ព្រៀងសន្ដិភាពគូឡាឡាំពួ

តើមេដឹកនាំប្រទេស និងបណ្ដាស្ថានទូតណាខ្លះ កំពុងបង្ហាញប្រតិបត្តិកម្ម និងក្ដីបារម្ភចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ?


ក្រោយការវាយប្រហារយ៉ាងសាហាវយង់ឃ្នងមកលើកម្ពុជា ចាប់តាំងពីរសៀលថ្ងៃទី៧ រហូតមកដល់ថ្ងៃទី ៩ ខែធ្នូនេះ មេដឹកនាំប្រទេស និងស្ថានទូតមួយចំនួន បានសម្ដែងការព្រួយបារម្ភ ជំរុញឱ្យភាគីជម្លោះទាំងពីរ ថៃ និងកម្ពុជា ប្រើការអត់ធ្មត់ឱ្យបានខ្ពស់ ដើម្បីរក្សាសុខសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាឡើងវិញ ដើម្បីស្ថិរភាពក្នុងតំបន់ ដោយក្នុងនោះ រួមមានប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរែស និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួមទូតមួយចំនួនទៀតផងដែរ។
ព្រៀងសន្ដិភាពគូឡាឡាំពួ
ដោយ

ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន និងជាសាក្សីនៃកិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានចេញមុខប្រតិកម្មមុនគេ កាលពីថ្ងៃទី ៨ខែធ្នូ លោកបានសរសេរនៅក្នុងបណ្ដាញសង្គមថា ការប៉ះទង្គិចគ្នាជាថ្មីនេះ បានប្រឈម និងការប៉ះពាល់ដល់កិច្ចព្យាយាមក្នុងការកសាងស្ថិរភាពនៃសម្ព័ន្ធភាពរវាងប្រទេសជិតខាងទាំង២ ថៃ-កម្ពុជា។ លោកបានអំពាវនាវឱ្យប្រទេសទាំង២ ប្រើការអត់ធ្មត់ឱ្យបានខ្ពស់បំផុត រួមទាំងរក្សាលទ្ធភាពក្នុងការទំនាក់ទំនងដែលបើកចំហ និងប្រើយន្តការដែលមានទាំងប៉ុន្មាន ដើម្បីកាត់បន្ថយភាពតានតឹង ហើយម៉ាឡេស៊ី នឹងប្តេជ្ញាចិត្តជួយសម្របសម្រួលដើម្បីដោះស្រាយបញ្ហាដោយសន្ដិវិធី។

ដោយឡែក លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលជាអ្នកផ្ដួចផ្ដើមឱ្យមានបទឈប់បាញ់កម្ពុជា-ថៃ និងជាសាក្សីនៃកិច្ចព្រមព្រៀងសន្ដិភាពគូឡាឡាំពួដែរនោះ ក៏បានទទូចឱ្យកម្ពុជា និងថៃ គោរពឱ្យបានពេញលេញនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់មួយរូប នៃរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានថ្លែងថា «លោកប្រធានាធិបតី ត្រាំ បានប្តេជ្ញាបន្តបញ្ឈប់អំពើហិង្សា ហើយរំពឹងថា រដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ»។

ចំណែកលោក អាន់តូនីញ៉ូ ហ្គូទែរែស អគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានបង្ហាញក្ដីកង្វល់ផងដែរអំពីការប៉ះទង្គិចគ្នារវាងថៃ-កម្ពុជា ជាពិសេសការវាយប្រហារពីលើអាកាស និងអាវុធធុនធ្ងន់របស់យោធាថៃមកលើកម្ពុជា ដោយលោកបានអំពាវនាវឱ្យភាគីទាំងពីរ ងាកមកអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខារួមគ្នា ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទាំងសង្ខាង។

ស្ថានទូតជប៉ុនប្រចាំកម្ពុជាឯណោះវិញ ក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន ដែលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃ និងស្នើឱ្យគូជម្លោះទាំងពីរ គោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា។ ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី។

រីឯ ប្រទេសវៀតណាមក្បែរខាងយើងវិញ ក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង ដោយអ្នកនាំពាក្យក្រសួងការបរទេស លោក Pham Thu Hang បានថ្លែងថា ក្នុងនាមជាប្រទេសជិតខាង និងជាសមាជិកអាស៊ានដូចគ្នា វៀតណាមអំពាវនាវឱ្យភាគីទាំង២ អត់ធ្មត់បំផុត ចៀសវាងការប្រើប្រាស់កម្លាំង អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានពេញលេញ បន្តការសន្ទនា និងដោះស្រាយដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន”។

ងាកមកមើលស្ថានទូតចិនប្រចាំនៅកម្ពុជាឯណោះវិញ តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក វ៉ាង វិនពីន (Wang Wenbin) បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ៨ខែ ធ្នូ ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះជនរងគ្រោះក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ប៉ុន្ដែ មិនបានអំពាវនាវអ្វីនោះឡើយ៕




អត្ថបទបន្ទាប់


វិធានការពន្ធរបស់លោក ត្រាំ កំពុងធ្វើឱ្យរបត់ពាណិជ្ជកម្មពិភពលោកមានការប្រែប្រួល

របាយការណ៍ថ្មីមួយ ដែលចេញដោយក្រុមហ៊ុន Wells Fargo Supply Chain Finance បានអះអាងថា វិធានការពន្ធ ដែលរដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ