ជប៉ុន - អឺរ៉ុប - អាមេរិក

នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ពាំនាំយកក្ដីកង្វល់សន្តិសុខអ្វីខ្លះទៅប្រាប់អឺរ៉ុប និងអាមេរិក?


នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីហ្ស៊ីដា នៅថ្ងៃច័ន្ទទី៨មករា បានចាប់ផ្តើមបេសសម្ម ដំណើរទស្សនកិច្ចផ្លូវរដ្ឋពេញមួយសប្តាហ៍តែម្តងស្ទើរនៅជុំវិញពិភពលោក ដើម្បីពង្រឹងទំនាក់ទំនង ពិសេសចំណងយោធាជាមួយអឺរ៉ុប និងក៏ដូចជាផ្តោតលើសម្ព័ន្ធភាពជប៉ុន-សហរដ្ឋអាមេរិក។ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសធំៗទាំងនេះ គឺនៅស្របពេលដែលជប៉ុនកំពុង ពង្រឹងកម្លាំងយោធាឱ្យខ្លាំងក្លាឡើងវិញ ដើម្បីតាមឱ្យទាន់ និងការពារការគំរាមកំហែងពីមហាយក្សចិន និងថ្មីៗនេះការគំរាមកំហែងពីរបបក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
តើលោកគីស៊ីដានឹងពិភាក្សាអំពីបញ្ហាសន្តិសុខអ្វីខ្លះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប និងអាមេរិក?

ក្រៅតែពីកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសុក្រទី១៤ខែមករា នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ក៏នឹងធ្វើដំណើរទៅជាន់ដីប្រទេសបារាំង អ៊ីតាលី អង់គ្លេស និងកាណាដា ដើម្បីបង្កើនទំនាក់ទំនងផ្នែកការពារជាតិរវាងជប៉ុន និងប្រទេសអឺរ៉ុបទាំងនោះ។ ទីក្រុងប៉ារីសនឹងក្រាលកំរាលព្រំក្រហម ទទួលលោកគីស៊ីដាមុនគេនៅល្ងាចថ្ងៃចន្ទទី០៩មករានេះ។

នៅមុនចាកចេញពីប្រទេសកំណើតរបស់ខ្លួន លោក គីហ្ស៊ីដា បាននិយាយថា៖ កិច្ចប្រជុំកំពូលរវាងលោកជាមួយលោក បៃដិន នឹងបញ្ជាក់ពីភាពរឹងមាំនៃសម្ព័ន្ធភាពជប៉ុន-អាមេរិក និងរបៀប ដែលប្រទេសទាំងពីរអាចធ្វើការកាន់តែជិតស្និទ្ធនៅក្រោមយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិថ្មីរបស់ជប៉ុន។ ក្នុងនោះ លោកនឹងពន្យល់ដល់លោក បៃដិន នូវយុទ្ធសាស្ត្រថ្មី ដែលជប៉ុនកំពុងពង្រឹងការការពារនៅលើកោះភាគនិរតីរបស់ខ្លួនដែលនៅជិតកោះតៃវ៉ាន់ រួមទាំងកោះ យ៉ូណាហ្គូនិ (Yonaguni) និងកោះ អ៊ីសីហ្កាគី(Ishigaki) ដែលជាមូលដ្ឋានទ័ពថ្មីកំពុងត្រូវបានសាងសង់ឡើង។

ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះរំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកនឹងធ្វើឱ្យទំនាក់ទំនងផ្ទាល់ខ្លួនកាន់តែស៊ីជម្រៅជាមួយមេដឹកនាំផ្សេងទៀត ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខដែលកំពុងក្តៅគគុក រួមទាំងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន បញ្ហាសេដ្ឋកិច្ចពិភពលោក និងសារៈសំខាន់នៃការការពារសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើច្បាប់អន្តរជាតិ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រុងតូក្យូ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅឯសេតវិមាន មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងមានពិភាក្សាអំពីបញ្ហាទាក់ទងនឹងប្រទេសចិន ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាសង្រ្គាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ។ មន្ត្រីរូបនោះបន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់លោក គីស៊ីដា លោកនឹងស្វែងរកការពង្រឹងទំនាក់ទំនងយោធាទ្វេភាគីជាមួយប្រទេសចំនួនបួនផ្សេងទៀត មិនត្រឹមតែសហរដ្ឋអាមេរិកនោះទេ។

ជាក់ស្តែង គេឃើញពីការអភិវឌ្ឍរួមគ្នារបស់ប្រទេសជប៉ុន និងការផលិតយន្តហោះចម្បាំងជំនាន់ក្រោយ F-X របស់ខ្លួនជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី សម្រាប់ការដាក់ពង្រាយ នៅឆ្នាំ២០៣៥។ សំណុំរឿងនេះ ក៏នឹងក្លាយជារបៀបវារៈកំពូលក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងរ៉ូម និងទីក្រុងឡុងដ៍ នៅថ្ងៃទី១០-១១ ខែមករានេះជាបន្តបន្ទាប់ផងដែរ។

លើសពីនោះ ជប៉ុន និងអង់គ្លេសក៏នឹងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងប្រតិបត្តិការយោធាជាមួយគ្នាទៅវិញទៅមក។ ក្រៅពីសន្ធិសញ្ញាសន្តិសុខជប៉ុន-អាមេរិកដែលអនុញ្ញាតឱ្យទាហានអាមេរិកឈរជើងនៅក្នុងប្រទេសជប៉ុន ទីក្រុងតូក្យូក៏មានកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយប្រទេសអូស្ត្រាលីដែរ ហើយចក្រភពអង់គ្លេសនឹងស្ថិតនៅលំដាប់បន្តបន្ទាប់ក្នុងកិច្ចព្រមព្រៀងនេះ។

ដោយឡែក អំឡុងពេលពិភាក្សាជាមួយប្រធានាធិបតីបារាំងលោកម៉ាក្រុង នាយករដ្ឋមន្ត្រីជប៉ុនរំពឹងថានឹងនាំយកការព្រួយបារម្ភអំពីសកម្មភាពដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង និងបញ្ជាក់ជាថ្មីពីសមយុទ្ធយោធារួមគ្នាជាមួយទីក្រុងប៉ារីសក៏ថាបាន៕




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា អង់គ្លេសនឹងលែងជាទីចាប់អារម្មណ៍ក្នុងការវិនិយោគតទៀតហើយ

ប្រទេសអង់គ្លេសជាប្រទេសដែលធ្លាប់តែមានសេដ្ឋកិច្ចធំលំដាប់ទី៤ ក្នុងពិភពលោក ពេលនេះកំពុងជួបប្រទះនូវអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាហេតុនាំ…

ក្រោយក្រុមហ៊ុន Tesla ប្រកាសបញ្ចុះតម្លៃលក់រថយន្តនៅប្រទេសចិន អ្នកទិញមុនៗនាំគ្នាតវ៉ាឲ្យក្រុមហ៊ុនបង្វិលប្រាក់សងវិញ

មួយថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនយក្ស Tesla បានប្រកាសបញ្ចុះតម្លៃរថយន្តរបស់ខ្លួនសម្រាប់ដើមឆ្នាំ២០២៣នេះ សម្រាប់ទីផ្សារប្រទេសចិន មានអ្នកជាវរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ