សាព័ត៌មាន the Nation បានរាយការណ៍ថា ក្រុមហ៊ុនអ្នកអភិវឌ្ឈន៍លំនៅស្ថានធំៗនៅក្នុងប្រទេសថៃ បានបង្ហាញពីការព្រួយបារម្ភនៃការធ្លាក់ចុះតម្រូវការ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងអត្រាការប្រាក់ និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។ សន្ទស្សន៍ទិញលំនៅឋាននៅក្នុងប្រទេសថៃ បានបង្ហាញពីការធ្លាក់ចុះប្រមាណ៣៩% កាលពីត្រីមាសចុងក្រោយនៃឆ្នាំមុន ហើយនៅត្រីមាសទី១ឆ្នាំនេះ បានបន្តធ្លាក់ចុះថែមទៀតដល់កម្រិត៤៤,៥%។
មូលហេតុចម្បងនៃការថយចុះតម្រូវការលំនៅឋាននៅក្នុងប្រទេសថៃ គឺដោយសារអត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះសេដ្ឋកិច្ច ស្របពេលដែលបំណុលគ្រួសារនៅក្នុងប្រទេសនេះ បានឡើងដល់៩០% ដែលធ្វើឱ្យប្រជាជនថៃភាគច្រើនមានការប្រុងប្រយ័ត្នចំពោះការចំណាយរបស់ពួកគេ ជាពិសេសការចំណាយធំៗដោយរួមទាំងការទិញលំនៅឋាន ឬរថយន្តជាដើម។
លោក ម៉ុងគត់ តេជោឡាន (Mongkut Techolarn) នាយកប្រតិបត្តិនៃក្រុមហ៊ុន SC Asset បានអះអាងថា សន្ទស្សន៍នៃការទិញលំនៅឋានតម្លៃមធ្យម ពោលគឺជាង៨ម៉ឺនដុល្លារក៏មាននិន្នាការធ្លាក់ចុះផងដែរ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុននេះនឹងបន្តតាមដានស្ថានភាពទីផ្សារបន្ថែមទៀត ហើយរំពឹងថា តម្រូវការនឹងស្ទុះងើបឡើងវិញជាបណ្តើរៗនៅចុងឆ្នាំនេះ។
តាមរបាយការណ៍ដែលផ្សព្វផ្សាយដោយក្រុមហ៊ុន ក្រុងស្រ៊ី(Krungsri) Research បានឲ្យដឹងថា ការលក់លំនៅឋានចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ រំពឹងថា នឹងមានការងើបឡើងតិចតួច គឺក្នុងរង្វង់ពី២ទៅ៣%ប៉ុណ្ណោះ រីឯការលក់អាចសម្រេចបានប្រមាណជា៨ម៉ឺន៣ពាន់យូនីត ខណៈដែលកាលពីឆ្នាំ២០១៧ ដល់ ២០១៩ គឺអាចលក់ជាមធ្យមបាន១១ម៉ឺនយូនីត។
លោក វង្សសាកន ប្រាសិទ្ធវីផាត ( Wongsakorn Prasitvipat) នាយកគ្រប់គ្រងនៃក្រុមហ៊ុន Property Perfect ជឿជាក់ថា ទីតាំង តម្លៃ និងនិរន្តរភាពនឹងក្លាយជាកត្តាសំខាន់ក្នុងការយកឈ្នះលើអ្នកទិញ។ លោកជឿជាក់ថា នៅក្នុងស្ថានភាពនេះការស្វែងរកឱកាស ដើម្បីសហការរវាងអ្នកអភិវឌ្ឍន៍អាចនឹងលើកកម្ពស់ចំណែកទីផ្សារ ហើយភាពជាដៃគូនេះអាចបង្កើនតម្លៃរបស់អ្នកអភិវឌ្ឍន៍បានមួយចំណែក៕
ដោយៈ សរ សុជាតិ