សហគមន៍អន្តរជាតិ

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងសង្គម ជំរុញឱ្យរាជរដ្ឋាភិបាលប្ដឹងទៅសហគមន៍អន្តរជាតិ ជុំវិញករណីទាហានថៃ រាយបន្លាលួសព័ទ្ធយកភូមិអ្នកស្រុក


ក្រុមអ្នកវិភាគផ្នែកភូមិសាស្ត្រនយោបាយ និងសង្គម បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើកំណត់ហេតុ និងដាក់ពាក្យប្ដឹងទៅកាន់សហគមន៍អន្តរជាតិ ចំពោះករណីដ៏គឃ្លើន និងអមនុស្សធម៌របស់ក្រុមទាហានប៉ារ៉ា និងតម្រួតថៃ ដែលបានចុះមកវាយកម្ទេចផ្ទះអ្នកស្រុក និងរាយបន្លាលួសព័ទ្ធដីភូមិ និងបានបណ្ដេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងកាលពីពេលថ្មីៗនេះ ដើម្បីឱ្យអន្តរជាតិពិសេសប្រធានអាស៊ាន ជួយរកយុត្តិធម៌ និងផ្ដល់ដោះស្រាយដោយសន្តិវិធី ចំពោះសកម្មភាពរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា។
សហគមន៍អន្តរជាតិ
ដោយ

ក្រសួងការពារជាតិថៃ កាលពីថ្ងៃទី ១៣ ខែកក្កដា បានអះអាងថា នៅថ្ងៃទី ១២-១៣ ខែសីហា មានក្រុមទាហានប៉ារ៉ា និងតម្រួតថៃ បានចុះមករាយបន្លាលួសព័ទ្ធផ្ទះ និងដីភូមិប្រជាពលរដ្ឋខ្មែរ នៅតំបន់៥ ភូមិព្រៃច័ន្ទ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលសកម្មភាពនេះ គឺជាទង្វើរំលោភបំពាន បទឈប់បាញ់  និងស្មារតីកិច្ចប្រជុំវិសាមញ្ញព្រំដែនកម្ពុជាថៃ (CBC)។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃបានយកបន្លាលួសទៅហុំព័ទ្ធផ្ទះរបស់ប្រជាពលរដ្ឋខ្មែរ គឺស្ថិតក្នុងទឹកដីកម្ពុជាមិនមែនជាតំបន់ជម្លោះនោះទេ ដែលទង្វើនេះបាននិងកំពុងរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា និងរំលោភទៅលើបទឈប់បាញ់ផងដែរ។ អ្នកជំនាញរូបនេះ បានសង្កត់ធ្ងន់ថា ក្រសួងពាក់ព័ន្ធ ត្រូវប្រកាសតវ៉ាយ៉ាងដាច់ខាត ចំពោះការរំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ ត្រូវចេញញ្ញត្តិថ្កោលទោស និងវៀបចំកំណត់ហេតុរឿងទាំងអស់ទុក ដើម្បីប្ដឹងទៅប្រធានអាស៊ាន និងសហគមន៍អន្តរជាតិដូចជាអាមេរិក ចិន និងប្ដឹងទៅអង្គការអន្តរជាតិជាច្រើនទៀត ព្រមទាំង បន្តប្រើយន្តការកាទូតឱ្យសកម្ម និង ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យពិភពលោកបានដឹងពីធាតុពិតអាក្រក់របស់ភាគីថៃ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា រដ្ឋាភិបាលកម្ពុជាអាចកោះហៅភាគីថៃមកប្រជុំចរចា ដើម្បីដោះស្រាយលើបញ្ហានេះតាមរយៈ គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ឱ្យអស់លទ្ធភាពសិន មុននឹងបន្ដចំណាត់ការក្ដៅផ្សេងៗទៀត។

ជាមួយគ្នានេះលោក សេង វណ្ណលី អ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា សកម្មភាពបង្កហេតុរបស់ថៃ តាមរយៈរាយបន្លាលួសចូលដីផ្ទះប្រជាពលរដ្ឋខ្មែរក្នុងទឹកដីខ្មែរនេះ មានគោលបំណងចង់ឱ្យកម្ពុជាឆ្លើយតបដោយកម្លាំង នោះពួកគេនឹងបានឱកាសវាយបកដោយប្រដាប់អាវុធមកវិញ ដើម្បីបំពេញមហិច្ឆតាឈ្លានពានជាថ្មីមកលើកម្ពុជា។ លោកបានបន្ថែមថា កម្ពុជាត្រូវតានដានឱ្យបានជាប់លាប់លើបញ្ហានេះ និងត្រូវរាយការណ៍ទៅប្រទេសទី៣ និងបន្ដប្ដឹងទៅតុលាការ ICJ ប្រសិនបើចាំបាច់។    

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មីបានលើកឡើងថា ថៃតែងតែធ្វើទង្វើផ្គើនមកលើកម្ពុជាជាញឹកញាប់ និងមិនបានគោរពតាមបទឈប់បាញ់ដែលបានចូលជាធរមាននោះទេ។ បើតាមលោក មាជ សុវណ្ណារ៉ា ខណៈពេលនេះ រាជរដ្ឋាភិបាលនៃប្រទាំងពីរមិនអាចចរចាជាលក្ខណៈទ្វេភាគី ឬក៏ឃាត់ឃាំង ឬប្រើកងកម្លាំងប្រដាប់អាវុធបាននោះឡើយ ក្រៅពីអនុវត្តនូវបទឈប់បាញ់គ្នាឱ្យបានខ្ជប់ខ្ជួន ដោយមិនបង្កអរិយភាពព្រំដែនជាមួយប្រទេសថៃនោះឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥  ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានចុះសង្កេតការណ៍ជាក់ស្ដែង នៅភូមិព្រៃចាន់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ បន្ទាយមានជ័យ ជាទីតាំងដែលយោធាថៃ បានរាយលួសបន្លា ថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥។ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌរាល់សកម្មភាព រំលោភបំពានបទឈប់បាញ់ និងស្មារតីកិច្ចប្រជុំវិសាមញ្ញព្រំដែនកម្ពុជាថៃ (CBC)៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរា នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

(ខេត្តកណ្ដាល)៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីតំណ…

តើអាស៊ាន អាចជាទីផ្សារសំខាន់របស់កម្ពុជា សម្រាប់ការធ្វើពិពិធកម្មទីផ្សារនាំចេញឬយ៉ាងណា ក្រោយរងសម្ពាធពន្ធគយពីអាម៉េរិក?

ការធ្វើពិពិធកម្មទីផ្សារ គឺជាយន្តការដ៏សំខាន់មួយក្នុងការជួយជំរុញការនាំចេញ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងបរិបទ ដែលកម្ពុជាកំពុងរងនូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ