
KBank Research បានបន្ថែមថា រាល់ប្រតិបត្តិការទូទាត់ប្រាក់ និងផ្ទេរប្រាក់រវាងប្រទេសទាំងពីរនៅតែបន្តស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ទោះបីជម្លោះព្រំដែនរវាងប្រទេសទាំងពីរបានឡើងកម្តៅខ្លាំងនៅមួយរយៈពេលចុងក្រោយយ៉ាងណាក៏ដោយចុះ។
របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ KBank Research បានបង្ហាញថា មកទល់ពេលនេះ ស្ថានភាពនៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរវាងកម្ពុជា និងថៃ មិនទាន់រងផលប៉ះពាល់គួរឱ្យកត់សម្គាល់នោះទេ បើទោះបីបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាន់តែតានតឹងក៏ដោយ។ ក្រុមហ៊ុនស្រាវជ្រាវនេះ បានអះអាងថា លំហូរផ្ទេរប្រាក់ និងការទូទាត់ ការវិនិយោគផ្សេងៗ និងទំនាក់ទំនងរវាងធនាគារពាណិជ្ជនៃប្រទេសទាំងពីរនៅតែដំណើរការជាធម្មតា។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ រហូតមកដល់ពេលនេះការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬ ឌីជីថលរវាងប្រទេសទាំងពីរនៅតែដំណើរការពេញលេញជាធម្មតា ហើយការការពារហានិភ័យពីការប្តូររូបិយប័ណ្ណបរទេសសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និង ថៃ បានធ្វើឡើងតាមរយៈឧបករណ៍ និង យន្តការស្តង់ដាយ៉ាងរស់រវើក។
ដោយឡែក សកម្មភាពពាក់ព័ន្ធនឹងការវិនិយោគលើទ្រព្យសម្បត្តិ និងអាជីវកម្មផ្សេងៗនៅតែបន្តជាធម្មតា គ្រាន់តែសមតុល្យនៃទំហំវិនិយោគមានការថមថយចុះបន្តិច។ ក្រៅពីនោះសេវាកម្មទូទាត់ និងប្រព័ន្ធនានាដែលដំណើរការដោយធនាគារពាណិជ្ជរបស់ប្រទេសកម្ពុជា និងថៃ ដោយរួមបញ្ចូលទាំងការទូទាត់តាមឌីជីថលឆ្លងព្រំដែន ការទូទាត់តាម QR Code ការដាក់ប្រាក់ ការផ្តល់កម្ចីដល់អាជីវកម្ម និង បុគ្គលនៅតែបន្តដំណើរការជាធម្មតា៕
ដោយៈ សរ សុជាតិ