កម្ពុជា មានរៀបចំផែនការយ៉ាងណា

តើកម្ពុជា បានរៀបចំផែនការមុនប៉ុន្មានឆ្នាំ ដើម្បីត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច?


បើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កម្ពុជា មានរៀបចំផែនការយ៉ាងណា
ដោយ

អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចអាចផ្ដល់ទាំងផលវិជ្ជមាន និងផលអវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា។ តើកម្ពុជា បានរៀបចំផែនការតាំងពីពេលណាក្នុងការត្រៀមចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច?

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ខាងមុខ វានឹងធ្វើឱ្យកម្ពុជា បាត់បង់ការអនុគ្រោះ និងជំនួយមួយចំនួន។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ អ្វីដែលកម្ពុជា ធ្លាប់ទទួលបាននឹងត្រូវបង្វែរទៅជួយដល់បណ្ដាប្រទេសផ្សេងទៀត ដែលក្រីក្រជាងកម្ពុជា។ ជាមួយគ្នានេះ គម្រោងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនអស់រយៈពេលជាយូរឆ្នាំមកហើយ ពោលគឺតាំងពីសម័យដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្រ្តីមកម៉្លេះ។ មន្ត្រីជាន់ខ្ពស់រូបនេះ បានចាត់ទុកគម្រោងចាកចេញពី LDC នេះ គឺជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងឥទ្ធិពល និងមុខមាត់របស់ខ្លួនទាំងលើឆាកជាតិ និងអន្តរជាតិ។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស បានគូសបញ្ជាក់ថា ដើម្បីឈានទៅសម្រេចបាននូវផែនការដែលបានដាក់ចេញកន្លងមក រាជរដ្ឋាភិបាល កំពុងតែអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ច ខណៈគោលនយោបាយនេះមានគោលដៅរួមចំណែករក្សាកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពពលរដ្ឋខ្មែរក្នុងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ជាមួយគ្នានេះ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងកាលពីពេលថ្មីៗថា ការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចវាផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមានសម្រាប់កម្ពុជា។ ក្នុងនោះក្រោយកម្ពុជា ចាកចេញពីឋានៈនេះ កម្ពុជានឹងបង់ការអនុគ្រោះពន្ធពាណិជ្ជកម្ម បាត់ការទទួលបានហិរញ្ញប្បទានក្នុងអត្រាការប្រាក់សម្បទាន និងជំនួយមួយចំនួនជាដើម។ យ៉ាងណាមិញ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣០ កម្ពុជាបានរៀបចំផែនការ យុទ្ធសាស្ត្រជាច្រើន ដើម្បីត្រៀមឆ្លើយតបនឹងផែនការចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចនេះ។

សូមបញ្ជាក់ថា ប្រសិនបើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តែយ៉ាងណាក្រោយការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច កម្ពុជា មិនទាន់បាត់បង់ការអនុគ្រោះ និងជំនួយផ្សេងៗភ្លាមៗនោះទេ ពោលគឺកម្ពុជា អាចបន្តទទួលបានការអនុគ្រោះនេះ ចន្លោះពី២ទៅ៣ឆ្នាំបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រោយចាកចេញពីឋានៈនេះហើយ កម្ពុជា ក៏អាចធ្លាក់មកជាប្រទេសមានការអភិវឌ្ឍតិចតួចវិញផងដែរ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


តើហេតុអ្វីបានជារដ្ឋាភិបាលម៉ាឡេស៊ី មិនព្រមចែកទ្រព្យសម្បត្តិជាមរតកជិត១៥ពាន់លានដុល្លារទៅឱ្យអ្នកទទួលមរតក?

ទ្រព្យសម្បត្តិមរតកតមានទំហំជិត១៥ពាន់លានដុល្លារ ដែលអ្នកស្លាប់បានបន្សល់ទុកសម្រាប់អ្នកទទួលមរតកនោះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលម៉…

លោក ដូណាល់ ត្រាំ ប្រកាសមិនដកថយចំពោះផែនការកាត់បន្ថយចំនួនមន្ត្រី ទោះបីមានការតវ៉ា

ទោះបីរងការរិះគន់ និងផ្ទុះការតវ៉ាជាសាធារណៈក៏ដោយ តែលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានអះអាងក្តែងៗពីការមិនដកថយចំពោះផែនការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ