កម្ចីឥណទាន

តើការសងត្រលប់របស់ពលរដ្ឋនៅក្នុងខេត្តជាប់ព្រំដែនជាមួយថៃ មានស្ថានភាពយ៉ាងណា?


ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មទ្វេភាគី និងបានបង្កផលប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋរស់នៅតាមខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ខណៈមកទល់ពេលនេះ ជម្លោះនេះ មិនទាន់អាចរកច្រកចេញបាននៅឡើយទេ។ បញ្ហានេះ ក៏កំពុងបង្កជាក្តីបារម្ភសម្រាប់វិស័យហិរញ្ញវត្ថុ និងលទ្ធភាពនៃការសងកម្ចីត្រលប់របស់ពលរដ្ឋផងដែរ។ តើការសងត្រលប់ និងតម្រូវការឥណទានរបស់ពលរដ្ឋនៅខេត្តជាប់ព្រំដែនជាមួយថៃ មានស្ថានភាពយ៉ាងណាដែរ?
កម្ចីឥណទាន
ដោយ

លោក សុខ ចាន់ នាយកទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះ អតិថិជនរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយថៃ នៅប្រកបមុខរបរប្រចាំថ្ងៃជាធម្មតា។ ប៉ុន្តែការបង់សងកម្ចីត្រលប់របស់អតិថិជនរស់នៅក្នុងតំបន់មានជម្លោះក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មានផលប៉ះពាល់តិចតួច តែការសងត្រលប់របស់អតិថិជនរស់នៅតំបន់មិនមានជម្លោះមិនបានប៉ះពាល់នោះទេ។ ស្របពេលស្ថានភាពជម្លោះព្រំដែនស្ថិតក្នុងភាពមិនប្រាកដប្រជាបានធ្វើឱ្យតម្រូវការឥណទាននៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តកោះកុង បាត់ដំបង និងពោធិ៍សាត់ជាដើម ហាក់មានការធ្លាក់ចុះ ដោយ​សារអាជីវករនៅស្ទាក់ស្ទើរក្នុងការពង្រីកអាជីវកម្ម។

ជាមួយគ្នានេះលោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានគូសបញ្ជាក់ថា ការបង់សងត្រលប់របស់អតិថិជននៅតាមបណ្ដាខេត្តជាប់ព្រំដែនជាមួយថៃ មានលក្ខណៈជាធម្មតា ហើយ អិលអូអិលស៊ី បានអនុវត្តយ៉ាងពេញលេញតាមការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ចំពោះតំបន់ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះរួមមានការអនុគ្រោះដល់អតិថិជនជាជនភៀសសឹក ដោយលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទានរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ និងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើមរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាការអនុគ្រោះដល់អតិថិជនជាយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធជាដើម។ បើតាមអ្នកជំនាញរូបនេះ មកដល់ពេលនេះ អិលអូអិលស៊ី នៅតែបន្តផ្តល់ការគាំទ្រសេវាហិរញ្ញវត្ថុជាធម្មតា ជាពិសេសសេវាឥណទាន ដល់អតិថិជនដែលមានតម្រូវការ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រចំពោះការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលឱ្យសមាគមទាំងពីរពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករ ដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅតាមលទ្ធភាព ឬក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។ សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញ និងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុលបង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើទាហានកម្ពុជា ទាំង១៨រូប អាចមានសង្ឃឹមទទួលបានការដោះលែងទេ ក្រោយមេបក្សភូមិចៃថៃ ក្លាយជាមេដឹកនាំថ្មីរបស់ថ្មី?

គិតមកទល់ពេលនេះមានរយៈពេល៣៨ថ្ងៃហើយ ដែលកងកម្លាំងកម្ពុជា ចំនួន១៨នាក់ ត្រូវបានទ័ពថៃ ចាប់យកទៅ និងឃុំខ្លួនដោយខុសច្បាប់ បើទោះបីរាជរដ្ឋាភិបា…

លោក អានុទីន ឆានវីរៈគុល ក្លាយជានាយករដ្ឋមន្ត្រីទី៣២ របស់ថៃ ជំនួសលោកស្រី ផែថងថាន

នៅទីបំផុតប្រទេសថៃ រកបាននាយករដ្ឋមន្ត្រីថ្មីជំនួសតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ហើយ គឺលោក អានុទីន ឆានវីរៈគុល (Anutin Chanvrakul) ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ