វិភាគ​សេដ្ឋកិច្ច

ការ​លំបាក​របស់​កសិករ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​បំណុល​នៅ​ជនបទ


បំណុល​ បច្ចុប្បន្ន គឺ​ជា​រឿង​ស្មុគស្មាញ​សម្រាប់​អ្នក​ខ្ចី (ដូចជា កសិករ) និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ (MFIs)។ វា​ជា​ការ​លំបាក​ដ៏​ខ្លាំង​សម្រាប់កសិករ។
របាយការណ៍​បង្ហាញថា កសិករ​ជាច្រើន​ខ្ចី​បុល​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ខណៈ​ដែល​បញ្ហា​កសិផល​មិន​បាន​ថ្លៃ​ខ្ពស់​ធ្វើ​ឲ្យ​ពួកគេ​ជួប​ការលំបាក​ជីវភាព។
ដោយ

កសិករ​មួយ​ចំនួន​អាច​ទូទាត់​សង​បាន​ខ្លះ​ដោយ​អាស្រ័យ​នឹង​ប្រាក់​បញ្ញើ​ពី​សាច់​ញាតិ​ដែល​ធ្វើ​ការងារ​ក្រៅ​ស្រុក ក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ។ កម្ចី​ថ្មី​ប្រហែល​ជា​មាន​តិចតួច​ទេ​ជាមួយ MFIs។ ប៉ុន្តែ កម្ចី​ចាស់​មិន​ទាន់​ទូទាត់​អស់ គឺ​មាន​ច្រើន។

ក្រោយ​ពី​រដ្ឋាភិបាល​កំណត់​ពិដាន​ការប្រាក់ MFIs ក៏​បាន​អនុលោម​តាម។ យ៉ាង​ណា​ក្ដី បំណុល​ចាស់​ត្រូវ​តែ​សង។ បំណុល​នេះ​មាន​ច្រើន​ណាស់​ទូទាំង​ប្រទេស គឺ​រាប់​សិប​ពាន់​លាន​ដុល្លារ។

ថ្វី​ត្បិត​ថា បំណុល​ថ្មី​ចុង​ក្រោយ​អាច​មាន​តិចតួច​ជាមួយ MFIs ក៏​ពិតមែន ប៉ុន្តែ តម្រូវការ​ប្រាក់​ដើម្បី​ទូទាត់​បំណុល​​ចាស់​​អាច​​ធ្វើ​ឲ្យ​កសិករ​​ដែល​​គ្មាន​​ប្រាក់ បង្ខំចិត្ត​​​ទៅ​ខ្ចី​ប្រាក់​ពី​ប្រភព​​ផ្សេង​​ដើម្បី​​ដោះស្រាយ​​បញ្ហា​ចំពោះ​មុខ។ កសិករ​ខ្លះ​ដែល​គ្មាន​ឯកសារ ឬ​របស់​បញ្ចាំ​គ្រប់​គ្រាន់​សម្រាប់​ខ្ចី​ពី MFIs ប្រាកដ​ជា​ទៅ​ខ្ចី​បុល និង​ជំពាក់​ឈ្មួញ​ដែល​មាន​ការ​ប្រាក់​ខ្ពស់។ បញ្ហា​នេះ​រឹតតែ​ចាក់​ស្រែះ​ទៅ​ទៀត។

កសិករ​ដាំ​បន្លែ​នៅ​ខេត្ត​សៀមរាប ភាគពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា។

ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ វា​មាន​ការ​លំបាក​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​មាន​បំណុល ជា​ពិសេស កសិករ ដោយសារ​ទីផ្សារ ជាពិសេស កសិករ​ម្រេច កសិករ​ដំឡូង កសិករ​ជ្រូក កសិករ​ពោត ។ល។

ពេល​ណា​អតិថិជន​រស់​ MFIs ក៏​រស់។​ រស់​រុង​រឿង​រីក​ចម្រើន​ជាមួយ​គ្នា។ ក្នុង​រយៈពេល​ចំពោះ​មុខ​នេះ MFIs អាច​ពន្យារ​ពេល​ការ​សង​ដើម ឬ​បំណុល​របស់​កសិករ​ដោយ​កែ​ទម្រង់​បំណុល (loan restructuring) និង សម្រប​សម្រួល​ទំនាក់​ទំនង​រវាង​​កសិករ​និង​អ្នក​ទិញ ឬ​ទីផ្សារ។ 

ក្នុង​រយៈ​ពេល​មធ្យម និង​រយ:ពេល​វែង MFIs គួរ​តែ​មាន​ផ្នែក (Unit) និង​មន្រ្តី​ដែល​វាយ​តម្លៃ តាមដាន និង​ទ្រទ្រង់​ផែនការ​ខ្ចី​/វិនិយោគ និង​ការ​អនុវត្ត​ផែនការ​ខ្ចី/​វិនិយោគ របស់​កសិករ/​អតិថិជន​របស់​ខ្លួន (ចំណាយ និង​ចំណូល​មុខរប ឱកាស​ទីផ្សារ ការ​ប្រកួត​ប្រជែង។ល។) ភ្ជាប់​ទំនាក់​ទំនង​របស់​អតិថិជន​ខ្លួន​ជាមួយ​នឹង​សេវា​មុខរបរ ឬ​សេវា​កសិកម្ម​ទាក់ទិន​នឹង​កម្ចី​របស់​អតិថិជន​ខ្លួន សម្រួល ឬ​ភ្ជាប់​ទំនាក់​ទំនង​អតិថិជន​របស់​ខ្លួន​ជាមួយ​អ្នក​ទិញ ឬ​ទីផ្សារ។ល។

របាយការណ៍​បង្ហាញថា ពលរដ្ឋ​នៅ​ជនបទ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ក្នុង​កម្រិត​មួយ​ដ៏​គួរ​ឲ្យ​បារម្ភ។

ចំណែក​វិស័យ​សាធារណ: ចំពោះ​មុខ​នេះដំណោះ​ស្រាយ​​បន្ទាន់​របស់​រដ្ឋាភិបាល មាន​តែ​ផ្ដល់​កម្ចី (បើ​មាន​ថវិកា) ដែល​មាន​ការ​ប្រាក់​ទាប​ល្មម (ដែល​រដ្ឋាភិបាល​អាច​ទូទាត់​ថ្លៃ​កម្ចី​នោះ​​ត្រឹម​ស្មើ​ដើម​សម្រាប់​រដ្ឋ៖ ការ​ប្រាក់​បំណុល​រដ្ឋបាល ថ្លៃ​សេវា​រដ្ឋបាល ថ្លៃ​ប្រតិបត្តិការ ថ្លៃ​អតិផរណា។ល។) ដល់​អ្នក​ប្រមូល​ទិញ​ដែល​មាន​ឃ្លាំង​ស្តុក​គ្រប់​គ្រាន់​ត្រឹម​ត្រូវ អ្នក​ប្រមូល​ទិញ​ដែល​មាន​ផ្សារ​នាំ​ចេញ, អ្នក​ប្រមូល​ទិញ​ដែល​អាច​កែច្នៃ។ល។ សម្រួល​រាល់​ឯកសារ​សម្រាប់​ការ​នាំចេញ ​កាត់​បន្ថយ ឬ​លប់​ចោល​បណ្ដោះ​អាសន្ន​ពន្ធ​នាំចេញ ផ្តល់​កម្ចី​សម្រាប់​ការ​នាំ​ចេញ (ដែល​មាន​ការ​ប្រាក់​ដូច​បាន​រៀប​រាប់​ខាង​ដើម)។ល។

សម្រាប់​រយៈ​ពេល​មធ្យម និង​រយៈ​ពេល​វែង រដ្ឋាភិបាល​គួរតែ​មាន​គោល​នយោបាយ​ល្អ ធនធាន​គ្រប់គ្រាន់ យន្តការ​ស្ថាប័ន​គ្រប់គ្រាន់ និង​ផ្ដល់​សេវា​បណ្ដុះ​បណ្ដាល​-ទ្រទ្រង់​-តាមដាន​ការ​រៀបចំ​ផែនការ​មុខ​របរ​របស់​កសិករ និង​សហគ្រាស​ខ្នាត​តូច​-មធ្យម បន្ត​សម្រួល​ការ​តភ្ជាប់​ទីផ្សារ ទ្រទ្រង់​និង​ពន្លឿន​ការ​វិនិយោគ​ក្នុង​វិស័យ​កសិ-​ឧស្សាហកម្ម។ល។ សម្រាប់​ទ្រទ្រង់​និង​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដែល​មាន​កសិករ​ជាង​២​លាន​គ្រួសារ​ពឹង​ពាក់​អាស្រ័យ។ 

វិស័យ​កសិកម្ម​កម្ពុជា ត្រូវ​ការ​ដំណោះ​ស្រាយ​មាន​របៀប ឬ​យុទ្ធវិធី​ស៊ី​ជម្រៅ​/​ទូលំ​ទូលាយ​ (integrated/​wholistic approach) គឺ​យុទ្ធវិធី​បែប​ប្រព័ន្ធ (systems approach)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូន​ខ្មែរ​ក្លាយ​ជា​​មេធាវី​នៅ​ស្រុក​អាមេរិក​! ពិត​ជា​គួរ​ឲ្យ​សរសើរ!

ព័ត៌មាន
នៅ​ក្រោយ​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លេញ ដោយ​បញ្ចប់​ជម្លោះ​ផ្ទៃ​ក្នុង​និង​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​ទាំង​ស្រុង​ម…

អត្ថបទវិភាគ៖ ចង្កៀង​ដែលខ្សោះប្រេង

ព័ត៌មាន
ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​នោះ។ បញ្ហា​សេដ្ឋកិច្ច​ខ្មែរ​មាន​ជាប់​ពាក់ព័ន្ធ​និង​ពឹង​អាស្រ័យ​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម​ខ្មែរ។ ខ្មែរ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ