បើតាមការចេញផ្សាយរបស់សារព័ត៌មាន ឌឹ អិច (The Edge) បានឱ្យដឹងថា ម៉ាឡេស៊ី ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចន្លោះពី៤%ទៅ៥%ក្នុងឆ្នាំនេះ ដោយសារកត្តាជំរុញមួយចំនួនដូចជា កំណើននៃការប្រើប្រាស់ក្នុងស្រុក និងការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មពិភពលោកជាដើម។ ប៉ុន្តែក្រុមអ្នកជំនាញសេដ្ឋកិច្ច ក៏បានលើកឡើងដែរ ពីហានិភ័យ ឬឧបសគ្គធំៗចំនួន៥ ដែលអាចបន្ទុចបង្អាក់ដល់កំណើន GDP តាមការរំពឹងទុករបស់ប្រទេសនេះ ដោយក្នុងនោះមានហានិភ័យចំនួន៤ ដែលហួសពីការគ្រប់គ្រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី។
ឧបសគ្គទី១ គឺកត្តាភូមិសាស្ត្រនយោបាយ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចសង្គម (SERC) លោក លី ហេង ហ្គី (Lee Heng Guie) ដែលព្យាករថា GDP របស់ម៉ាឡេស៊ីនឹងកើនឡើង៤.៥% នៅឆ្នាំ២០២៤ បានប្រាប់សារព័ត៌មាន ឌឹ អិច (The Edge) ថា ភាពតានតឹងភូមិសាស្ត្រនយោបាយបង្ហាញពីហានិភ័យរាំងស្ទះដល់ការរីកចម្រើនរបស់ប្រទេសនេះ រួមទាំងភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ជម្លោះនៅអ៊ុយក្រែន និងសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ។
ឧបសគ្គទី២ គឺទស្សនវិស័យកំណើនដ៏គួរឱ្យព្រួយបារម្ភរបស់ប្រទេសចិន។ បើតាមធនាគារ Maybank Investment Bank កំណើនដ៏គួរឱ្យខកចិត្តរបស់ប្រទេសចិន ក្រោយវិបត្តិកូវីដ-១៩ ត្រូវបានគេមើលឃើញថា ជាហានិភ័យដ៏សំខាន់ចំពោះទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងអាស៊ាន ដែលវាអាចជះផលប៉ះពាល់ដល់កំណើនរបស់ម៉ាឡេស៊ីផងដែរ។
ឧបសគ្គទី៣ គឺពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចរបស់អាមេរិក។ កំណើនសេដ្ឋកិច្ចរបស់ម៉ាឡេស៊ីពឹងផ្អែកមួយផ្នែកទៅលើសេដ្ឋកិច្ចរបស់អាមេរិក ព្រោះថា ប្រសិនបើសេដ្ឋកិច្ចអាមេរិក មិនធ្លាក់ចុះខ្លាំងពេកទេនៅឆ្នាំនេះ នោះម៉ាឡេស៊ី នឹងសម្រេចបានកំណើនសម្រាប់ឆ្នាំនេះជិត៥% ប៉ុន្តែធនាគារ Maybank Investment Bank រំពឹងថា កំណើនសេដ្ឋកិច្ចអាមេរិក នឹងធ្លាក់ចុះថែមទៀតនៅឆ្នាំនេះ។
ឧបសគ្គទី៤ គឺការតាមឃ្លាំមើលការបោះឆ្នោតសំខាន់ៗមួយចំនួន។ នៅឆ្នាំ២០២៤ នេះនឹងមានការបោះឆ្នោតមួយចំនួនដែលគេកំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាអាចនឹងប៉ះពាល់ដល់ទំនាក់ទំនងអន្តរជាតិ និងកំណើនសកល។ ការបោះឆ្នោតទាំងនេះរួមមានការបោះឆ្នោតនៅតៃវ៉ាន់ នៅថ្ងៃទី១៣ ខែមករា ការបោះឆ្នោតនៅឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកុម្ភៈ និងការបោះឆ្នោតនៅអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាផងដែរ។
ឧបសគ្គចុងក្រោយគឺការងាយរងគ្រោះនៅម៉ាឡេស៊ីផ្ទាល់តែម្ដង។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានកត់សម្គាល់ថា បើទោះជាម៉ាឡេស៊ី មានឆាកនយោបាយប្រកបដោយស្ថិរភាពនាពេលបច្ចុប្បន្ន បើធៀបនឹងឆ្នាំមុនក៏ពិតមែន ប៉ុន្តែវានៅតែមានភាពងាយរងគ្រោះនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក ដែលវាអាចធ្វើឱ្យសមត្ថភាពរបស់ប្រទេសនេះចុះខ្សោយនៅក្នុងការទប់ទល់នឹងស្ថានភាពមិនប្រាកដប្រជាជាសកល៕
អត្ថបទ៖ សុខ ជា