
ថ្លែងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ នាពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ហ៊ុន មាណែត បានអះអាងថា ការវិនិយោគលើគម្រោងនេះ ត្រូវបានធ្វើឡើងក្រោមរូបភាពវិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដោយក្រុមហ៊ុនឯកជនជាអ្នកស្វែងរកប្រភពទុនមកសាងសង់។ ក្នុងនោះរួមមាន ក្រុមហ៊ុន គឺក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញ, ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ, ក្រុមហ៊ុន OCIC និងក្រុមហ៊ុនស្ពានថ្នល់របស់ចិន (CRBC)។

បើតាមការគូសបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រែកជីក ហ្វូណនតេជោ ដែលមានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ នឹងត្រូវសាងសង់ជា ២កំណាត់ ដោយក្នុងនោះ សម្រាប់កំណត់ទី១ ដែលមានចម្ងាយ ២១ គីឡូម៉ែត្រ ពីព្រែកតាកែវ នៃទន្លេមេគង្គ ទៅព្រែកពោធិ៍នៃទន្លេបាសាក់នឹងត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក។ ក្នុងនោះ ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់កាប់ភាគហ៊ុន ២៦% , ក្រុមហ៊ុនកំពង់ផែស្វយ័តភ្នំពេញកាន់កាប់ភាគហ៊ុន ២៥% និងក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ កាន់កាប់ភាគហ៊ុន ៤៩%។

ដោយឡែក សម្រាប់ការអភិវឌ្ឍកំណាត់ទី២ នៃព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង ១៥៩ គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាល រហូតដល់សមុទ្រខេត្តកែប នឹងត្រូវសាងសង់អភិវឌ្ឍរួមគ្នាទាំង ៤ក្រុមហ៊ុន រួមមាន ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ, ក្រុមហ៊ុន OCIC និងក្រុមហ៊ុនស្ពានថ្នល់របស់ចិន (CRBC)។ ក្នុងនោះ ក្រុមហ៊ុន CRBC កាន់កាប់ភាគហ៊ុន ៤៩% ខណៈក្រុមហ៊ុនខ្មែរទាំង ៣ខាងលើនេះ កាន់កាប់ភាគហ៊ុន ៥១%។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី ០២ ខែសីហាថា ការចូលរួមទុនវិនិយោគ លើក្រុមហ៊ុន ហ្វូណនតេជោ អ៊ីនឡេន វ័រធឺវេយ អេន ឡូជីស្ទិក (Funan Techo Inland Waterways and Logistics Co.,Ltd) ដែលជាក្រុមហ៊ុនឯកជនទទួលខុសត្រូវលើគម្រោងព្រែកជីកហ្វូនតេជោ គឺក្នុងគោលបំណងពង្រីកវិស័យភស្ដុភារកម្មកម្ពុជា និងពង្រីកខ្សែដឹកជញ្ជូនទំនិញទៅកាន់បណ្ដាកំពង់ផែសមុទ្រក្នុងប្រទេស និងអន្តរជាតិ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវសាងសង់ឡើងឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត និងកែប ដោយចំណាយពេលសាងសង់៤៨ខែ និងគ្រោងបញ្ចប់នៅអំឡុងឆ្នាំ ២០២៨។ ព្រែកជីកនេះ គឺជាប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកតភ្ជាប់ទន្លេទៅកាន់សមុទ្រ ដោយរាជរដ្ឋាភិបាលរំពឹងទុកថា នឹងផ្ដល់នូវប្រយោជន៍សេដ្ឋកិច្ចដ៏មហាសាលសម្រាប់កម្ពុជា ទាំងការងារដឹកជញ្ជូន ភស្ដុភារកម្ម និងជាប្រព័ន្ធធារាសាស្ត្រសម្រាប់ការធ្វើកសិកម្មផងដែរ៕

អត្ថបទ៖ ចាន់ ភារម្យ