នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

តើនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ផ្តោតលើការដោះស្រាយបញ្ហាសំខាន់ៗអ្វីខ្លះ?


ចាប់តាំងពីបោះឆ្នោតនៅឆ្នាំ២០២៣ រហូតមកទល់ពេលនេះ ប្រទេសថៃបានផ្លាស់ប្តូរនាយករដ្ឋមន្រ្តីចំនួន៣រូប ដោយនាយករដ្ឋមន្រ្តីនីមួយៗអាចកាន់អំណាចតិចជាង១ឆ្នាំ ក្នុងនោះនាយករដ្ឋមន្រ្តីទី៣២ គឺលោក អនុទីន ឆានវីរៈគុល អាចកាន់តែអំណាចខ្លីជាងគេ ដោយសារ លោក ត្រូវរំលាយសភាបោះឆ្នោតឡើងវិញនៅក្នុងរយៈពេល៤ខែក្រោយការបង្កើតរដ្ឋាភិបាលរួច។
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ
ដោយ

នៅក្នុងរយៈពេល៤ខែនេះ លោក អនុទីន បានផ្តោតលើការដោះស្រាយបញ្ហាធំៗ៤រួមមានបញ្ហាសេដ្ឋកិច្ច សន្តិសុខព្រំដែន និងកិច្ចការបរទេស ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងបញ្ហាសង្គម និងឧក្រិដ្ឋកម្ម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

ក្រោយសភាបោះឆ្នោតគាំទ្រឱ្យធ្វើជានាយករដ្ឋមន្រ្តីថៃទី៣២ និងទទួលបានការតែងតាំងជាផ្លូវការពីព្រះហាក្សត្រថៃកាលពីថ្ងៃទី៧ ខែកញ្ញា ភ្លាម លោក អនុទីន ឆានវីរៈគុល បានដាក់ចេញគោលនយោបាយដោះស្រាយការងារអាទិភាពធំៗចំនួន៤សម្រាប់របស់រដ្ឋាភិបាលមានអាយុកាល៤ខែរបស់លោក។ ក្នុងនោះលោក អនុទីន នឹងផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ច សន្តិសុខព្រំដែន និងកិច្ចការបរទេស ការឆ្លើយតបនឹងគ្រោះមហន្តរាយ, និងបញ្ហាសង្គម និងឧក្រិដ្ឋកម្ម។

លោក អនុទីន បានចាត់ទុកការជំរុញសេដ្ឋកិច្ចជាគោលដៅអាទិភាព ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ដោះស្រាយ ជាពិសេសពាក់ព័ន្ធនឹងជីវភាពរបស់ប្រជាពលរដ្ឋ រាប់ចាប់តាំងពីតម្លៃថាមពល ការដឹកជញ្ជូន បំណុល និងការជំរុញប្រាក់ចំណូលសហគមន៍ និងសហគ្រាសធុនតូច និងមធ្យម។ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខព្រំដែន និងកិច្ចការបរទេស លោក អនុទីន បានសន្យាដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ដើម្បីការពារកុំឲ្យមានអ្នកស្លាប់ និងរបួស។ លោកបន្តថា យោធានឹងទទួលបានការគាំទ្រពេញលេញ ហើយលោកនឹងប្រើប្រាស់ទំនាក់ទំនងរបស់លោកជាមួយនឹងយោធាដោះស្រាយបញ្ហានេះ។

ដោយឡែកពាក់ព័ន្ធនឹងគ្រោះមហន្តរាយ លោក អនុទីន បានដាក់ចេញនូវផែនការរួម ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព្រមានជាមុន និងការគ្រប់គ្រងគ្រោះមហន្តរាយ ការពន្លឿនការផ្តល់សំណងសម្រាប់ជនរងគ្រោះ និងការពង្រឹងយន្តការស្តារឡើងវិញ ដើម្បីដោះស្រាយបញ្ហាគ្រោះធម្មជាតិ។ ហើយសម្រាបបញ្ហាសង្គម និងឧក្រិដ្ឋកម្ម លោក អនុទីន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្ក្រាបលើការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការឆបោក និងការលេងល្បែងតាមអ៊ីនធឺណិត។

ក្រោយលោក អនុទីន ដឹកនាំរដ្ឋាភិបាលបាន៤ខែ លោកនឹងរំលាយសភាហើយរៀបចំការបោះឆ្នោតឡើងវិញ តាមការសន្យាជាមួយនឹងគណបក្សប្រជាជនថៃ ដែលគាំទ្របេក្ខភាពរបស់លោក ប៉ុន្តែអ្នកវិភាគបានអះអាងថា ក្រោយលោករំលាយសភា លោក អនុទីន អាចនឹងបន្តដឹកនាំរដ្ឋាភិបាលនេះនៅក្នុងនាមជានាយករដ្ឋមន្រ្តីចាំផ្ទះបានពី៦ ទៅ៨ខែបន្តថែមទៀត អាស្រ័យលើស្ថានភាពជាក់ស្តែង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីជប៉ុននឹងចុះចេញពីតំណែង ដើម្បីទទួលកំហុសដែលធ្វើឱ្យបាត់សំឡេងគាំទ្រក្នុងសភាជាន់ខ្ពស់

នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គឺរុ អ៊ីស៊ីបា (Shigeru Ishiba) កាលពីថ្ងៃទី៧ ខែកញ្ញា បានអះអាងថា លោកនឹងចុះចេញពីតំណែង ដើម្បីទទួលខុសត្រូវចំ…

ក្រុមហ៊ុនហ្វីលីពីន និងកម្ពុជាចំនួនពីរ សហការគ្នា ដើម្បីស្វែងរកឱកាសធ្វើពាណិជ្ជកម្មចែកចាយផលិតផលនៅទីផ្សារកម្ពុជា

ក្រុមហ៊ុន Destileria Limtuaco & Co., Inc. ជាក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ដែលមានវ័យចំណាស់ជាងគេបង្អស់នៅ ប្រទេសហ្វីលីពីន បានចាប់ដៃគ្នាជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ