លោក រ៉ុនណារ៉ុង ផូលពីផាត (Ronnarong Phoolpipat) អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយថា ការនាំចេញអង្កររបស់ថៃ នៅឆមាសទី១ឆ្នាំនេះ សម្រេចបានជាង៥ លានតោនគិតជាប្រាក់ជាង៣ពាន់លានដុល្លារ កើនឡើងជាង២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា កត្តាដែលជំរុញឱ្យការនាំចេញអង្ករមានការកើនឡើងនេះ គឺដោយសារមានតម្រូវការពីទីផ្សារធំៗ និងការធ្លាក់ថ្លៃប្រាក់បាតរបស់ថៃ ដោយក្នុង១ដុល្លារអាម៉េរិក អាចប្ដូរជាប្រាក់បាតបានពី៣៦ទៅ៣៧បាត។ ការបង្កើនការនាំចូលពីប្រទេសបញ្ជាទិញ ដើម្បីរក្សាទុកក្នុងឃ្លាំងសម្រាប់សន្តិសុខស្បៀងអាហារ និងការរឹតបន្តឹងការនាំចេញអង្កររបស់ឥណ្ឌា ក៏ជាកត្តាមួយជួយជំរុញការនាំចេញអង្កររបស់ថៃឱ្យមានការកើនឡើងផងដែរ។
ចំណែកប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញអង្ករដ៏ធំមួយដែរនោះ នៅតែបន្តរឹតបន្តឹងការនាំចេញអង្កររបស់ខ្លួនដែលបានអនុវត្តតាំងពីខែកញ្ញា ឆ្នាំ២០២២មក ដើម្បីធានាការផ្គត់ផ្គង់អង្ករក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ដែលកត្តានេះបានទាញទម្លាក់បរិមាណនាំចេញអង្កររបស់ឥណ្ឌាឱ្យធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្ដែងការនាំចេញអង្កររបស់ឥណ្ឌា នៅក្នុងត្រីមាសទីពីរឆ្នាំនេះ បានធ្លាក់ចុះជិត៣៤% មកនៅត្រឹមតែ៣លានតោនប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានរបាយការណ៍ពីការនាំចេញប្រចាំឆមាសទីមួយនៅឡើយទេ។
ក្រឡេកទៅមើលវៀតណាម ដែលជាអ្នកនាំចេញអង្ករដ៏ធំលំដាប់ទី២លើពិភពលោកវិញម្តង។ បើតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ប្រទេសក្បែរខាងកម្ពុជា មួយនេះ បាននាំចេញអង្ករជាង៤លានតោន នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត៣ពាន់លានដុល្លារ ពោលគឺកើនឡើងជាង១០% គិតជាបរិមាណ និងកើនឡើង ៣២% គិតជាទំហំទឹកប្រាក់។
ទន្ទឹមនឹងនេះ វៀតណាមក៏បានចំណាយថវិកាប្រមាណ៦៧០លានដុល្លារអាម៉េរិក លើការនាំចូលអង្ករពីប្រទេសកម្ពុជា និងឥណ្ឌាជាផងដែរ។ ទោះបីជាប្រទេសនេះគឺជាអ្នកនាំចេញអង្ករធំបំផុតទីពីររបស់ពិភពលោកក៏ដោយ ក៏ប៉ុន្តែប្រទេសនេះនៅតែនាំចូលអង្ករប្រភេទខ្លះសម្រាប់ផលិតចំណីសត្វផងដែរ៕
អត្ថបទ៖ សុខ មង្គល