វិស័យសេដ្ឋកិច្ច

តើកម្ពុជា ត្រូវកែទម្រង់អ្វីខ្លះ ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០?


ទោះបីជាត្រូវប្រឈមនឹងសម្ពាធសកល ជាពិសេសវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ក៏ដោយ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចនៅតែបង្ហាញក្តីរំពឹងថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦នេះ នឹងបន្តមានភាពធន់ និងរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីឈានទៅសម្រេចមហិច្ឆតារយៈពេលវែងក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តើកម្ពុជា គួរមានយុទ្ធសាស្ត្រ និងការកែទម្រង់ស៊ីជម្រៅលើវិស័យអ្វីខ្លះ?
វិស័យសេដ្ឋកិច្ច
ដោយ

លោក ខេស៊ី បាណេត (Casey Barnett) អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦ បន្តបង្ហាញភាពរឹងមាំ និងធន់គួរឱ្យកត់សម្គាល់ បើទោះបីជាត្រូវប្រឈមនឹងសម្ពាធពីខាងក្រៅក៏ដោយ។ តែយ៉ាងណា លោកយល់ថា ចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលខ្ពស់របស់កម្ពុជា នៅឆ្នាំ២០៥០ អាចនឹងជួបឧបសគ្គ បើមិនមានការកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធការិយាធិបតេយ្យ និងអាជ្ញាបណ្ណអាជីវកម្មច្រើនទេនោះ។

ស្រដៀងគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា រាជរដ្ឋាភិបាលគួរធ្វើកំណែទម្រង់មួយចំនួន ដើម្បីទប់ទល់នឹងបញ្ហាប្រែប្រួលសកល ដែលកំពុងកើតមានដើម្បីឈានទៅសម្រេចគោលដៅរយៈពេលវែងរបស់ខ្លួន។ ក្នុងនោះអ្នកជំនាញរូបនេះយល់ថា រាជរដ្ឋាភិបាល គួរកែលម្អ និងជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា បន្ថែមទៀត ដើម្បីទាញយកតម្លៃបន្ថែមឱ្យបានខ្ពស់ជាងមុន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវជំរុញការអភិវឌ្ឍធនធានដែលមានជំនាញក្នុងវិស័យឧស្សាហកម្មឱ្យបានច្រើន ពិសេសកម្មន្តសាលធុនធ្ងន់ ដែលមានតួនាទីសំខាន់ក្នុងការរួមចំណែកជួយរុញកំណើនសេដ្ឋកិច្ចជាតិបានឆាប់រហ័ស។ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈតាមរយៈការកាត់បន្ថយតួនាទីស្ថាប័ន ដែលមិនចាំបាច់ និងគ្មានប្រសិទ្ធភាពមួយចំនួន ក៏ជាកត្តាចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវធ្វើផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ទោះបីសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នរក្សាបានភាពធន់ក៏ពិតមែន ប៉ុន្តែប្រសិនបើបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ នោះវានឹងជះផលប៉ះពាល់ដល់ថ្លៃដើមផលិតកម្ម ការនាំចេញ និងបង្កជាវិបត្តិអតិផរណាសកល។ ដូច្នេះដើម្បីទប់ស្កាត់ហានិភ័យរយៈពេលវែង អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា ត្រូវបន្តពង្រីកទីផ្សារនាំចេញ បង្កើនផលិតភាពទំនិញ និងសេវាកម្ម ដែលមានមានតម្លៃបន្ថែមខ្ពស់ និងឧត្តមភាពក្រកួតប្រជែង រួមទាំងបន្តគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន។ ជាមួយគ្នានេះរាជរដ្ឋាភិបាលត្រូវកែទម្រង់បន្ថែមលើការកសាងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងថាមពល ជំរុញសេដ្ឋកិច្ចឌីជីថល និងការគ្រប់គ្រងអត្រាអតិផរណា និងម៉ាក្រូសេដ្ឋកិច្ចឱ្យមានស្ថិរភាព។

យោងតាមផែនការយុទ្ធសាស្ត្រ ប្រសិនបើគ្មានការប្រែប្រួលទេ កម្ពុជានឹងចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត៖ អនាគតប្រទេសកម្ពុជាទៅថ្ងៃមុខគឺមានតែពឹងផ្អែកលើផលិតភាព

នៅក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និង ការប្រែប្រួលយ៉ាងលឿនរហ័ស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប…

តើរដ្ឋាភិបាល គួរដាក់ចេញយន្តការអ្វីខ្លះ ដើម្បីជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពីការកើនឡើងតម្លៃប្រេងឥន្ធនៈ?

ការហក់ឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន ដែលបណ្តាលមកពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងបង្កផលប៉ះពាល់ជាសកល រួមទាំងកម្ពុជា ផងដែរ។ វិបត្តិនេះបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ