
លោកសាស្រ្តាចារ្យ ឯម សុវណ្ណរ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា នៅក្នុងបរិបទបច្ចុប្បន្ន កម្ពុជា មិនមានជម្រើសអ្វីក្រៅពីការប្រើយន្តការការទូតនោះទេ។ បន្ថែមលើនេះ កម្ពុជា ត្រូវមានមានយន្តការកសាងទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសលោកខាងលិច និងលោកខាងកើត ដូចជាសហរដ្ឋអាម៉េរិក និងចិន ជាដើម និងជំរុញឱ្យមានការអនុវត្តគោលការណ៍ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ព្រមទាំងការពង្រឹងកម្លាំងការពារជាតិ ដោយមិនត្រូវបណ្ដែតបណ្ដោយឱ្យថៃ ធ្វើសកម្មភាពតាមចិត្តនោះទេ ព្រោះអាចនឹងធ្វើឱ្យកម្ពុជា បាត់បង់ទឹកដី និងបាត់ជំនឿចិត្តពីពលរដ្ឋ។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា កម្ពុជា បានអនុវត្តពេញលេញតាមគោលការណ៍នៃបទឈប់បាញ់ ប៉ុន្តែភាគីថៃ មិនបានអនុវត្តតាមអ្វី ដែលបានព្រមព្រៀងគ្នានោះឡើយ ហើយបានបន្តរំលោភបំពានមកលើទឹកដីរបស់កម្ពុជា ដោយធ្វើសកម្មភាពតាមរូបភាពជាច្រើន ទោះបីមានក្រុមអ្នកអង្កេតការណ៍អន្តរកាលរបស់អាស៊ានក៏ដោយ។ ទន្ទឹមនេះអ្នកជំនាញរូបនេះ សង្កេតឃើញថា បណ្ដាប្រទេសមួយចំនួនហាក់មិនមានឆន្ទៈពិតប្រាកដក្នុងការចូលរួមជួយដោះស្រាយភាពតាងតឹងរវាងកម្ពុជានិងថៃ ដោយតម្លាភាព និងការគោរពច្បាប់នោះទេ។ តែយ៉ាងណា លោកបណ្ឌិតសង្កត់ធ្ងន់ថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រើវិធីការទូត និងបង្កើតទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសជាមិត្ត ដើម្បីកៀរគរឱ្យបណ្ដាប្រទេសនានា ចាត់តំណាងចុះអង្កេតការណ៍តាមបន្ទាត់ព្រំដែនបន្ថែមទៀតជាដើម។
ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា មកដល់ពេលនេះ កម្ពុជា នៅតែប្រឈមការលំបាកដោយសារតែភាគីថៃ មិនគោរពគោលការណ៍ដែលបានព្រមព្រៀងគ្នា។ ស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញភូមិសាស្រ្តនយោបាយរូបនេះយល់ថា កម្ពុជា ត្រូវទប់ស្កាត់កុំឱ្យថៃ បន្តធ្វើសកម្មភាពរាយបន្លាលួសព័ទ្ធលំនៅឋានរបស់ពលរដ្ឋតាមបែបអហិង្សា និងការជូនដំណឹងទៅកាន់អន្តរជាតិ តាមរយៈការដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ឱ្យបានលឿន និងការដាក់លិខិតនៅក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ព្រមទាំងអាស៊ានជាដើម។
ពាក់ព័ន្ធបញ្ហានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើលិខិតសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព។ សម្រាប់សម្តេច ហ៊ុន ម៉ែណែត បញ្ហាភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ មិនត្រឹមតែបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាសម្រាប់តំបន់ទាំងមូលផងដែរ។ ទន្ទឹមនេះ សម្តេចធិបតី ស្នើឱ្យថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ៕
អត្ថបទ៖ បូ ដូឡា