ប្រទេសចិន - កោះតៃវ៉ាន់ - អាមេរិក

តើចិនប្រកាន់យកវិធានការណ៍អ្វីខ្លះ ដើម្បីប្រឆាំងនឹងជំនួបរវាងប្រធានាធិបតីកោះតៃវ៉ាន់ និងប្រធានសភាអាមេរិក?


ជំនួបរវាងមេដឹកនាំកំពូលកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) និងប្រធានសភាសហរដ្ឋអាមេរិក លោក ខេវិន ម៉ាកខាធី នៅរដ្ឋកាលីហ្វ័ញ៉ា កាលពីថ្ងៃពុធ បានជំរុញឱ្យអាជ្ញាធរចិនបានប្រកាសចេញវិធានការត្រួតពិនិត្យចរាចរណ៍នាវាទាំងអស់នៅច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែវិធានការណ៍នេះត្រូវបានអាជ្ញាធរកោះតៃវ៉ាន់បដិសេធមិនចូលរួមអនុវត្តជាមួយចិននោះទេ។ តើអាជ្ញាធរចិនប្រកាន់យកវិធានការណ៍អ្វីខ្លះប្រឆាំងនឹងជំនួបរវាងមេដឹកនាំកោះតៃវ៉ាន់ និងប្រធានសភាសហរដ្ឋអាមេរិក? នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
តើចិនប្រកាន់យកវិធានការណ៍អ្វីខ្លះ ដើម្បីប្រឆាំងនឹងជំនួបរវាងប្រធានាធិបតីកោះតៃវ៉ាន់ និងប្រធានសភាអាមេរិក? រូបភាព Reuters

ក្រោយពេលដែលលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) មេដឹកនាំកោះតៃវ៉ាន់បានបោះជំហានចូលទឹកដីអាមេរិកនៅរដ្ឋកាលីហ្វ័ញ៉ា កាលពីថ្ងៃពុធកន្លងទៅនេះ អាជ្ញាធរចិនបានប្រកាសដាក់ការត្រួតពិនិត្យចរាចរណ៍នាវាទាំងអស់នៅច្រកសមុទ្រតៃវ៉ាន់ ។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រខេត្ត ហ្វូជៀន( Fujian) របស់ចិន បានចាប់ផ្តើមធ្វើប្រតិបត្តិការល្បាតនិងអធិការកិច្ចពិសេសរួមគ្នា រយៈពេលបីថ្ងៃ នៅភាគកណ្តាលនិងភាគខាងជើងនៃច្រកសមុទ្រតៃវ៉ាន់ ដែលរួមមានទាំងការឡើងត្រួតពិនិត្យលើកប៉ាល់នានាទៀតផង។

រដ្ឋបាលសុវត្ថិភាពដែនសមុទ្រខេត្តហ្វូជៀន ដែលបានប្រកាសអំពីរឿងនេះតាមបណ្តាញសង្គម វីឆាត (WeChat) បានឲ្យដឹងថា ការសម្រេចចិត្តនេះបានកើតឡើងចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់ បន្ទាប់ពីប្រធានសភាអាមេរិក លោក ខេវិន ម៉ាកខាធី ( Kevin McCarthy) បានធ្វើជាម្ចាស់ផ្ទះទទួលលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ។ ជំនួបនោះបានធ្វើឱ្យលោក ម៉ាកខាធី ក្លាយជាឥស្សរជនជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលបានជួបមេដឹកនាំតៃវ៉ាន់នៅលើដីសហរដ្ឋអាមេរិកក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃពុធនោះ អាជ្ញាធរសុវត្ថិភាពដែនសមុទ្រក្នុងខេត្តភាគអាគ្នេយ៍នៃប្រទេសចិននោះ បានរៀបរាប់ថា ប្រតិបត្តិការនេះរួមមាន"ការត្រួតពិនិត្យនៅនឹងកន្លែង"លើនាវាដឹកទំនិញដែលធ្វើដំណើរឆ្ពោះទៅគោលដៅឥតសម្រាក និងនាវាសំណង់នៅសងខាងច្រកសមុទ្រតៃវ៉ាន់ ដើម្បីធានាសុវត្ថិភាពនាវាចរណ៍ និងធានាឱ្យមានប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងសណ្តាប់ធ្នាប់។

ជាការឆ្លើយតប ការិយាល័យដែនសមុទ្រនិងកំពង់ផែនៃក្រសួងដឹកជញ្ជូនតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលថា ខ្លួនប្រឆាំងនឹងចំណាត់ការរបស់ចិន។

ភាគីតៃវ៉ាន់បានលើកឡើងថា ខ្លួនបានជូនដំណឹងដល់ប្រតិបត្តិករដឹកជញ្ជូនដែលពាក់ព័ន្ធថា ប្រសិនបើពួកគេជួបប្រទះសំណើត្រួតពិនិត្យបែបនេះពីអាជ្ញាធរចិន នាវាទាំងអស់គួរតែបដិសេធ ហើយជូនដំណឹងជាបន្ទាន់ដល់ឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ ដើម្បីឱ្យពួកគេមកជួយ។

ប្រភពដដែលបានបញ្ជាក់ថា ប្រសិនបើភាគីដីគោកទទូចឱ្យធ្វើសកម្មភាពតែម្ខាងបែបនេះ វានឹងបង្កើតឧបសគ្គដល់ការផ្លាស់ប្តូរទំនិញនិងអ្នកដំណើររវាងភាគីទាំងពីរ។ យើងនឹងត្រូវបង្ខំឱ្យចាត់វិធានការឆ្លើយតប ប៉ុន្តែទោះបីជាយ៉ាងណា ការិយាល័យដែនសមុទ្រនិងកំពង់ផែរបស់ក្រសួងដឹកជញ្ជូនតៃវ៉ាន់មិនបានបញ្ជាក់លំអិតអំពីការឆ្លើយតបនោះលំអិតឡើយ។

គេដឹងថា តំបន់ប្រតិបត្តិការត្រួតពិនិត្យដែលដាក់ចេញដោយអាជ្ញាធរចិន គឺគ្របដណ្តប់លើផ្លូវនាវាដឹកកុងតឺន័ររបស់តៃវ៉ាន់ នៅតំបន់ ភីងតាន (Pingtan), ផ្លូវនាវាដឹកអ្នកដំណើរតួចៗចំនួន៣, ផ្លូវនាវាសម្រាប់ត្រួតពិនិត្យកប៉ាល់ដឹកទំនិញរបស់អាជ្ញាធរគយតៃវ៉ាន់, តំបន់ចរាចរណ៍នាវាពាណិជ្ជកម្មនិងនេសាទ និងតំបន់ដែលកំពុងតែមានសកម្មភាពធ្វើអាជីវកម្មរ៉ែខ្សាច់ខុសច្បាប់នៅតៃវ៉ាន់ផងដែរ។

ច្រកសមុទ្រតៃវ៉ាន់គឺច្រកដ៏ចម្រូងចម្រាស់ ដែលមានទទឹងប្រវែងប្រមាណជា ១៨០ គីឡូម៉ែត្រ នៅក្នុងសមុទ្រចិនខាងត្បូង។ ទីនោះគឺជាច្រកដែលភ្ជាប់ពីសមុទ្រចិនខាងកើត ទៅខាងជើង ពោលគឺជាច្រកដែលបែងចែករវាងចិនដីគោក និងកោះតៃវ៉ាន់៕




អត្ថបទបន្ទាប់


សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងវិស័យបរធនបាលកិច្ច”

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការវាយតម្លៃហានិភ័យថ្នាក់ជាតិពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងវិស័យបរធនប…

តើវៀតណាមប្រឹងប្រែងអ្វីខ្លះ ក្នុងការរក្សាតុល្យភាពរវាងទំនាក់ទំនងជាមួយអាមេរិក និងចិន?

មេដឹកនាំកំពូលៗរបស់វៀតណាមកាលពីសប្តាហ៍មុន បាននិយាយពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសមភាគីចិន និងអាមេរិក។ កិច្ចសន្ទនាបន្តបន្ទាប់គ្នាជាមួយនាយក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ