ធនាគារនៅកម្ពុជា

តើនៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ វិស័យធនាគារសម្រេចបានលទ្ធផល និងជួបព្យុះភ្លៀងអ្វីខ្លះ?


សមាគមធនាគារនៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតសមាគមធនាគារនៅកម្ពុជា ក្រោមមូលបទ៖ «៣០ឆ្នាំនៃការរីកចម្រើននិងមិត្តភាព» ក្នុងគោលបំណងដើម្បីអបអរសាទរនូវសមិទ្ធផល ដែលសម្រេចបានកន្លងមក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាជិកនៃសមាគមឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ធនាគារនៅកម្ពុជា
ដោយ

វិស័យធនាគារបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។ តើនៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះវិស័យធនាគារសម្រេចបានសមិទ្ធផល និងជួបព្យុះភ្លៀងអ្វីខ្លះ?

នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា ក្រោមមូលបទ«៣០ ឆ្នាំនៃការរីកចម្រើន និងមិត្តភាព»នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោក រ័ត្ន សោភ័ណ ដែលទើបត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជាថ្មីៗបានគូសបញ្ជាក់ថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ វិស័យធនាគារបានពើបប្រទះកត្តាប្រឈម និងឧបសគ្គជាច្រើនដូចជាវិបត្តិសេដ្ឋកិច្ចនៅអាស៊ី, វិបត្តិហិរញ្ញវត្ថុសកល, ជំងឺកូវីដ-១៩, ផលប៉ះពាល់ពីសង្គ្រាមរុស្សី និងអ៊ុយក្រែន, ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងអតិផរណាជាដើម។ ប៉ុន្តែវិស័យនេះនៅតែអាចបន្តដំណើរឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ និងភាពរឹងមាំក្នុងការរួមចំណែកជួយរក្សានូវសិ្ថរភាព នៃប្រព័ន្ធធនាគារ និងជួយជំរុញកំណើននៃវិស័យធនាគារ ដែលសម្រេចបានគួរជាទីមោទនៈ។

យ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះជឿជាក់ថា សមិទ្ធផលទាំងអស់នេះ ពិតជាមិនអាចកើតឡើងបាននោះទេ ប្រសិនបើមិនមានគោលនយោបាយត្រឹមត្រូវ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាល និងការដឹកនាំពីធនាគារជាតិនៃកម្ពុជា ការផ្តល់នូវការទុកចិត្តមកលើប្រព័ន្ធធនាគារពីសំណាក់ប្រជាពលរដ្ឋកម្ពុជា និងការចូលរួមជ្រោមជ្រែងពីភាគីពាក់ព័ន្ធទាំងអស់។

បើតាមការលើកឡើងរបស់លោក រ័ត្ន សោភ័ណ ក្នុងរយៈពេល៣ទស្សវត្សរ៍ចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជា បានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ឈានទៅរករបត់នៃកំណើនមួយប្រកបដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំជាង៨៤ពាន់លានដុល្លារ ស្មើនឹងជាង២៦៥% នៃផលិតផលក្នុងស្រុកសរុប (GDP)។ ចំណែកឥណទានអតិថិជនកើនដល់ជាង៥៧ពាន់លានដុល្លារ ឬជាង១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា៣លាន៨សែនគណនី។ ជាមួយគ្នានេះប្រាក់បញ្ញើបានកើនឡើងដល់ជិត៤៨ពាន់លានដុល្លារ ដែលមានប្រមាណជា១៨លាន៦សែនគណនី។

លោក រ័ត្ន សោភ័ណ បានចាត់ទុកសមិទ្ធផលនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា វិស័យធនាគារ និងហិរញ្ញវត្ថុ កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូមមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ អ្នកជំនាញរូបនេះ អះអាងថា វិស័យធនាគារ គឺជាវិស័យមួយដែលអនុលោមយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាននៅកម្ពុជា ក៏ដូចជាក្រិតក្រមរបាយការណ៍ហិរញ្ញវត្ថុ កម្រិតថ្នាក់ជាតិ និងអន្តរជាតិ និងជាវិស័យដ៏ចម្បងមួយដែលបានចូលរួមចំណែកបង់ពន្ធជូនរដ្ឋយ៉ាងខ្ជាប់ខ្ជួនផងដែរ។

គួរបញ្ជាក់ថា សមាគមធនាគារនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ១៩៩៤ ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងគ្រឹះស្ថានធនាគារជាង១០ ក្នុងគោលបំណងចម្បង គឺរួមកម្លាំងដោះស្រាយបញ្ហារួម ការអភិវឌ្ឍ ការការពារផលប្រយោជន៍រួមសម្រាប់វិស័យធនាគារទាំងមូល។ នៅក្នុងរយៈពេល៣ទស្សវត្សរ៍កន្លងមកនេះ សមាគមធនាគារនៅកម្ពុជា បានចូលរួមបង្កើតការិយាល័យឥណទានកម្ពុជា(Credit Bureau of Cambodia) ហៅកាត់ថា CBC នៅឆ្នាំ២០១២ ដើម្បីជួយធ្វើឱ្យទីផ្សារឥណទានធនាគារមានតម្លាភាព និងប្រសិទ្ធភាព។ ជាមួយគ្នានេះ សមាគម ក៏បានផ្តួចផ្តើមបង្កើតវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (Institute of Banking & Finance) ហៅកាត់ថា IBF សម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈបន្តជូនដល់បុគ្គលិកធនាគារ និងសមិទ្ធផលជាច្រើនទៀត។

សូមបញ្ជាក់ផងដែរថា សមាគមធនាគារនៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតសមាគមធនាគារនៅកម្ពុជា ក្រោមមូលបទ៖ «៣០ឆ្នាំនៃការរីកចម្រើននិងមិត្តភាព» ក្នុងគោលបំណងដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក កសាងកិច្ចសហប្រតិបត្តិការជាមួយសមាជិក និង ភាគីពាក់ព័ន្ធ និងបន្តពង្រឹងនូវស្មារតីសាមគ្គីភាពនៃវិស័យធនាគារនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងបន្តអភិវឌ្ឍន៍វិស័យធនាគារ ប្រកបដោយភាពធន់ និរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន៕

អត្ថបទ សឿន វណ្ណឌេត

None



អត្ថបទបន្ទាប់


ប្រទេសនៅអឺរ៉ុប ចំនួន២១ កំពុងជួបវិបត្តិការងារ ដោយសារពលរដ្ឋខ្វះជំនាញ

ក្រុមនិយោជកប្រហែល៧៥% នៅតាមបណ្តាប្រទេសអឺរុប ចំនួន២១ មិនអាចជ្រើសរើសកម្មករនិយោជិតដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវបាននោះទេ កាលពីឆ្នាំ២០២៣ ដ…

តើការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀលមានសារសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា?

ក្រោយកម្ពុជាអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ