
សហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តបានរួមគ្នាបង្កើតស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក បន្ទាប់ពីសង្គ្រាមលោកលើកទី២ ដែលបានចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ និងបញ្ចប់ទៅវិញ នៅថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ ពោលគឺរយៈពេល៦ឆ្នាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាសកល និងដើម្បីទប់ស្កាត់សង្គ្រាម នាពេលអនាគត។
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ បានជួយប្រទេសនានា ដែលមានវិបត្តិហិរញ្ញវត្ថុ តាមរយៈការផ្តល់កម្ចីឥណទានរាប់ចាប់ពីមូលនិធិគ្រាអាសន្ន រហូតដល់ជំនួយការពារទប់ស្កាត់។ មុននឹងផ្ដល់កម្ចីឥណទានដល់ប្រទេសនានា IMF កំណត់លក្ខខណ្ឌសម្រាប់ការធ្វើកំណែទម្រង់ ដូចជា កាត់បន្ថយការចំណាយខ្ជះខ្ជាយ ការកែលម្អតម្លាភាព ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ឬការបង្កើនប្រាក់ចំណូលពន្ធជាដើម។ បណ្ដាវិនិយោគិន ក៏ប្រើទិន្នន័យសេដ្ឋកិច្ចរបស់មូលនិធិ IMF ដើម្បីវាយតម្លៃការទូទាត់បំណុលដែលផ្សារភ្ជាប់ទៅនឹងកំណើនរបស់ប្រទេសនីមួយៗផងដែរ។
ដោយឡែក ធនាគារពិភពលោកជាអ្នកផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រទេសនានា ជាពិសេសប្រទេសក្រីក្រក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាផ្លូវដែក និងទំនប់ការពាទឹកជំនន់ជាដើម។ ធនាគារពិភពលោក ក៏គាំទ្រដល់នវានុវត្តន៍ហិរញ្ញវត្ថុដូចជាសញ្ញាបណ្ណពណ៌បៃតង និងផ្តល់ការធានារ៉ាប់រងហានិភ័យផងដែរ។ ទាំងធនាគារពិភពលោក និងមូលនិធិ IMF តែងតែផ្ដល់ការប្រឹក្សាលើការដោះស្រាយបញ្ហានានា រាប់ចាប់ពីប្រព័ន្ធធារាសាស្រ្ត រហូតដល់តម្លាភាពរបស់ធនាគារកណ្ដាល។ តើប្រទេសណាខ្លះដែលត្រូវការមូលនិធិ IMF និងធនាគារពិភពលោក?
ទិន្នន័យបានបង្ហាញថា ប្រទេសរហូតដល់ទៅជាង៩០ នៅទូទាំងពិភពលោក ជាពិសេសបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើនលឿន ពឹងផ្អែកយ៉ាងខ្លាំងលើមូលនិធិ IMF តួយ៉ាងដូចជាករណីប្រទេសអាហ្សង់ទីន បានស្នើកម្ចីពីមូលនិធិ IMF ដើម្បីបានលុយបើកប្រាក់បៀវត្សរ៍ឱ្យមន្ត្រីរាជការ ហើយប្រទេសផ្សេងៗទៀតរាប់ចាប់ពីសេណេហ្គាល់ រហូតដល់ស្រីលង្កា ក៏ពឹងផ្អែកលើកម្ចីរបស់មូលនិធិ IMF ដែរនាពេលបច្ចុប្បន្ន។
ចំណែកធនាគារពិភពលោកវិញ គឺជាស្ថាប័នអន្តរជាតិ ដែលផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមសម្រាប់គោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងនោះ ហើយគិតត្រឹមឆ្នាំ២០២០ ធនាគារពិភពលោកដំណើរការនៅក្នុង១៤៥ប្រទេសទូទាំងពិភពលោក។
តើនឹងមានអ្វីកើតឡើងប្រសិនបើសហរដ្ឋអាម៉េរិក ដកខ្លួនចេញពីស្ថាប័នអន្តរជាតិ កំពូលទាំងពីរនេះ?
លោក ខាន់ ណាស់លី (Kaan Nazli) នាយកគ្រប់គ្រងនៅក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអាម៉េរិក នូបឺកហ្គើ បឺមែន (Neuberger Berman) បានលើកឡើងថា ប្រសិនបើសហរដ្ឋអាម៉េរិក ពិតជាដកខ្លួនចេញពីស្ថាប័នមូលនិធិរូបិយវត្ថុ IMF និងធនាគារពិភពលោកមែននោះ វានឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោក និងបង្កការជ្រួលច្របល់ពាសពេញពិភពលោក។
ជាការពិតណាស់ សហរដ្ឋអាម៉រិក បានកាន់កាប់ភាគហ៊ុនធំជាងគេទាំងនៅស្ថាប័នមូនិធិ IMF និងធនាគារពិភពលោក កត្តានេះហើយដែលធ្វើឱ្យសហរដ្ឋអាម៉េរិក មានឥទ្ធិពលខ្លាំងលើសេចក្ដីសម្រេចផ្នែកសេដ្ឋកិច្ចពិភពលោក។
ក្រុមអ្នកជំនាញ បានអះអាងថា ប្រសិនបើសហរដ្ឋអាម៉េរិក ពិតជាដកខ្លួនចេញមែន សហរដ្ឋអាម៉េរិក នឹងបាត់បង់ឥទ្ធិពលក្នុងនាមជាមហាអំណាចធំបំផុតទី១របស់ពិភពលោក ហើយវានឹងផ្ដល់ផលល្អដល់មហាយក្សចិន ដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែធំក្នុងផ្នែកហិរញ្ញវត្ថុរបស់ពិភពលោកជាមួយនឹងគោលបំណងវ៉ាឈ្នះសហរដ្ឋអាម៉េរិក ដើម្បីឡើងធ្វើជាបងធំពិភពលោក៕
ដោយ: តែម សុខុម