រុយ ស

តើមកទល់ពេលនេះរុយ ស កំពុងវាយលុកដំណាំស្រូវនៅខេត្តណាខ្លះ និងមានស្ថានភាពដូចម្តេច?


អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា មកទល់ពេលនេះរុយ ស កំពុងមានវត្តមាននៅខេត្តចំនួន៤ ប៉ុន្តែពុំទាន់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំកសិកម្មនៅឡើយទេ ខណៈមន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ក្នុងការកម្ចាត់សត្វចង្រៃទាំងនេះ ដើម្បីជួយដល់ដំណាំរបស់កសិករ។ ជាមួយគ្នានេះ មន្ត្រីជំនាញកសិកម្ម ណែនាំឱ្យកសិករត្រូវប្រើប្រាស់ជីបំប៉នលើដំណាំស្រូវ ដែលបានរងបំផ្លាញពីរុយសរួចឱ្យបានទាន់ពេលវេលា ដើម្បីស្តារ និងសង្រ្គោះដំណាំទាំងនោះឡើងវិញ។
រុយ ស
ដោយ
អំពី រុយ ស

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា មកទល់ពេលនេះមន្រ្តីជំនាញកសិកម្មបានប្រទះឃើញវត្តមានរបស់រុយ ស នៅក្នុងខេត្តស្វាយរៀង តាកែវ ព្រៃវែង និងខេត្តពោធិ៍សាត់។ បើតាមអ្នកនាំពាក្យរូបនេះ នៅក្នុងចំណោមខេត្តទាំង៤នេះ គឺខេត្តព្រៃវែងបានរងផលប៉ះពាល់ច្រើនជាងគេ ខណៈខេត្តតាកែវបានធូស្រាលឡើងវិញ និងអាចគ្រប់គ្រងបាន ហើយនៅក្នុងខេត្តពោធិ៍សាត់កំពុងស្ថិតក្នុងទ្រង់ទ្រាយតូច និងកំពុងទប់ស្កាត់ដើម្បីកុំឱ្យមានការរាលដាលដល់បណ្ដាខេត្តផ្សេងៗទៀត។

បើតាមលោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានលើកឡើងថា មកទល់ពេលនេះដំណាំស្រូវកំពុងស្ថិតក្នុងការជួយសង្រ្គោះបាន ខណៈរុយ ស នឹងបាត់វត្តមានទៅវិញនៅពេលណាមានភ្លៀងធ្លាក់ច្រើន។ ទន្ទឹមនឹងនេះ លោក បានណែនាំឱ្យកសិករចាំបាច់ត្រូវប្រើជីបំប៉នលើដំណាំស្រូវដែលរងការបំផ្លាញពីរុយ ស ទៅតាមបច្ចេកទេស ឱ្យទាន់ពេលវេលា ដើម្បីស្តារ និងសង្រ្គោះស្រូវឡើងវិញ។

ដោយឡែកលោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា ដំណាំដំឡូងមីពុំទាន់រងផលប៉ះពាល់ ឬមានការបំផ្លាញពីរុយ ស ដូចដំណាំស្រូវនោះទេ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ប្រសិនបើដំណាំដំឡូងមីរងការវាយប្រហារពីរុយស នោះវានឹងធ្វើឱ្យស្លឹកដំឡូងរួញ ហើយគេពុំអាចយកដើមពូជទៅដាំដុះបន្តទៀតបានឡើយ ដោយសារតែពុំសូវទទួលបានទិន្នផល ហើយផលដែលទទួលបានក៏ពុំសូវមានគុណភាពដែរ។

បើយោងតាមឯកសាររបស់អគ្គនាយកដ្ឋានកសិកម្ម រុយស គឺជាពពួកចុចបឺតជញ្ជក់យករុក្ខរសពីរុក្ខជាតិមកចិញ្ចឹមជីវិត។ វាមានដងខ្លួនស្រទន់ដែលគ្របដណ្តប់ដោយស្លាបពណ៌ស ហើយមានវដ្តជីវិតរយៈពេល១៧-២៤ថ្ងៃ ដោយរុយស ១ក្បាលអាចពងបានពីចន្លោះ១០០-២០០ពង ហើយវាពងផ្នែកខាងក្រោមនៃស្លឹកស្រូវ៕

អត្ថបទ៖ បូ ដូឡា, ឯកសារ

None



អត្ថបទបន្ទាប់


តើបរធនបាលកិច្ចបានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា?

ក្រុមអ្នកជំនាញហិរញ្ញវត្ថុបានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ចមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការចូលរួមចំណែកជួយដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចក…

កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៩០គម្រោងជាមួយទុនជាង៣ពាន់លានដុល្លារនៅឆមាសទី១ឆ្នាំនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣,២ពាន់លានដុល្លារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ