វិស័យហិរញ្ញវត្ថុ

តើការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀលមានសារសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា?


ក្រោយកម្ពុជាអាចរក្សាបាននូវស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា បានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីជំរុញ និងលើកកម្ពស់តម្លៃ និងកាប្រើប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នៅមួយរយៈចុងក្រោយធនាគារជាតិនៃកម្ពុជា និងស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញ និងលើកកម្ពស់ការប្រើប្រាស់រៀលនៅកម្ពុជា។ តើការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀលមានសារៈសំខាន់យ៉ាងណាសម្រាប់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា?
វិស័យហិរញ្ញវត្ថុ
ដោយ

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានវាយតម្លៃថា ការរក្សាបាននូវស្ថិរភាពប្រាក់រៀល ពិតជាមានសារសំខាន់ណាស់សម្រាប់ជួយធានាស្ថិរភាពសេដ្ឋកិច្ចជាតិ។ លើសពីនេះការរក្សាបាននូវស្ថិរភាពប្រាក់រៀល វានឹងជួយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តលើប្រាក់រៀល និងមិនភ័យខ្លាចនៅពេលដែលអត្រាប្តូរប្រាក់ដុល្លារមានការប្រែប្រួលឡើងចុះខ្លាំងជាដើម ដ្បិតថា ផ្នត់គំនិតនៃការភ័យខ្លាចនេះ វាក៏ជះផលអវិជ្ជមានដល់សេដ្ឋកិច្ចផងដែរ។

បើតាមអ្នកជំនាញរូបនេះ ទិសដៅរបស់ធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារទាំងមូល នឹងលើកកម្ពស់តម្លៃនៃកាប្រើប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ដើម្បីរក្សាស្ថិរភាពតម្លៃប្រាស់រៀលបន្ថែមទៀត តាមរយៈការបង្កើតឱ្យមានផលិតផល និងសេវាកម្មផ្សេងៗសម្រាប់សម្រួលដល់ការប្រើប្រាស់ប្រាក់រៀល។ ជាក់ស្តែង រហូតមកដល់ពេលនេះ ការផ្តល់ឥណទាន និងប្រាក់សន្សំជាប្រាក់រៀលនៅក្នុងវិស័យធនាគារ គឺមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។ ហើយតាមរយៈលទ្ធផលនេះ លោកជឿជាក់ថា នាពេលខាងមុខសម្ទុះនៃការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា នឹងកាន់តែមានការកើនឡើងបន្ថែមទៀត។

​ជាមួយគ្នានេះលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់កាលពីពេលថ្មីៗថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើននឹងជួយពង្រឹងអធិបតេយ្យជាតិ និងការកសាងសង្គមជាតិ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះលោកជំទាវស្នើឱ្យក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រោងចក្រ ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើនឡើង ដូចជាតាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញនិងសេវានានា ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្ដល់លក្ខខណ្ឌអនុគ្រោះឱ្យបានច្រើនចំពោះការប្រើប្រាស់ប្រាក់រៀល។

បើតាមការគូសបញ្ជាក់របស់លោកជំទាវ ជា សិរី ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានាប្រព័ន្ធទូទាត់អេឡិចត្រូនិកជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។ ជាលទ្ធផលការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិច-ត្រូនិកបានកើនឡើង៤៤% បើធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់ អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិកដែលកើនក្នុងអត្រា៣,១%។

ទន្ទឹមនឹងនេះ លោកជំទាវអះអាងថា នៅពីរទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចមានការកើនឡើងប្រមាណ១៥% នៅក្នុងមួយឆ្នាំ ខណៈការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារមានកំណើន៣៥% និង៣០% រៀងគ្នា។ តែយ៉ាងណាមកទល់ពេលនេះកម្ពុជា មិនទាន់អាចកាត់បន្ថយកម្រិតនៃការប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លារូបនីយកម្មបាននៅឡើយទេ គ្រាន់តែអាចទប់មិនឱ្យមានការកើនឡើងបន្ថែមទៀតតែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនៅក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ វិស័យធនាគារសម្រេចបានលទ្ធផល និងជួបព្យុះភ្លៀងអ្វីខ្លះ?

ព័ត៌មាន
សមាគមធនាគារនៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីអបអរសាទរខួប៣០ឆ្នាំនៃការបង្កើតសមាគមធនាគារនៅកម្ពុជា ក្រោមមូលបទ៖ «…

តើតម្លៃអចលនទ្រព្យនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនឹងប្រែប្រួលយ៉ាងណា ក្រោយព្រលានយន្តហោះអន្តរជាតិតេជោដាក់ឱ្យដំណើរការ?

ព័ត៌មាន
នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ គឺជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់ និងស្ថិតក្នុងផែនការអភិវឌ្ឍន៍យ៉ាងមមាញឹករបស់រាជរដ្ឋាភិបាល។ តួរយ៉ាងផ្លូវក្រវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ