ទីផ្សារទុរេនកំពត

ទីផ្សារទុរេនកំពតឆ្នាំនេះ រងផលប៉ះពាល់អ្វីខ្លះ នៅអំឡុងកូវីដ-១៩ កំពុងរាតត្បាតខ្លាំងក្លានេះ?


រដូវកាលទុរេនកំពតបានមកដល់ហើយ ម្ចាស់ចំការទុរេនភាគច្រើននៅខេត្តកំពតឲ្យដឹងថា តម្លៃទុរេនមិនមានការប្រើប្រួលខ្លាំងទេនៅឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ពោលគឺនៅមានចន្លោះពី ១.៦០០០រៀលទៅជាង២.០០០០រៀល ក្នុងមួយគីឡូក្រាម ជាតម្លៃបោះដុំនៅពេលទិញដល់ចំការ។ ប៉ុន្តែ កសិករដាំទុករេនខ្លះ ក៏មានការព្រួយបារម្ភពីផលប៉ះពាល់នៃទីផ្សារទុរេនដែរ ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ព្រោះរាជធានីភ្នំពេញជាទីផ្សារធំសម្រាប់ទុរេនកំពត។
អាជ្ញាធរខេត្តកំពតព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះឈ្មួញយកទុរេនពីប្រទេសជិតខាង មកក្លែងបន្លំថាជាទុរេនកំពត
ដោយ

ឧកញ៉ា ចាន់ ស៊ីថា ជាម្ចាស់ចំការទុរេនខេត្តកំពត បានអះអាងថា ទិន្នផលទុរេនរបស់លោកនៅឆ្នាំនេះ អាចនឹងមានផ្លែច្រើនជាងឆ្នាំមុន  តែលោកមានការព្រួយបារម្ភខ្លះដែរ ពីការអូសបន្លាយនៃជំងឺកូវីដ-១៩ ជាពិសេសការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដែលធ្វើឲ្យពិបាកក្នុងការដឹកជញ្ជូនចេញចូល ព្រោះថារាជធានីភ្នំពេញ ជាទីផ្សារធំសម្រាប់ទុរេនកំពត។

យ៉ាងណាក៏ដោយចុះ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពតបានបញ្ជាក់ថា ផលទុរេនលក់ចេញទៅក្រៅខេត្តមិនស្ទះទេ គឺមានអតិថិជនឱ្យផ្ញើទៅបណ្ដាខេត្ត និងរាជធានីតាមធម្មតា ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងក៏ដោយ។

អ្នកនាង ផន ណាសាង ម្ចាស់ចំការទុរេននៅភូមិអន្លង់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានឲ្យក្រុមការងារខេមបូណូមីសដឹងថា ឆ្នាំនេះ តម្លៃបោះដុំទុរេន មិនសូវខុសពីឆ្នាំមុនប៉ុន្មាននោះទេ ពោលគឺចន្លោះពី១៦.០០០រៀលទៅជាង២០.០០០រៀល ក្នុងមួយគីឡូក្រាម។ ម្ចាស់ចម្ការទុរេនរូបនេះ អះអាងទៀតថា ឆ្នាំនេះ ថ្វីត្បិតតែមានការផ្ទុះជំងឺ-១៩ក្នុងសហគមន៍ខ្លាំងមែន តែអ្នកនាងយល់ថា ការលក់ទុរេនងាយស្រួលជាងឆ្នាំមុន ដោយសារការរិតត្បិតច្រកព្រំដែន ដូចនេះ ទុរេនក្នុងស្រុកមិនចាំបាច់ប្រកួតប្រជែងជាមួយទុរេនពីក្រៅស្រុកនោះទេ។

ចំណែកលោក នួន មឿន ម្ចាស់ចំការទុរេន ដែលមានទីតាំងនៅភូមិអណ្តូង ឃុំអណ្តូងខ្មែរ ស្រុកទឹកឈូ ខេត្តកំពត ប្រាប់ក្រុមការងារខេមបូណូមីសថា លោកមិនមានការព្រួយបារម្ភពីការផ្ទុះជំងឺ-១៩ក្នុងសហគមន៍ ជាពិសេសនៅរាជធានីភ្នំពេញនោះទេ ព្រោះថា ទីផ្សារលក់ទុរេនរបស់លោក ភាគច្រើននៅក្នុងខេត្តកំពត។ ម្យ៉ាងវិញ ខេត្តក៏បានបើកឲ្យដំណើរការរមណីយដ្ឋានទេសចរឡើងវិញហើយដែរ ដូចនេះលោកយល់ថា ការលក់ទុរេនរបស់លោកនៅឆ្នាំនេះ នឹងមិនមានជួបបញ្ហានោះ។ ម្យ៉ាងវិញទៀតលោកអះអាងថា ទុរេនកំពតឆ្នាំនេះ មិនមានចេញផ្លែច្រើនស្រុះគ្នានោះទេ ដូចនេះ អាចលក់តាមដំណើរបានរហូតដល់ខែកក្កដា ឬខែសីហា។

បើតាមតួលេខពីមន្ទីរកសិកម្មខេត្តកំពតបានបង្ហាញថា ទុរេនកំពតឆ្នាំនេះ ទទួលបានទិន្នផលកើនជាងឆ្នាំមុនប្រមាណ ២៥% ដោយសារអាកាសធាតុអំណោយផល ដោយគិតត្រឹមពាក់កណ្តាលមេសា បរិមាណប្រមូលផលបានជាង ១ម៉ឺនតោនហើយ នៅលើផ្ទៃដីដាំដុះជិត ៩០០ហិកតា ក្នុងចំណោមផ្ទៃដីដាំដុះសរុបជាង ១ពាន់ ហិកតា នៅក្នុងស្រុកទឹកឈូក ស្រុកទឹកឈូរ និងក្រុងកំពត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី៖ គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារ នៅតែអភិវឌ្ឍទៅតាមផែនការ

ព័ត៌មាន
គម្រោងថ្មី ដែលមានឈ្មោះថា ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ តម្លៃជាង២០០លានដុល្លារ ដែលជារបស់មហាសេដ្ឋីអចលនទ្រព្យដ៏ល្បីនៅកម្ពុជា គឺអ្នកឧកញ៉ា សៀ ឫទ្ធី ន…

កម្ពុជាកំពុងសិក្សាលទ្ធភាពកាត់បន្ថយចំណាយថ្លៃដើម ដើម្បីបង្កើនការនាំចេញអង្ករ

ព័ត៌មាន
នៅចំពេលដែល ការនាំចេញអង្កររបស់កម្ពុជានៅដើមឆ្នាំ២០២១នេះ បានបង្ហាញពីការធ្លាក់ចុះនោះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងកំពុងពិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ