន្តទៀត ដើម្បីប្រឆាំងនឹងការចាក់សំឡេងខ្មោចលង និងឆ្កែលូរបស់ថៃ ហើយប្រសិនបើបញ្ហានេះបន្តអូសបន្លាយវាអាចជះផលប៉ះពាល់អ្វីខ្លះ?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការចាក់សំឡេងព្រឺព្រួចបំភ័យពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងរំលោភសិទ្ធិមនុស្ស ព្រោះវាបានបង្កឱ្យមានជំងឺផ្លូវចិត្ត និងប៉ះទង្កិចសតិអារម្មណ៍ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ។ បើតាមអ្នកជំនាញរូបនេះ អង្គការសហប្រជាជាតិ ត្រូវតែប្រញាប់ផ្ដន្ទាទោស និងដាក់សម្ពោធលើភាគីថៃ និងជំរុញឱ្យថៃបញ្ឈប់ទង្វើអមនុស្សធម៌ ដែលបានប្រព្រឹត្តលើទឹកដីខ្មែរ ពុំដូច្នោះទេអង្គការសហប្រជាតិនឹងរងការចោទប្រកាន់ថា មិនគិតគូរពីបញ្ហាអសន្តិសុខនោះឡើយ។ តែយ៉ាងណាអ្នកជំនាញរូបនេះស្នើដល់ពលរដ្ឋ ដែលរស់នៅតំបន់ជម្លោះ កុំឆ្លើយតបទៅភាគីថៃវិញ ដូចអ្វីដែលថៃ បានធ្វើមកលើពលរដ្ឋខ្មែរ ដើម្បីជៀសវាងជាប់ឈ្មោះជាប្រទេសគ្មានសណ្ដាប់ធ្នាប់ដូចប្រទេសថៃ។

ជាមួយគ្នានេះ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានលើកឡើងថា ការប្រើប្រាស់សំឡេងបែបព្រឺព្រួចរំខានដល់ដំណេករបស់ប្រជាពលរដ្ឋខ្មែរ ស្ថិតនៅភូមិជោគជ័យ និងភូមិព្រៃចាន់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាផ្លូវចិត្ត រំលោភលើបទឈប់បាញ់ គោលការណ៍ព្រមព្រៀងគ្នារបស់ GBC បំពានគោលការណ៍ច្បាប់អន្តរជាតិ ស្ដីពី សិទ្ធិមនុស្សជាច្រើន ជាពិសេសអនុសញ្ញា ដែលប្រឆាំងការធ្វើទារុណកម្មអមនុស្សធម៌ជាដើម។ ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ ស្នើដល់ភាគីថៃ ឱ្យបញ្ឃប់សកម្មភាពនេះជាបន្ទាន់ ព្រោះសូម្បីពលរដ្ឋថៃ ខ្លួនឯងមួយចំនួន ក៏មិនអាចទទួលយកទង្វើនេះបាននោះដែរ។

មិនខុសគ្នានោះទេ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ការបន្តចាក់សំឡេងព្រឺព្រួចបំភិតបំភ័យ និងការធ្វើសកម្មភាពបង្កភាពភ័យខ្លាចដល់ពលរដ្ឋខ្មែរស្រូតត្រង់នេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ ពិសេសកុមារ ស្រ្តីមានផ្ទៃពោះ ចាស់ជរា និងជនពិការយ៉ាងធ្ងន់ធ្ងរ ដែលទង្វើអមនុស្សធម៌នេះអាចនឹងរុញឱ្យថៃ ប្រឈមនឹងការថ្កោលទោសពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។ អ្នកជំនាញសិទ្ធិមនុស្សរូបនេះ ស្នើដល់ភាគីថៃ ឱ្យបញ្ឍប់សកម្មភាពនេះជាបន្ទាន់ ព្រោះវាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងកំពុងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តជនស៊ីវិលស្លូតត្រង់ ដោយទុកបញ្ហាតាមព្រំដែននេះឱ្យគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនជាអ្នកដោះស្រាយ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដើម្បីរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់មួយនៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ និងបានស្នើឱ្យ OHCHR ចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលត្រូវបានរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យតម្លៃមាសហក់ឡើងបំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាថ្មីឈានដល់ជាង៥,០០០ដុល្លារក្នុង១តម្លឹង?

តម្លៃហាងឆេងមាសនៅកម្ពុជា និងលើទីផ្សារអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានហក់ឡើងបំបែកកំណត់ត្រាជាថ្មីឈានដល់ជាង៥,០០០ដុល្លារក្នុង១តម្លឹ…

មេផ្សារហ៊ុនរំពឹងការកៀរគរទុនពីទីផ្សារភាគហ៊ុននឹងកើនពី៥០០លានដុល្លារដល់១,០០០លានដុល្លារក្នុង១ឆ្នាំ

ទោះបីសេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅលើពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ តែវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ទីផ្សារភាគហ៊ុនរបស់កម្ពុជានោះទេ ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ