អេស៊ីលីដាជួយសាងសង់អាកាសយានដ្ឋានថ្មី

អេស៊ីលីដាវិនិយោគ៣០លានដុល្លារ ដើម្បីរួមចំណែកក្នុងការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី


ធនាគារអេស៊ីលីដា បានចំណាយទុនចំនួន៣០លានដុល្លារអាមេរិក ទិញមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីរួមចំណែកជួយសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ បច្ចុប្បន្នព្រលានយន្តហោះមានតម្លៃជាង១ពាន់៥រយលានដុល្លារនេះ សម្រេចការសាងសង់បានប្រមាណ៣០% ហើយ ដោយគ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅអំឡុងឆ្នាំ២០២៣។
ការដ្ឋានសាងសង់ "អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ " រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ការ​ទិញ​មូល​ប​ត្រ​បំណុល​របស់ CAIC ពី អេ​ស៊ី​លី​ដា នេះ គឺ​ស្រប​តាម​សំណើរ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​កន្លង​មក​បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជួយ​ទិញ​មូល​ប​ត្រ​បំណុល​របស់​ក្រុម​នេះ ដើម្បី​ជំរុញ​ការ​សាងសង់​ព្រ​លាន​យន្ដហោះ​ថ្មី​នេះ​។

អេ​ស៊ី​លី​ដា ដែល​ជា​ធនាគារ​ពាណិជ្ជកម្ម​ខ្មែរ​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា បាន​បោះទុន​វិនិយោគ​ចំនួន​៣០​លាន ដើម្បី​ទិញ​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែល​បាន​បោះផ្សាយ​លក់​សញ្ញា​បណ្ណ​មាន​អ្នក​ធានា ដើម្បី​កៀ​គរ​ទុន​សម្រាប់​ទ្រទ្រង់​ដល់​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​។

ការ​ទិញ​មូល​ប​ត្រ​បំណុល​នេះ មាន​ន័យ​ថា អេ​ស៊ី​លី​ដា​បាន​ក្លាយជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ​។ បើ​តាម​ឧកញ៉ា ឆាល វ៉ា​ន់ អគ្គនាយករង​ក្រុមហ៊ុន CAIC ថវិកា​ដែល​បាន​ពី​ការ​លក់​មូល​ប​ត្រ​បំណុល​ទាំងអស់ នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​អភិវឌ្ឍន៍​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​មួយ​នេះ​។

តាម​រយៈ​ការ​ទិញ​មូល​ប​ត្រ​បំណុល​នេះ អេ​ស៊ី​លី​ដា ទទួល​បាន​កូ​ប៉ុង ឬ​អត្រា​ការ​ប្រាក់​៥,៥% ក្នុង​១​ឆ្នាំ ដែល​មាន​រយៈពេល​៣​ឆ្នាំ ក្រោម​ការ​ធានា​របស់​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ​។ ការ​ចុះហត្ថលេខា​លើ​សញ្ញា​បណ្ណ​មាន​តម្លៃ​៣០​លាន​ដុល្លារ​ខាងលើ​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ​អេ​ស៊ី​លី​ដា និង​ឧកញ៉ា ឆា វ៉ា​ន់ អគ្គនាយករង​ក្រុមហ៊ុន CAIC​។ 

គួរ​រំលឹក​ថា នា​ពិធី​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចូលរួម​ទិញ​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន Cambodia Airport Investment ដែល​បាន​និង​កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​ចំនួន​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​ស្នើ​របស់ សម្តេច ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​ពី​ក្នុងស្រុក​ជា​ជាង​ខ្ចី​ពី​ក្រៅប្រទេស សម្រាប់​ក្នុង​ការ​សាងសង់​ព្រ​លាន​យន្តហោះ​នេះ​។

បើ​តាម​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន CAIC បច្ចុប្បន្ន​ការ​សាងសង់​ព្រ​លាន​យន្ត​អន្តរជាតិ​ភ្នំពេញ​ថ្មី សម្រេច​បាន​ប្រមាណ​៣០% ហើយ ដោយ​បាន​ចំណាយ​ថវិកា​អស់​ជាង​៣៩០​លាន​ដុល្លារ​អា​មេ​រិ​ក​(​មិន​បញ្ចូល​ថ្លៃ​ដី​)​។ អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន OCIC បាន​បញ្ជាក់​កាលពី​ពេល​កន្លង​មក​ថា នៅ​ឆ្នាំ​២០២២ នេះ​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ថវិកា​៤៦៧​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត លើ​ការ​សាងសង់​ព្រ​លាន​យន្តហោះ​ខាងលើ​។ 

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​មាន​តម្លៃ​១​ពាន់​៥​រយ​លាន​ដុល្លារ​មួយ​នេះ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​២​ពាន់​៦​រយ​ហិ​កតា ស្ថិត​នៅ​ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​មួយ​ផ្នែក​ស្ថិត​នៅ​ស្រុក​បាទី​ខេត្តតាកែវ​។ ការ​សាងសង់​ដំណាល​ទី​១​គ្រោង​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០២៣ ខាង​មុខ​។ អាកាសយានដ្ឋាន​នេះ​ជា​ប្រភេទ 4F ដែល​មាន​សមត្ថភាព​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ឆ្លង​ទ្វីប​ធុន​យក្ស​ដូច​ជា Airbus A380-800 និង​ប្រភេទ Boeing 747-800 អាច​ចុះ​ចត​បាន​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនជំពាក់បំណុលវណ្ឌក Evergrande រុះរើទីស្នាក់ការកណ្តាលនៅទីក្រុងស៊ិនជិន

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលកំពុងជំពាក់បំណុលជុំទិសនោះ បានចាប់ផ្តើមរុះរើឈ្មោះឡូហ្គោក្រុមហ៊ុនចេញពីអគារនៃទីស្នាក់កណ្តាល…

ចិនចោទប្រកាន់អាមេរិកថា បានញុះញង់ប្រទេសលីទុយអានីឲ្យត្រូវរូវនឹងកោះតៃវ៉ាន់ហើយប្រឆាំងចិន

ព័ត៌មាន
ទីក្រុងប៉េកាំងនៅថ្ងៃច័ន្ទទី១០ខែមករានេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកញុះញង់ប្រទេសលីទុយអានីឲ្យទៅត្រូវរូវគ្នាជាមួយកោះតៃវ៉ាន់ ហើយបែរម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ