យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលពន្ធអាករ សរុបជាង២ពាន់លានដុល្លារ ស្មើនឹង ១០៥% នៃផែនការច្បាប់ថវិកាសម្រាប់ឆ្នាំ២០២២។
ថ្លែងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានបង្ហាញលទ្ធផល «បិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស» នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការប្រមូលចំណូលពន្ធអាករសម្រាប់ឆ្នាំ២០២២ និងបន្តបង្ហាញនូវក្ដីរំពឹងជាវិជ្ជមានសម្រាប់កិច្ចការប្រមូលចំណូលពន្ធអាករ នៅក្នុងឆ្នាំ២០២៣នេះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ឯកឧត្តម គុណ ញឹម ក៏បានបញ្ជាក់ទៀតថា ការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឆ្នាំ២០២៣នេះ គឺត្រូវពឹងផ្អែកលើវិស័យសំខាន់ៗ មួយចំនួន ជាពិសេស វិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជា ចរន្តនៃភ្ញៀវទេសចរបរទេសដែលចូលមកប្រទេសកម្ពុជា ជាដើម។ កាស្ទុះងើបឡើងវិញនៃវិស័យសំខាន់ៗ ទាំងនេះ មិនត្រឹមតែជាកត្តាលើកកម្ពស់ដល់ការប្រមូលចំណូលពន្ធអាករឲ្យល្អប្រសើរ ប៉ុណ្ណោះទេ តែវាក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចឲ្យសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣នេះផងដែរ។
សម្រាប់ប្រភពចំណូលខាន់ដែលធ្វើឲ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលសម្រេចបានលើសផែនការក្នុងឆ្នាំ២០២២ គឺបានមកពីការប្រមូលចំណូលពន្ធអាករ លើយានយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំ សរុបប្រមាណជាង ១០៦លានដុល្លារ។ ក្នុងនោះ ប្រមូលពន្ធពីរថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ត្រូវបានបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទី១ មានរថយន្តសរុបជិត១ម៉ឺនគ្រឿង បានមកបំពេញកាតព្វកិច្ចពន្ធ និងកក់ប្រាក់ ដោយទទួលបានចំណូលប្រមាណជាង ៧៦លានដុល្លារ។ ដោយែឡក ដំណាក់ទី២ ដែលចាប់ផ្តើមពីថ្ងៃ៧ ដល់ថ្ងៃ ទី៣១ ខែកក្កដា និងបានពន្យារហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គយប្រមូលចំណូលពន្ធបានជាង ៣០លានដុល្លារ ពីរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដ្បិតថា នៅឆ្នាំ២០២២ ការប្រមូលចំណូលពន្ធអាករ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុនៗ ក៏ប៉ុន្តែ បញ្ហាប្រឈមធំៗ ដែលកំពុងកើតឡើងក្នុងពិភពលោក នៅតែជិះឥទ្ធិពលខ្លះដល់ការប្រមូលចំណូលពន្ធអាករសម្រាប់ឆ្នាំ២០២៣នេះ។ លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ក៏ជាផ្នែកមួយធ្វើឲ្យការប្រមូលចំណូលពន្ធអាករមានការធ្លាក់ចុះមួយចំនួនផងដែរ៕