បន្ទាប់ពីការប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលមួយខែកន្លងទៅនេះ អឺរ៉ុបទំនងជាបានឆ្លងកាត់វិបត្តិដ៏អាក្រក់បំផុតរបស់ខ្លួនរួចទៅហើយ នៅក្រោមសម្ពាធពីទីក្រុងម៉ូស្គូដែលបានដាក់ជាបន្ដបន្ទាប់នោះ។
ការរួមបញ្ចូលលក្ខខណ្ឌមួយចំនួនរួមទាំងវិបត្តិជំងឺកូវីដ១៩នៅប្រទេសចិន ដែលបង្កភាពមិនច្បាស់លាស់ដល់ការប្រកួតប្រជែង សម្រាប់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) នោះ នឹងធ្វើឲ្យមានការកាត់បន្ថយអតិផរណា បង្កស្ថិរភាពសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចរបស់អឺរ៉ុប ព្រមទាំងធ្វើឱ្យវិមានក្រឹមឡាំងមានអានុភាពតិចជាងប្លុកអឺរ៉ុបនេះ ប្រសិនបើលក្ខខណ្ឌទាំងនេះនៅតែបន្តកើតមាន។
ទោះបីជាមានការរំខានដល់ការដឹកជញ្ជូននៅរដូវរងានេះ នៅតែអាចធ្វើឲ្យទីផ្សារថាមពលធ្លាក់ក្នុងភាពច្របូកច្របល់ក្ដី អឺរ៉ុបនៅតែមានសុទ្ធិដ្ឋិនិយមថា នឹងនៅតែអាចតស៊ូបាននៅក្នុងរដូវរងានេះ និងរដូវជាបន្តបន្ទាប់ទៅមុខទៀត។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck ដែលជាអ្នកគិតគូរដ៏សំខាន់សម្រាប់ការឆ្លើយតបរបស់ប្រទេសនេះ ចំពោះវិបត្តិថាមពលបាននិយាយក្នុងពេលធ្វើដំណើរទៅប្រទេសន័រវែស ថា គ្រោះថ្នាក់នៃការវិបត្តិសេដ្ឋកិច្ចពេញលេញ គឺជាការដួលរលំនៃឧស្សាហកម្មអឺរ៉ុប ហើយដូចដែលគេបានឃើញពេលនេះស្រាប់ថា គឺវាមិនទាន់បានមានការដួលរលំអ្វីនៅឡើយទេ។
វិបត្តិដែលបង្កឡើងដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន បានធ្វើឱ្យអឺរ៉ុបខាតបង់ដល់ទៅជិត ១ ទ្រីលានដុល្លាររួចទៅហើយ ដោយសារតម្លៃថាមពលកើនឡើង។ រដ្ឋាភិបាលជាច្រើនបានឆ្លើយតបជាមួយជំនួយជាង ៧០០ ពាន់លានដុល្លារដើម្បីជួយក្រុមហ៊ុន និងអ្នកប្រើប្រាស់ ដើម្បីទប់ទល់នឹងផលប៉ះពាល់នានា។ មិនតែប៉ុណ្ណោះ អឺរ៉ុបក៏បានព្យាយាមបន្ធូរបន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីជាពិសេសឧស្ម័នធម្មជាតិតែម្ដង។
សហភាពអឺរ៉ុបលែងនាំចូលធ្យូងថ្ម និងប្រេងឆៅពីប្រទេសរុស្ស៊ី ហើយការចែកចាយឧស្ម័នត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ប្លុកអឺរ៉ុបបានបំពេញការខ្វះខាតមួយចំនួនដោយបានបង្កើនការផ្គត់ផ្គង់ពីប្រទេសន័រវេស និងការនាំចូលឧស្ម័នធម្មជាតិរាវពីប្រទេសកាតា សហរដ្ឋអាមេរិក និងប្រទេសផលិតឧស្ម័នផ្សេងទៀត។
នៅប្រទេសអាឡឺម៉ង់ មានកន្លែងស្តុកទុកឧស្ម័នប្រហែល ៩១% គឺពេញតែម្ដងបើធៀបនឹង ៥៤% កាលពីឆ្នាំមុន។ រដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ចាប់តាំងពីពេលនោះមកបានកែប្រែក្រុមហ៊ុនក្នុងស្រុក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរុស្ស៊ី Gazprom PJSC ឱ្យទៅជាក្រុមហ៊ុនរដ្ឋវិញ ហើយបានចំណាយប្រាក់រាប់ពាន់លានអឺរ៉ូដើម្បីបំពេញទុនបម្រុងរបស់ខ្លួន។
វិធានការសន្សំសំចៃថាមពលពីឧស្សាហកម្ម និងក្រុមគ្រួសារអឺរ៉ុបគួបផ្សំដោយសីតុណ្ហភាពកក់ក្តៅបំផុតនៅក្នុងខែមករាមិនធ្លាប់មានរយៈពេលជាច្រើនទស្សវត្សមកនេះ បានជួយធ្វើឱ្យវិធានការសន្សំសំចៃថាមពលរបស់អឺរ៉ុបកាន់តែល្អប្រសើរ៕
អត្ថបទ ៖ សុខ ជា