ប្រធានាធិបតីទើបជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតថា បណ្តាប្រទេសនៅសហភាពអឺរ៉ុបភាគច្រើនមិនបានទិញរថយន្ត និងផលិតផលកសិកម្មរបស់អាម៉េរិកនោះទេ ខណៈរថយន្តរាប់លានគ្រឿងរបស់ពួកគេកំពុងលក់នៅអាម៉េរិក។ សម្រាប់លោក ត្រាំ ការធ្វើដូច្នេះមិនត្រឹមត្រូវនោះទេ ដូច្នេះពួកគេអាចនឹងត្រូវចំណាយដ៏ច្រើនមួយជាក់ជាមិនខាននៅពេលលោកជាប់ឆ្នោត។ ការព្រមានបែបនេះរបស់លោក ដូណាល់ ត្រាំ គឺចង់សំដៅដល់ការដំឡើងពន្ធលើផលិតផលរបស់សហភាពអឺរ៉ុប ដែលនាំចូលមកកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
កត្តានេះបានធ្វើឱ្យបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដែលពឹងផ្អែកខ្លាំងលើទីផ្សារសហរដ្ឋអាម៉រិក កំពុងពិចារណារកជម្រើសក្នុងការដោះស្រាយបញ្ហាពន្ធដែលលោក ត្រាំ អាចនឹងដំឡើង១០% លើទំនិញទាំងអស់របស់អឺរ៉ុប ដែលបាននាំចេញទៅកាន់ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលជាគោលនយោបាយសំខាន់មួយដែលជួយឱ្យលោក ត្រាំ ជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០២៤។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euronews Business ប្រទេសអឺរ៉ុបចំនួន៤ ដែលបាននាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិកច្រើនជាងគេ រួមមានប្រទេសអាល្លឺម៉ង់ អ៊ីតាលី អៀរឡង់ និងប្រទេសបារាំង។
បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋាន គណៈកម្មការអឺរ៉ុប (Eurostat) កាលពីឆ្នាំ២០២៣ ប្រទេសអាល្លឺម៉ង់ បាននាំមុខគេលើការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយមានទំហំទឹកប្រាក់រហូតដល់ជាង១៦៧ពាន់លានដុល្លារ ខណៈអ៊ីតាលី បាននាំចេញក្នុងទឹកប្រាក់ជាង៧១ពាន់លានដុល្លារ ហើយការនាំចេញរបស់អៀរឡង់ មានទំហំជាង៥៤ពាន់លានដុល្លារ។ ប្រសិនបើបូកការនាំចេញរបស់ប្រទេសទាំង៣បញ្ចូលគ្នា វាមានចំណែករហូតដល់៥៥%នៃការនាំចេញសរុបរបស់សហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាម៉េរិក។
ដោយឡែកប្រទេសបារាំង ដែលជាអ្នកនាំចេញច្រើនបំផុតទី៤ទៅកាន់សហរដ្ឋអាម៉េរិកវិញ បាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង៤៦ពាន់លានដុល្លារ។ ក្រៅពីប្រទេសទាំងនេះ ក៏នៅមានប្រទេសអឺរ៉ុបមួយចំនួនទៀតផងដែរ ដូចជាប្រទេសហូឡង់ បែលហ្ស៊ិក និងអេស្ប៉ាញជាដើម ដោយការនាំចេញរបស់ប្រទេសទាំងនេះសុទ្ធតែស្ថិតក្នុងខ្ទង់រាប់សិបពាន់ដុល្លារដូចគ្នា៕
អត្ថបទ៖ សុខ មង្គល