ស្របតាមទិដ្ឋភាពវិវត្តន៍យ៉ាងឆាប់រហ័សនៃស្ថានភាពហិរញ្ញវត្ថុសកល ទីក្រុងនានានៅអាស៊ី គឺកាន់តែមានភាពប្រកួតប្រជែងខ្លាំង ដើម្បីបង្កើតខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏រឹងមាំ ដែលជាកន្លែងដ៏ទាក់ទាញ ដែលអាចនាំយកមកជាមួយនូវការវិនិយោគដ៏សំខាន់ពីម្ចាស់អាជីវកម្ម និងការយកចិត្តទុកដាក់កាន់តែខ្លាំងពីអ្នកបង្កើតគោលនយោបាយនានាជាសកល។
តារាងសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលរបស់ពិភពលោក ដែលចុះផ្សាយដោយសារព័ត៌មានធំៗបានឲ្យដឹងថា ទីក្រុងសាំងហ្គាពួរ គឺជាប់ចំណាត់ថ្នាក់ទី៣ រីឯទីក្រុងហុងកុង ឈរលំដាប់ទី៤ និងទីក្រុងសៀងហៃ ឈរលំដាប់ទី៧។
ទីក្រុងដែលជាប់លំដាប់កំពូលនៅក្នុងតារាង គឺទីក្រុងញូវយ៉ក ស្ថិតនៅលំដាប់ទី១ ខណៈទីក្រុងឡុងដុនឈរលំដាប់ទី២ រីឯទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ស្ថិតនៅលំដាប់ទី៥ ចំណែកទីក្រុងឡូសអង់ជឺឡេសនៅលំដាប់ទី៦ ខណៈទីក្រុងវ៉ាស៊ីនតោន នៅលំដាប់ទី៨ និងទីក្រុងឈីកាហ្គោ នៅលំដាប់ទី៩ និងទីក្រុងហ្សឺណេវ នៅលំដាប់ទី១០។
សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល បានឲ្យដឹងដែរថា នៅក្នុងចំណាត់ថ្នាក់ថ្មីៗនេះទីក្រុងចំនួន៧ នៅអឺរ៉ុប ក៏ស្ថិតក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលទាំង២០ របស់ពិភពលោកផងដែរ៕
ដោយៈ សរ សុជាតិ