ការបើកប្រទេសឡើងវិញ

ការបើកប្រទេសយឺតជាងប្រទេសជិតខាង នឹងធ្វើឲ្យកម្ពុជាអាចនឹងបាត់បង់ការប្រកួតប្រជែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែរឬទេ?


បណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន សុទ្ធតែកំពុងដុតដៃដុតជើងរៀងៗខ្លួន ក្នុងផែនការបើកប្រទេស ដើម្បីស្ដារវិស័យសេដ្ឋកិច្ច និងទេសចរណ៍ របស់ខ្លួនឡើងវិញ បន្ទាប់ពីវិស័យនេះត្រូវញាំញី ដោយសារតែវិបត្តិកូវីដ-១៩។ ជាក់ស្ដែងប្រទេសជិតខាងកម្ពុជារួមមាន ប្រទេសថៃ និងវៀតណាម គ្រោងនឹងបើកជើងមេឃទទួលទេសចរបរទេសចាក់វ៉ាក់សាំងរួច ចាប់ពីខែវិច្ឆិកាតទៅហើយ។ យ៉ាងណាមិញ កម្ពុជា ក៏មានផែនការថានឹងបើកប្រទេសនៅចុងឆ្នាំនេះដែរ ប៉ុន្ដែ មិនទាន់មានការប្រកាសពីកាលបរិច្ឆេទជាក់លាក់នោះទេ។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet

ប្រសិនបើ​ការ​បើក​ប្រទេស​ទទួល​ទេសចរ​បរទេស យឺតយ៉ាវ​ជាង​ប្រទេស​ជិតខាង តើ​វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់​នូវ​ភាព​ប្រកួតប្រជែង ក្នុង​ការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឡើង​វិញ ដែរ​ឬ​យ៉ាងណា?

 ប្រទេស​ថៃ​,​ឥណ្ឌូ​នេ​ស៊ី​,​វៀតណាម​,​ហ្វី​លី​ពី​ន​,​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី សុទ្ធតែ​បាន​បង្ហាញ​ពី​ផែនការ​ជាក់លាក់​ដើម្បី​បើក​ប្រទេស​របស់​ខ្លួន ជា​បណ្ដើរ​ៗ ដើម្បី​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ ដោយ​ថៃ ជា​ប្រទេស ដែល​បាន​បើក​ទទួល​ទេសចរ​មុនគេ បន្ទាប់​មក​គឺ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។ ដោយឡែក​កម្ពុជា ក៏​កំពុង​ញាប់ដៃ​ញ៉ាប់​ជើង​ក្នុង​ការ​ឈាន​ទៅ​បើក​ប្រទេស​ទទួល​ទេសចរ​ឡើង​វិញ​ផង​ដែរ ក៏​ប៉ុន្ដែ មក​ទល់​ពេល​នេះ រាជរដ្ឋាភិបាល​នៅ​មិន​ទាន់​កំណត់​ពេលវេលា​ជាក់លាក់​ថា នឹង​បើក​ទទួល​ទេសចរ​បរទេស​ឡើង​វិញ​នៅ​ពេល​ណា​នៅឡើយ​ទេ​។ ដ្បិតថា កម្ពុជា មាន​ផែនការ​បើក​ប្រទេស​ក្រោយ​គេ​មួយ​ជំហាន​ក៏​ដោយ​ចុះ តែ​ក្រុម​អ្នកជំនាញ​សុទ្ធតែ​យល់​ឃើញ​ថា វា​ជា​ការ​ប្រសើរ​ដែល​កម្ពុជា គិតគូ​បើក​ប្រទេស​ឡើង​វិញ ជា​ជំហាន​ៗ ដើម្បី​ស្ទាបស្ទង់​អំពី​ស្ថានការណ៍​មិន​ច្បាស់លាស់​របស់​ជំងឺ​កូ​វី​ដ​-១៩​។

ដោយឡែក​ជុំវិញ​សំនួរ​សួរ​ថា តើ​កម្ពុជា អាច​នឹង​បាត់បង់​នូវ​ភាព​ប្រកួតប្រជែង ក្នុង​ការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ដែរ​ឬទេ នៅ​ពេល​កម្ពុជា មាន​ផែនការ​បើក​ប្រទេស​យឺត​ជាងគេ​នោះ? លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ជា​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ ច្រើន​ឆ្នាំ​មក​ហើយ​នោះ បាន​យល់​ឃើញ​ថា វិធានការ​កាត់​បន្ថយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ដល់​អ្នក​វិនិយោគ និង​ទេសចរ ដែល​ចូល​មក​កម្ពុជា ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​វិស័យ​ទេសចរណ៍ ក៏​ពិតមែន តែ​កម្ពុជា មិន​គួរ​អូស​បន្លាយ​ទៀត​ទេ ក្នុង​ការ​បើក​សេដ្ឋកិច្ច និង​សង្គម​ពេញលេញ​ឡើង​វិញ​។ លោក ធួន ស៊ី​ណា​ន បាន​គូសបញ្ជាក់​ដូច្នេះ ផ្អែក​លើ​ស្ថានភាព​នៅ​កម្ពុជា​បច្ចុប្បន្ន សន្ទុះ​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ បាន​ថមថយ​គួរ​ឱ្យ​កត់សម្គាល់ បើ​ប្រៀប​នឹង​ប្រទេស​ជិតខាង ដូច្នេះ កម្ពុជា ក៏​គួរ​ជា​អ្នក​ដែល​បើក​ប្រទេស​មុនគេ​។ 

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ធួន ស៊ី​ណា​ន អ្នកជំនាញ​ខាង​ទេសចរណ៍ លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បង្ហាញ​ការ​យល់​ថា ផែនការ​បើក​ប្រទេស​ឡើង​វិញ ជា​ជំហាន​ៗ របស់​រាជរដ្ឋាភិបាល គឺជា​ការ​ស្ទាបស្ទង់​មួយ​អំពី​ស្ថានការណ៍​របស់​កូ​វី​ដ​-១៩​។ បណ្ឌិត ហុង វណ្ណៈ បាន​គូសបញ្ជាក់​ថា ការ​ដាក់​ចេញ​នូវ​យន្តការ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​បាន​ត្រឹមត្រូវ គឺជា​ជំ​ហ៊ាន​ឆ្ពោះទៅ​ការ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ ប្រកបដោយ​ភាព​ជោគជ័យ​។

ម្យ៉ាងវិញទៀត​អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ ក៏​យល់​ថា ការ​ដាក់​ចេញ​នូវ​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក គឺជា ការ​បន្ថែម​នូវ​ទំនុកចិត្ត ដល់​ក្រុម​អ្នក​និ​យោគ ក៏​ដូច​ជា ភ្ញៀវ​ទេសចរ ទៅ​វិញ​ទេ ដូច្នេះ កម្ពុជា មិន​ចាំបាច់​នោះ​ទេ​នូវ​ការ​អនុវត្ត​ដូចនឹង​ប្រទេស​ថៃ ដែល​មិន​តម្រូវ​ឱ្យ​អ្នកដំណើរ ចូល​ទៅ​ប្រទេស​របស់​ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​។ អ្នកជំនាញ បាន​សង្កត់ធ្ងន់​ថា បើ​ទោះបី កម្ពុជា មាន​ភាពយឺត​យ៉ាង​ជាង​ប្រទេស​ថៃ មួយ​ជំ​ហ៊ាន ក្នុង​ការ​បើក​ប្រទេស​ឡើង​វិញ​ក៏​ដោយ​ចុះ ប៉ុន្តែ វា​មិន​ទាន់​យឺត​ពេល​នោះ​ទេ សម្រាប់​កម្ពុជា ព្រោះ​កម្ពុជា មាន​សក្ដានុពល​ច្រើន ពិសេស​ផ្នែក​ទេសចរណ៍ ដូច្នេះ កម្ពុជា មិន​ចាំបាច់​បារម្ភ​នោះ​ទេ ថា នឹង​បាត់បង់​ឱកាស​ប្រកួតប្រជែង ជាមួយ​បណ្ដា​ប្រទេស​ជិតខាង ក្នុង​ការ​ទាក់ទង​ទេសចរ​អន្តរជាតិ​។

បន្ទាប់​ពី​បាន​បន្ធូរបន្ថយ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នកដំណើរ​ពី​បរទេស​ចូល​មក​កម្ពុជា ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នូវ​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​ចំនួន​៣ ក្នុង​តំបន់​អាស៊ាន​ផង​ដែរ រួម​មាន ប្រទេស​ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន ដើម្បី​រួមចំណែក​ដល់​ការ​បើក​ដំណើរការ​ឡើង​វិញ នូវ​សកម្មភាព​ការ​សេដ្ឋកិច្ច​-​សង្គម ជា​ជំហាន​ៗ លើ​គ្រប់​វិស័យ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី រួម​ទាំង​ការ​ស្ដារ​ឡើង​វិញ នូវ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នេះ​។

សូម​បញ្ជាក់​ថា តាម​ការ​ស្រង់​តួលេខ​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ នៅ​ថ្ងៃ​ទី​២៤ តុលា​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ កម្ពុជា​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​តិច​ជាងគេ​បំផុត គឺ​មាន​ប្រមាណ​ជិត​១៣០​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ប្រទេស​ថៃ​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន​ជាងគេ​ដល់​ទៅ ជាង​៩​ពាន់​នាក់ បន្ទាប់​មក​ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន សិង្ហ​បុរី និង​វៀតណាម​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្សីថ្កោលទោសអាមេរិកក្រោយដាក់ជនជាតិរុស្ស៊ីចូលក្នុងបញ្ជីឈ្មោះ «ជនអនាថា» ដើម្បីបានទិដ្ឋាការចូលសហរដ្ឋអាមេរិក

ព័ត៌មាន
ប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យបានថ្កោលទោសការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ជនជាតិរុស្ស៊ីដែលស្វែងរកទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក …

ក្រុមហ៊ុនចិន Evergrandeថា បានបន្តគម្រោងអចលនទ្រព្យចំនួន១០ឡើងវិញហើយ!

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិន Evergrande Group បានប្រកាសកាលពីថ្ងៃអាទិត្យទី២៤តុលាថា ខ្លួនបានបន្តការងារលើគម្រោងអភិវឌ្ឍន៍ជាង១០របស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ