លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពន្ធគយ១៩% នាពេលកន្លងមក ត្រូវបានលុបចោលជាស្វ័យប្រវត្តិតាមអំណាចសាលក្រមរបស់តុលាការកំពូលសហរដ្ឋអាម៉េរិក។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការកំណត់ពន្ធគយថ្មី១៥% ជាបណ្ដោះអាសន្នរយៈពេល១៥០ថ្ងៃរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងផ្ដល់ឱកាសមាសដល់កម្ពុជា ក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម ដោយសារកម្ពុជា មានថ្លៃដើមផលិតទាប បើធៀបនឹងប្រទេសជិតខាង។
ស្រដៀងគ្នានេះ ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរីឡុងនី ជឿជាក់ថា គោលនយោបាយពន្ធគយថ្មីរបស់លោក ដូណាល់ ត្រាំ នឹងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នោះទេ។ ផ្ទុយទៅវិញគោលនយោបាយពន្ធនេះ នឹងផ្ដល់លទ្ធភាពឱ្យកម្ពុជា មានការប្រគួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗ ព្រោះកម្ពុជា មានកម្លាំងពលកម្មជំនាញ និងតម្លៃទាប ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិកជាដើម។ ការណ៍នេះធ្វើឱ្យអ្នកជំនួញរូបនេះរំពឹងថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិកនឹងបន្តមានកំណើនខ្ពស់នៅឆ្នាំ២០២៦ នេះ។
ដោយឡែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏បានចាត់ទុកគោលនយោបាយគយថ្មីខាងលើជាកាតាលីករជំរុញសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ផងដែរ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជា មានច្បាប់វិនិយោគដ៏មានសក្ដានុពល និងកម្លាំងពលកម្មវ័យក្មេង ដែលជាមេដែកទាក់ទាញវិនិយោគិនបរទេសឱ្យមកដាក់ទុនកាន់តែច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ពីការនាំចេញទៅអាម៉េរិកក្រោមក្របខណ្ឌពន្ធថ្មីនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ តុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចលុបចោលពន្ធបដិការចាស់ ប៉ុន្តែប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវពន្ធនាំចូលថ្មីចំនួន១៥% លើប្រទេសនានាទូទាំងពិភពលោក ដែលជាជំហរតឹងរ៉ឹងក្នុងការការពារផលប្រយោជន៍ពាណិជ្ជកម្មអាម៉េរិក។ នៅក្នុងឆ្នាំ២០២៥ កន្លងទៅ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមានទំហំជាង១៣ពាន់លានដុល្លារកើនឡើង២៩%បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញមានទំហំជាង១២ពាន់លានដុល្លារ ខណៈការនាំចូលពីអាម៉េរិកវិញមានប្រមាណ៤១៧លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា